ព័ត៌មានជាតិ
ដំណើរការសំណេរនៃការប្រឡងទុតិយភូមិឆ្នាំ២០២២ បញ្ចប់ដោយរលូន តាមការគ្រោងទុក
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ កម្ពុជាថ្មី ដឹងនៅមុននេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ បានបញ្ចប់ដោយមានការទុកចិត្តខ្ពស់ ប្រកបដោយក្តីសង្ឃឹម។

លោក រស់ សុវាចា បញ្ជាក់ថា៖ “ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនទិដ្ឋភាពទូទៅស្តីពីដំណើរការសំណេរនៃប្រឡងបាក់ឌុបថ្ងៃ៥-៦ ធ្នូ ២០២២ នៅទូទាំងប្រទេស។ ដំណើរការសំណេរនៃការប្រឡងបាក់ឌុបឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ ប្រកបដោយក្តីសង្ឃឹម”។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡាខាងលើ មានប្រសាសន៍ថា ជារួមនៅតាមមណ្ឌលប្រឡងទាំងអស់ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តគោលការណ៍ទាំងបួនគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របនឹងវិធានការសុខភាពសុវត្ថិភាព។ បេក្ខជនប្រឡងសមជាយុវជនមានភាពសាកសមជាពលរដ្ឋល្អ ប្រកបដោយភាពអត់ធ្មត់និងការខិតខំប្រឹងប្រែង និងមានទំនុកចិត្តលើខ្លួនឯង ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គល និងគោរពច្បាប់ចរាចរណ៍។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា៖ “ដោយឡែក នៅតាមមណ្ឌលប្រឡង បេក្ខជនមួយចំនួនតូចមានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងដំណើរការសំណេរទាំងពីរថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមាន អាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន”។

លោក រស់ សុវាចា លើកឡើងថា លទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខនេះ មិនមែនជាទីបញ្ចប់នៃការសិក្សាទេ តែជាចំណុចចាប់ផ្តើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ សូមបេក្ខជនប្រឡងទាំងអស់បន្តផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។ ក្តីសង្ឃឹម ដើរតួនាទីជាអ្នកលើកទឹកចិត្តយើងនៅក្នុងគ្រប់កាលៈទេសៈ។ សូមរក្សាក្តីសង្ឃឹមឱ្យរស់រវើក។

ក្រសួងអប់រំ យុវជន និងកីឡា សូមសំដែងនូវកត្តាញ្ញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស និងគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានបន្តចូលរួមគាំទ្រ និងអនុវត្តបទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់អង្គសារព័ត៌មានទាំងអស់ដែលបាន និងបន្តចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមមានគុណភាពការប្រឡងបាក់ឌុប។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


