ព័ត៌មានជាតិ
កម្មវិធីល្ខោនខ្មែរវគ្គផ្ដាច់ព្រ័ត្ររកឃើញម្ចាស់ជ័យលាភីហើយ ក្នុងរដូវកាលទី១
ឆ្លងកាត់ការប្រកួតប្រជែងដ៏វែងឆ្ងាយ ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបិទបញ្ចប់វគ្គផ្ដាច់ព្រ័ត្រហើយ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ BTV ស្ទឹងមានជ័យ។

វគ្គផ្ដាច់ព្រ័ត្រនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រោយពីការយកចិត្តទុកដាក់ផ្ដល់ពិន្ទុដ៏សុក្រឹតពីសំណាក់គណៈកម្មការមេប្រយោគ គឺលទ្ធផលបានរកឃើញជ័យលាភីទាំង ៣ក្រុម គឺ ជ័យលាភីលេខ១ បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ទទួលបានទឹកប្រាក់ចំនួន ១២លានរៀល ,ជ័យលាភីលេខ២ បានទៅលើក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ទទួលបានទឹកប្រាក់ចំនួន ៨លានរៀល និងជ័យលាភីលេខ៣ បានទៅលើក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ទទួលបានទឹកប្រាក់ចំនួន ៤រៀល។

ទន្ទឹមនេះ នៅក្នុងកម្មវិធីបិទ ក៏មានផ្ទាំងសិល្បៈទស្សនីយភាពនានា ដើម្បីជាការចូលរួមអបអរសាទរជាមួយកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ និងដើម្បីញ៉ាំងឲ្យកម្មវិធីក្នុងវគ្គផ្ដាច់ព្រ័ត្រនេះកាន់តែអធិកអធម និងឱឡារិកផងដែរ។ ទស្សនីយភាពទាំងនេះ រួមមាន៖ របាំកូរសមុទ្រទឹកដោះ សម្ដែងដោយនាដកានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការសម្ដែងពិសេស ល្ខោនខោល និងល្ខោនស្បែកធំ នៃសមាគមសិល្បៈសុវណ្ណភូមិ រឿងរាមកេរ្តិ៍។
សូមបញ្ជាក់ដែរថា កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបែងចែកជា ៩ដំណាក់កាល ដូចជា៖ ១.ដំណាក់កាលផ្សព្វផ្សាយកម្មវិធីល្ខោនខ្មែរ និងកិច្ចសម្ភាសន៍ពិសេសណៈកម្មការទាំង៤ ២.ការដាក់ពាក្យចូលរួមប្រកួត បិទទទួលពាក្យ និងវីដេអូប្រកួត ៣.វគ្គជម្រើសដោយគណៈកម្មការ ៤.វគ្គតម្រង់ទិស ៥.ល្ខោនខ្មែរ វគ្គទី១ និងជំនួបជាមួយគណៈកម្មការ (ការចាប់គ្រូបង្វឹក) ៦.ល្ខោនខ្មែរ វគ្គទី២ ការប្រកួតកូនក្រុមរបស់គណៈកម្មការទាំង៤រូប ៧.ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៨.វគ្គវេទិការបស់ខ្ញុំ ការបោះឆ្នោតរបស់ទស្សនិកជនតាមរយៈវីដេអូរបស់ក្រុមប្រកួតលើទំព័រហ្វេសប៊ុកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលពិន្ទុពីទស្សនិកជនទទួលបាន៤០% និង៦០%ទៀតពីគណៈកម្មការ និងដំណាក់កាលទី៩.វគ្គផ្តាច់ព្រ័ត្រ។

ចាប់តាំងពីវគ្គដំបូងបង្អស់ រហូតដល់ពេលនេះ រាល់ការវិនិច្ឆ័យក្រុមបេក្ខភាពប្រឡងនីមួយៗ ត្រូវបានវាយតម្លៃយ៉ាងសុក្រឹត ដោយគណៈកម្មការមេប្រយោគទាំង ៤រូប ដែលសុទ្ធដឹងជាវីរៈសិល្បករពោរពេញដោយបទពិសោធន៍ និងជំនាញឯកទេសយូរឆ្នាំក្នុងវិស្ស័យសិល្បៈបុរាណខ្មែរ រួមមាន៖ លោកសាស្ដ្រាចារ្យ ព្រឿង ឈៀង លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន លោកស្រីសាស្ដ្រាចារ្យ សុទ្ធ សុម៉ាលី និងលោកស្រីសាស្ត្រាចារ្យ សំ សត្យា។
កម្មវិធីល្ខោនខ្មែរ រដូវកាលទី១នេះ បានរៀបចំឡើងក្នុងគោលបំណងចូលរួមលើកស្ទួយ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញណជាតិ លើកកម្ពស់ និងផ្សព្វផ្សាយអំពីល្ខោនបុរាណចម្រុះរបស់ខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឲ្យកាន់តែច្រើន៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


