ព័ត៌មានជាតិ
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុក
ភ្នំពេញថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) កំពុងសហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីពង្រឹងកំណើនវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជាដែលជាផ្នែកមួយ នៃមហិច្ឆតា«ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ។

ចាប់ពីខែធ្នូឆ្នាំនេះ កម្មវិធីដែលមានរយៈពេល ១៨ ខែ គ្រប់គ្រងដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្ត្ររួមមួយដើម្បីពង្រឹងសមត្ថភាពនៅទូទាំងដំណាក់កាលផ្សេងៗរាប់ចាប់ពីការដាំដុះរហូតដល់ការស្វែងរកទីផ្សារជាមួយនឹងការអនុវត្តកសិកម្ម និងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការពង្រឹងសមត្ថភាពនេះ កសិករកាន់តែច្រើន នឹងមានលទ្ធភាពទទួលបានធនធានដែលពួកគេត្រូវការដើម្បីបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូល។ កម្មវិធីនេះ នឹងចាប់ផ្ដើមជាមួយនឹងកសិករប្រមាណ ១៥០០ នាក់ ដែលជាសមាជិករបស់សហគមន៍កសិកម្មនានានៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
លោកស្រី Anne De Graaf នាយិកាផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា «អង្ករមួយគ្រាប់មានតម្លៃដ៏ធំធេងនៅសង្គមកម្ពុជា រាប់ចាប់ពីការណ៍ដែលយកមកធ្វើជាអាហារមូលដ្ឋានសម្រាប់គ្រប់គ្រួសាររហូតដល់បង្កើតបានជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់។ អង្ករក៏ជាគ្រឿងផ្សំសំខាន់មួយផងដែរ នៅក្នុងស្រាបៀរមួយចំនួនរបស់យើង។ ក្នុងនាមជាអ្នករួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចជាតិ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការងារដោយប្រយោលជាច្រើនដែលយើងគាំទ្រតាមរយៈខ្សែសង្វាក់ នៃផលិតកម្មទាំងមូលរបស់យើង ជាពិសេសកសិកររបស់យើងមានតួនាទីសំខាន់ក្នុងការទ្រទ្រង់វិស័យកសិកម្មនាពេលអនាគត។ តាមរយៈការចាប់ផ្ដើមកម្មវិធីនេះជាមួយអង្គការCPSA យើងសង្ឃឹមថា នឹងធ្វើកិច្ចការកាន់តែច្រើនថែមទៀតក្នុងការគាំទ្រសហគមន៍ជុំវិញយើង ក៏ដូចជាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ដូច្នេះរួមគ្នាយើងអាចធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។
លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ និងអនុវត្តកម្មវិធីដ៏មានតម្លៃនេះ តាមរយៈគោលដៅរួមរបស់យើងក្នុងការបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយបរិយាបន្នឋិតថេរ និងនិរន្តរភាព។ វិស័យស្រូវ គឺជាគន្លឹះចំពោះសេដ្ឋកិច្ចកម្ពុជា ហើយការអនុវត្តកម្មវិធីប្រកបដោយនិរន្តរភាពនេះ គឺជាកត្តាចាំបាច់ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ភាគីដែលពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនាពេលអនាគត»។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់អង្ករក្នុងស្រុក ១០០ ភាគរយ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាគ្រឿងផ្សំផលិតស្រាបៀរមួយចំនួនដូចជា ម៉ាកស្រាបៀរAnchor និង Tiger ជាដើម។ ដើម្បីបង្កើនភាពវិលជុំក្នុងខ្សែសង្វាក់តម្លៃស្រូវដល់កម្រិតអតិបរមា ក្រុមហ៊ុនផលិតស្រាបៀរមួយនេះក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក៏ប្រើប្រាស់អង្កាមដែលនាំយកមកពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករផងដែរ ដើម្បីបង្កើតថាមពលកម្ដៅកកើតឡើងវិញ ១០០ ភាគរយ នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុននៅខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ដែលជារោងចក្រជីវថាមពលដ៏ធំដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយយោងតាមប្រព័ន្ធតិចណូឡូជីរបស់រោងចក្រមួយនេះ។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពឥន្ធនៈ បានប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គដែលត្រូវបានបោះចោលដោយរោងម៉ាស៊ីនកិនស្រូវ និងកសិករទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
មហិច្ឆតារយៈពេលវែង “ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ”របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកកម្ពស់ការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្ដម្ភសំខាន់ៗចំនួនបី គឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ជាមួយនឹងគោលដៅចូលរួមចំណែកឆ្ពោះទៅរកពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


