ព័ត៌មានជាតិ
លោក ស សុខា៖ ក្នុងនាមជាអ្នកសារព័ត៌មានកុំធ្វើឲ្យហួសតួនាទីរបស់ខ្លួន
ក្រោយផ្ទុះការរិះគន់លើលោក សុវណ្ណ រិទ្ធី ដែលធ្វើលើសតួនាទីជាអ្នកសារព័ត៌មាន លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ កុំធ្វើឲ្យហួសដែនសមត្ថកិច្ច។ ជាមួយនឹងការលើកឡើងរបស់លោក ស សុខា បែបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ ខណៈសម្ដេចបានសរសើរចំពោះអ្នកដែលបានជួយយកអាសាគ្នា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេររៀបរាប់យ៉ាងដូច្នេះថា «គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយ ស សុខា។ ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយដែលនេះជាវប្បធម៌ដ៏ល្អនៃជាតិសាសន៍យើង»។

ទាក់ទិននឹងករណីលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី ២៣ ខែមករា កន្លងទៅនេះ លោក ស សុខា បានលើកឡើងដូច្នេះថា «គួរលើកកម្ពស់ ឬបំផុសវប្បធម៌ជួយគ្នា ហើយក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយគ្នាសុំទោស គួរកុំដេញដោលបន្ត»។
ទោះបីយ៉ាងណាក្ដី ដើម្បីការពារខ្លួន ហើយចៀសវាសធ្វើគុណបានទោស លោក ស សុខា ក៏បានជំរុញដល់អ្នកដែល ជួយយកអាសាគេគួរពិនិត្យតាមសភាពជាក់ស្ដែងឲ្យបានច្បាស់ ហើយគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។

ចំពោះអ្នកសារព័ត៌មាន លោក ស សុខា បានផ្ដល់ការណែនាំថា គប្បីប្រកាន់យកតួនាទី ក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ត្រង់ន័យនេះ លោក ស សុខា ជំរុញឲ្យអ្នកសារព័ត៌មានត្រូវផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយមិនអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។
លោកសង្កត់ធ្ងន់ថា ក្នុងនាមអ្នកសារព័ត៌មានមានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឲ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត មានការសម្ភាសទាំងភាគីពាក់ព័ន្ធ អ្នកឃើញហេតុការណ៍ និងសមត្ថកិច្ច រួមទាំងអ្នកដែលស្ទុះទៅលើកម៉ូតូដួលនោះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល