Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ជំរុញអ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់វិជ្ជាជីវៈចៀសវាងផ្សាយព័ត៌មានមិនពិត

បានផុស

នៅ

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានជំរុញដល់អ្នកសារព័ត៌មានដែលកំពុងបម្រើការក្នុង​មូលដ្ឋានខេត្តទាំង​អស់ ចូលរួមគោរពច្បាប់ និងប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងសេចក្ដីថ្លៃ​ថ្នូរខ្ពស់ ជាពិសេសនៅពេលឡាយផ្ទាល់នៅលើបណ្ដាញសង្គម សូមចៀសវាងឲ្យបាន​នូវការផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិតជាការវាយប្រហារ មូលបង្កាច់លើកដាក់ភាគីម្ខាងៗ ដោយត្រូវគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “កុំបំពាន​សិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” និង “ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដ៏ទៃ”ជាដើម ។ លោក​អភិបាល​ខេត្តថ្លែង​បែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន មកពីតាម​បណ្តា​អង្គភាព​ផ្សេងៗគ្នាជាង១០០នាក់ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី ១៤ ខែ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះលោក ម៉ែន វិបុល បានថ្លែងរំលេចថា ការជួបជុំគ្នានាពេលនេះគឺធ្វើឡើងចំថ្ងៃ១៤កុម្ភៈ ដែលជា​ថ្ងៃទិវានៃក្តីស្រលាញ់ អាចចាត់ទុកថា ការជួបជុំនាពេលនេះបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នា រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មាន ដើម្បីបង្កើននូវភាព ស្និទ្ធស្នាល រវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង។

លោក ក៏បានអរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងមកនេះ បានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាព នៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ជាពិសេសនៅក្នុងបរិបទកូវីដ ១៩  ដែលអ្នកសារព័ត៌មាន បានជួយ​ផ្សព្វផ្សាយ​ពីវិធានការការពារ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់ និងជំរុញឲ្យប្រជា​ពលរដ្ឋទៅ​ចាក់វ៉ាក់សាំង​ជាដើម ។

លោកបានបញ្ជាក់ថា ជាការពិតណាស់ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ជាអ្នក នាំសារពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធបានដឹង ខណៈ​ដែលកន្លងមក យើងអាចដោះស្រាយការងារបានជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈ​សារដែលទទួលបានពីបណ្ដាញសារព័ត៌មានអនឡាញ និងបណ្ដាញសង្គមនានា ជាច្រើនទៀត​ផងដែរ​។                                                                                          

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កន្លងមកមានអ្នកព័ត៌មានមួយចំនួនតូចបានចុះផ្សព្វផ្សាយព័ត៌មាន ដែលមិនមានលក្ខណៈគ្រប់គ្រាន់ មិនបានធ្វើការសួរនាំមកអង្គភាពសាម៉ី ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការ​បកស្រាយនោះទេ ដូច្នេះសូមសំណូមពរឲ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះពោលគឺ មុននឹងចុះ​ផ្សព្វផ្សាយអ្វីមួយសូមទំនាក់ទំនងមកកាន់អាជ្ញាធរខេត្ត  ឬទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ  ដើម្បីចៀស​វាងការចុះផ្សាយព័ត៌មានមិនគ្រប់  ជ្រុងជ្រោយ។

ជាមួយនេះ លោកក៏បានស្នើដល់ប្រធានមន្ទីរ-អង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវចាត់ទុកអ្នកសារព័ត៌មាន​ជាដៃគូមិនអាចខ្វះបាន មិនត្រូវចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះទេ ដោយឈរលើស្មារតីរួមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ដែលគោល​ដៅរួមគឺការផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋគ្រប់ៗគ្ន៕

ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម