Connect with us

ព័ត៌មានជាតិ

លោក សៅ សុខា ពីយុទ្ធជនក្នុងសម័យសង្គ្រាម ក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថដ៏ពូកែ

បានផុស

នៅ

កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ មានស្វ័យភាពក្នុងកិច្ចការអនុវត្តច្បាប់ និងមានសកម្មភាពជានគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ចអនុវត្តទៅលើប្រជាពលរដ្ឋស៊ីវិល រួមទាំងមន្ត្រីយោធានៃកងយោធពលខេមរភូមិន្ទ។ បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ស្ថិតក្រោមការដឹកនាំដោយលោកនាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តើលោកនាយឧត្តមសេនីយ៍ សៅ សុខា មានប្រវត្តិយ៉ាងណាពាក់ព័ន្ធនឹងកិច្ចការក្នុងជួរកងទ័ព?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើត​នៅខែវិច្ឆិកា ឆ្នាំ១៩៦១ លោក សៅ សុខា មានទីកំណើតស្ថិតនៅស្រុកស្វាយទាប ខេត្ត​ស្វាយរៀង ដែលមាន​ឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ រួមទាំងមានបងប្អូនបង្កើតចំនួន ៥នាក់ (លោកជាកូនច្បង)។ ប៉ុន្តែជាអកុសល ទាំងម្ដាយឪពុក និងប្អូនៗរបស់លោកទាំងអស់បានស្លាប់នៅក្នុងរបបខ្មែរក្រហម ដែលធ្វើឲ្យលោក សៅ សុខា ក្លាយជាកូនកំព្រារស់នៅតែម្នាក់ឯង។

នៅអំឡុងខែកក្កដា ឆ្នាំ១៩៧៨ ក្នុងវ័យទើបតែ១៧ឆ្នាំប៉ុណ្ណោះ លោក សៅ សុខា បានចាប់ផ្ដើមចូល​បម្រើក្នុងជួរកងទ័ព ដែលជា​អ្នកនាំសារនៅ​​អង្គភាពទ័ពលេខ៥៧៨។ ក្នុងនាមជាយុទ្ធជនក្នុងសម័យសង្គ្រាម លោក សៅ សុខា បានទទួលកិច្ចការជាបន្តបន្ទាប់ ជាអាទិ៍ នៅចន្លោះឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩ លោកធ្វើជាប្រធាន​កងអនុសេនាតូច ហើយក្រោយ មកឡើងជាប្រធាន​កងអនុ​សេនាធំនៃវរសេនាតូច​លេខ១០ និងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ លោកធ្វើជាជំនួយការ​យុវជននៃកងពលលេខ១។

លុះដល់ឆ្នាំ១៩៨១ ក្រោយការរំដោះកម្ពុជាពីរបបប៉ុលពត លោក សៅ សុខា ក៏បានទៅរៀននៅប្រទេសវៀតណាម ក្នុងវគ្គបណ្ដុះបណ្ដាល​ផ្នែកវិទ្យាសាស្រ្ដ​នយោបាយ និងរដ្ឋបាល​សាធារណៈ។ ក្រោយចប់វគ្គបណ្ដុះបណ្ដាលនៅវៀតណាម ក្នុងឆ្នាំ១៩៨៣ លោក សៅ សុខា បានវិលមកប្រទេសកម្ពុជាវិញ ហើយកាន់តួនាទីជាប្រធាន​មន្ទីរយុវជន​កងទ័ព​នៅស្នងការ​ចាត់តាំង​នៃអគ្គស្នងការ​នយោបាយ។ អំឡុងពេលដែលកាន់តួនាទីជាប្រធាន​មន្ទីរយុវជននេះ លោកត្រូវបានរដ្ឋបញ្ជូនឲ្យទៅរៀនវគ្គបណ្ដុះបណ្ដាល​វិទ្យាសាស្រ្ដ​នយោបាយ និងរដ្ឋបាល​សាធារណៈ ជាថ្មីម្ដងទៀត គឺនៅសហភាពសូវៀត (ប្រទេសរុស្ស៊ី) រយៈពេលមួយឆ្នាំ។

លោក សៅ សុខា បានចាប់ផ្ដើមវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ក្នុងនាមជាយុទ្ធជនដ៏វ័យក្មេង ដោយក្នុងនោះ លោកត្រូវបានរដ្ឋជ្រើសរើសឲ្យធ្វើជាអនុ​ស្នងការ​ចាត់តាំងនៃអគ្គស្នងការ​នយោបាយ និងជាប្រធាន​ក្រុម​យោធា​ចម្រុះនៃភាគី​រដ្ឋកម្ពុជាប្រចាំ​ទិស​ខេត្ត​កំពង់ធំ។ ក្រោយការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣ កងរាជអាវុធហត្ថ ក៏បានបង្កើតឡើង ដែលពេលនោះ លោក សៅ សុខា ធ្វើជាមេបញ្ជាការ​រង និងនៅឆ្នាំ១៩៩៩ លោកត្រូវបានដំឡើងជាមេបញ្ជាការនៃកងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស រហូតដល់សព្វថ្ងៃនេះ។

ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈពេលប្រមាណ២៤ឆ្នាំមកនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានកសាង និងអភិវឌ្ឍន៍កម្លាំងកងរាជអាវុធហត្ថ ទៅជាកម្លាំងស្នូលដ៏សំខាន់ក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានចូលរួមចំណែកអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាច្រើន តាមរយៈការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ការងារមនុស្សធម៌ ជាពិសេសចូលរួម ទប់ស្កាត់រាល់បទល្មើសនានា ដូចជា បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម