ព័ត៌មានជាតិ
មន្ត្រីរាជការនារីនៅសាលារាជធានី ជាប្រតិបត្តិករជួរមុខ ផ្តល់សេវាសាធារណៈយ៉ាងសកម្ម
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារីចំនួន ៩៤នាក់ ដែលបាន និងកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

ការលើកឡើងនេះ ធ្វើឡើង ខណៈលោក និងលោកស្រី ព្រមទាំង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ច អភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទមួយ មានគោលបំណងរំលេចពីតម្លៃសុខសន្តិភាព ដែលនាំឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងជា សារបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ គាំពារ ថែរក្សា លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូននារី ដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការ ស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ។

លោក ឃួង ស្រេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលបងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ច ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ យុទ្ធនាការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេង។

លោក ឃួង ស្រេង បានបន្តថា ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងក្នុងគោលបំណងរំលឹកវិញនូវគំរូវីរភាពរបស់បងប្អូននារី ដែលបានតស៊ូរើបម្រះ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួនចេញផុតពីការជិះជាន់ និងការរើសអើងនៅក្នុងសង្គម រហូតសម្រេចបានជោគជ័យ ទទួលបានសិទ្ធិ-សេរីភាព នឹងបានធ្វើឱ្យមានសមភាពរវាងបុរស និងស្ត្រីទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ បច្ចុប្បន្ននេះ នារីនៅតជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន។

លោក ឃួង ស្រេង បានបញ្ជាក់ថា នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌសរុបចំនួន ២៨១នាក់ ក្នុងនោះ នារីមានចំនួន ៩៤នាក់ ស្មើនឹង ៣៣,៥% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី ចំនួន ៥រូប, អភិបាលរងរាជធានី ជានារី ចំនួន ១រូប, នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជានារី ចំនួន ៣រូប, អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជានារី ១រូប, នាយិកា-នាយិការងទីចាត់ការ-អង្គភាព ចំនួន ៧រូប និងថ្នាក់ការិយាល័យ ជានារី មានចំនួន ២៥រូប ដែលកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

លោកបានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយ បញ្ហាស្រ្តីមានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


