Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បន្តវាយប្រហារយ៉ាងចាស់ដៃ លើអ៊ីរ៉ង់ ខណៈ ត្រាំ ព្រមានថា បើអ៊ីរ៉ង់ ហ៊ានវាយ១ អាមេរិក នឹងសងវិញ២០

បានផុស

នៅ

សហរដ្ឋអាមេរិក បានបើកការវាយប្រហារយ៉ាងចាស់ដៃ ថ្មីទៀត លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងបណ្តោះអាសន្នគឺ «រលាយហើយ» និងថែមទាំងគំរាមទៀតថា ថ្ងៃមុខ បើអ៊ីរ៉ង់ហានវ៉ៃ១ អាមេរិកនឹងសងវិញ ២០។

(រូប៖ Reuters)

តាមការផ្សាយរបស់ CBC នៅថ្ងៃព្រហស្បតិ៍ទី៩ ខែកក្កដា ឆ្នាំ២០២៦, កងទ័ពអាមេរិក បានបើកការវាយប្រហារនៅឆ្នេរភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលជាតំបន់យុទ្ធសាស្រ្ត រួមមានកំពង់ផែធំៗ ដូចជា Bandar Abbas ដែលជាមូលដ្ឋានទ័ពជើងទឹក និងភស្តុភារដ៏សំខាន់។

ពាក់ព័ន្ធរឿងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះក្នុងតំបន់ Konarak និង Chabahar ព្រមទាំងនៅកោះ Abu Musa ក្នុងឈូងសមុទ្រពែរ្ស ហើយមានការដាច់ចរន្តអគ្គិសនី ទ្រង់ទ្រាយធំ។

ការវាយប្រហារនេះ ត្រូវបានអាមេរិក បញ្ជាក់យ៉ាងច្បាស់ថា គឺដើម្បីបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់ ឈប់ឲ្យពួកគេគំរាមកំហែង ដល់ការធ្វើចរាចរណ៍ផ្លូវទឹក នៅច្រកសមុទ្រ Hormuz ទៀត។

(រូប៖ Reuters)

កាលពីថ្ងៃពុធ បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) ក៏ប្រកាសពីការទម្លាក់គ្រាប់បែក «មួយទំហឹង» នៅភាគខាងត្បូងនោះដែរ ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាស, ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ, ទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស, ទីតាំងមីស៊ីលគ្រូសប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះដ្រូន សងសឹកចំពោះការដែលអ៊ីរ៉ង់ បាញ់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿង ក្នុងច្រក Hormuz។

ថ្លែងនៅលើយន្តហោះ Air Force One លោកត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងទើបតែបានវាយប្រហារពួកគេយ៉ាងចាស់ដៃ ហើយខ្ញុំចង់និយាយថា យើងវាយបកពួកគេ ក្នុងសមាមាត្រ ២០ ទល់នឹង ១។ រាល់ពេលដែល ពួកគេវាយប្រហារយើង១ យើងនឹងវាយបកពួកគេវិញ ២០»។

(រូប៖ Reuters)

មុននេះ លោក ត្រាំ​ ប្រកាសក្នុងកិច្ច​ប្រជុំកំពូលអង្គការ​ណា​តូ​ នៅ​ទី​ក្រុង​អង់​ការ៉ា​ ប្រទេសតួកគី ថា៖ MoU ជាមួយអ៊ីរ៉ង់ «រលាយ» ហើយ និងហៅមេដឹកនាំអ៊ីរ៉ង់ ថា «ជំងឺមហារីក» ទៀតផង។

លោកអះអាង​ថា៖ «សហរដ្ឋអាមេរិក​កំពុងខ្ជះខ្ជាយ​ពេលវេលា ​និយាយ​ជាមួយអ៊ីរ៉ង់ ហើយអាមេរិក​ក៏​​គ្រោង​​ប្រើ​ប្រាស់​កម្លាំង​យោធា​ ជំនួស​ឲ្យ​ការព្យាយាម​ផ្នែក​ការទូតដែរ​។ យើងត្រូវតែកម្ចាត់​ជំងឺមហារីករបស់ពួកគេ ហើយ​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​ គឺ​យើង​ត្រូវ​តែកាត់​ដុំសាច់មហារីកឲ្យបាន​ឆាប់»៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម