ព័ត៌មានជាតិ
ខេត្តសៀមរាបបង្កើតកន្លែងកម្សាន្ដ«ភូមិខ្ញុំ» ដើម្បីអបអរខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ
កម្មវិធី «ភូមិខ្ញុំ» នៃព្រឹត្ដិការណ៍អង្គរដែលបានរៀបចំឡើងដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ បានឃើញ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។

កម្មវិធី «ភូមិខ្ញុំ» នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ភូមិខ្ញុំ ភូមិសុខសាន្ត” ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង២០០ម៉ែត្រ និងទទឹងពីកើតទៅលិចប្រវែង៦០ម៉ែត្រ។ ភូមិខ្ញុំ បែរមុខទៅទិសខាងលិចទល់នឹង ប្រាសាទភិមានអាកាស មានខ្លោងទ្វារពីរខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញ។ នៅក្នុងភូមិនឹងរៀបចំតំបន់តាំងបង្ហាញនូវពិព័រណ៍អនុស្សាវរីយ៍រម្លឹកខួប១០ឆ្នាំនៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្តដែលមានវត្ថុយក្សជាច្រើនដូចជា អង្រុតយក្ស ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុកនិងពងមាន់យក្ស គោមមផ្កាយយក្ស និងបំពង់ទឹកត្នោតយក្ស។ នៅកណ្តាលតំបន់នេះនឹងមានសាងសង់រោងធំ សមរម្យមួយ ដើម្បីដាំរូបថតរម្លឹកខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារអាចស្នាក់នៅពេលបំពេញការងារផងដែរ។

កម្មវិធី«ភូមិខ្ញុំ» មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរដែលមានលក់ម្ហូប អាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ។ ជាងនេះទៅទៀត ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក នៅចំកណ្តាលភូមិនឹងរៀបចំរូបទន្សាយយក្ស តុបតែងលម្អដោយគោមភ្លើង ផ្កាភ្ញី និងទង់ជ្វាលាផ្សេងៗ។
បើតាមអ្នកមើលការខុសត្រូវនៅការដ្ឋានសាងសង់សំណង់កម្មវិធី ភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ បានប្រាប់កម្ពុជាថ្មីយើងថា មកដល់ពេលនេះ សំណង់សម្រេចបានប្រមាណជា៨០ភាគរយ ដែលគ្រោងនឹងតុបតែងលម្អរតាមរបែបបទនៃកម្មវិធីនៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខ ខណៈដែលព្រឹត្ដិការណ៍ខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គ្រាន្ដនឹងចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣មុខនេះ។

ក្រុមការងារសាងសង់ក៏បានបញ្ជាក់ថា នៅទីលានប្រាសាទជល់ដំរី នៃក្រុងអង្គរធំ ក៏មានកម្មវិធីជាច្រើនទៀត រួមមានកម្មវិធី “នេះមិនមែនជាសុបិន”កម្មវិធីនេះជាកម្មវិធីផ្ដល់នូវការគាំទ្រ និងជួយស្វែងរកសមាជិកក្រុមគ្រួសារបស់ប្រជាជនខ្មែរ ដែលបែកបាក់គ្នាក្នុងអំឡុងពេលសង្គ្រាម ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន។ កម្មវិធីបានបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ជាពិសេសស្របពេលនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរតែងតែជួបជុំបងប្អូនពីទីជិតទីឆ្ងាយ។
កម្មវិធី ”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើងក្នុងខ្លឹមសារអបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន។

កម្មវិធី ”សួនមុនីហទ័យ” កម្មវិធីសួនមុនីហទ័យ គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងអត្តន័យប្រមូលផ្តុំនូវសារៈសំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្បៈ ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ ក្នុងគោលបំណងបង្កើតបរិយាកាសជូនអ្នកចូលរួមឱ្យបានយល់ច្បាស់អំពីភាពថ្កើនថ្កាននៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ភាពទន់ភ្លន់ និងស្នាមញញឹមដ៏ថ្លៃថ្នូរប្រកបដោយភាពជឿជាក់ ជាពិសេសការផ្សារភ្ជាប់នូវក្តីស្រមៃ និងក្តីសង្ឃឹម និងភក្តីភាព របស់ប្រជាជនខ្មែរដែលមិនអាចបំភ្លេចបាន។ ដោយឡែកកម្មវិធី ”ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣”កម្មវិធីនេះជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” និងដើម្បីជាការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់រូបក្នុងការលើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែប និងសក្តានុពលរបស់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ៕
អត្ថបទ៖ គឿនវេត

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


