ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចនៅរោងចក្រសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅរោងចក្រសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារស្តង់ដារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា, ឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ឯកឧត្ដម-លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមទីប្រឹក្សា ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាល លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាលរង នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ីភីជាច្រើនរូប។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្ដម ម៉ម ប៊ុននាង ឯកឧត្ដម គង់ សារាជ និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្ដីពីសន្តិសុខស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។

ក្នុងកិច្ចសន្ទនានេះ អង្គប្រជុំបានពិភាក្សាពីសក្ដានុពល នៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីវកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឲ្យមានតុល្យភាព នៃសេចក្ដីត្រូវការ នៃផលិតផលសាច់ជ្រូកក្នុងស្រុកជាមួយផលិតកម្មក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូលទិញកសិផលមួយចំនួនសម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុន នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន ៖
(១).ពង្រីកវិសាលភាព នៃគម្រោងលើកកម្ពស់ការចិញ្ចឹមជ្រូក ដើម្បីសន្តិសុខស្បៀងក្នុងប្រទេស
(២).បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ
(៣).លើកកម្ពស់គុណភាពចំណីសត្វ ការចិញ្ចឹមសត្វ រួមទាំងកន្លែងសត្តឃាតជ្រូក និងមាន់ ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ ស្របតាមគោលការណ៍សុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់ និងប្រជាជន ព្រមទាំងពង្រីកឱកាសក្នុងការចូលទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស ឲ្យបានកាន់តែទូលំទូលាយ និងមានចីរភាព
(៤).បង្កើនសហប្រតិបត្តិការឲ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តគោលដៅ ដើម្បីរៀបចំផែនការប្រមូលទិញវត្ថុធាតុដើម សម្រាប់ចំណីសត្វ ព្រមទាំងតាមដាន និងទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃ នៃផលិតផលកសិកម្មនានា។
លោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភី រីករាយក្នុងការសហការជាមួយនឹងរដ្ឋាភិបាលក្នុងការជំរុញស្តង់ដារការផលិតចំណីអាហារគុណភាព និងធ្វើឲ្យមានបរិមាណគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារ ព្រមទាំងលើកកម្ពស់កសិករ ផ្ដល់ព័ត៌មាន និងចំណេះដឹងបន្ថែមអំពីផលិតផលចំណីអាហារអនាម័យដ៏ត្រឹមត្រូវជូនប្រជាជនកម្ពុជា។

លោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបន្ថែមទៀតថា រោងចក្រសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារស្តង់ដារនេះជារោងចក្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនបានជ្រើសរើសយកសត្វជ្រូកមកពីកសិដ្ឋាន ចិញ្ចឹមមានស្តង់ដារត្រឹមត្រូវ មានការដំណើរការបម្លែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប និងមានការត្រួតពិនិត្យគុណភាពសាច់តាំងពីកសិដ្ឋានរហូតដល់ដៃអតិថិជន ដើម្បីឲ្យប្រជាជនកម្ពុជាទទួលទានសាច់ជ្រូកដែលមានគុណភាព ស្រស់ អនាម័យ មានសុវត្ថិភាព ហើយថែមទាំងក្នុងតម្លៃសមរម្យ។

លើសពីនេះទៅទៀត រដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទស្សនាការតាំងពិព័រណ៍ ព្រមទាំងស្តាប់ការពន្យល់ពីទិដ្ឋភាពរួម នៃអាជីវកម្មរបស់ក្រុមហ៊ុនស៊ីភី ដោយចាប់ផ្ដើមទស្សនាពី អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មកែច្នៃចំណីអាហារ និងអាជីវកម្មបហ្វ្រែនឆាយផងដែរ។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង ៣ ប្រការ ដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ជាចុងក្រោយ ក្រុមហ៊ុនស៊ី.ភី នឹងបន្តបង្កើនសហប្រតិបត្តិការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីជាផ្នែកមួយ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងការផលិតស្បៀងអាហារប្រកបដោយនិរន្តរភាព”គិតដល់សាច់ជ្រូកអនាម័យ នឹកដល់ស៊ីភី”៕












-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន