ជីវិតកម្សាន្ដ
លោក ទីវ តារារិទ្ធ សោកស្តាយ ក្រោយឃើញក្រុមហ៊ុនធំៗមួយចំនួន ឧបត្ថម្ភមាតិកាលេងសើចខ្វះគុណតម្លៃ
ក្រោយវិលត្រឡប់ពីដំណើរជិះកង់ផ្សងព្រេង លោក ទីវ តារារិទ្ធ បានបង្ហាញក្តីបារម្ភជាខ្លាំងចំពោះនិន្នាការមាតិកាឌីជីថលនៅកម្ពុជា បន្ទាប់ពីសង្កេតឃើញថា មាតិកាបែបលេងសើច ខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈ កំពុងទទួលបានការគាំទ្រ និងឧបត្ថម្ភពីក្រុមហ៊ុនធំៗ។ ផ្ទុយទៅវិញ អ្នកផលិតមាតិកាប្រកបដោយគុណភាព និងផ្តល់ប្រយោជន៍ដល់សង្គម ហាក់កំពុងបាត់បង់ឱកាសបន្តិចម្តងៗ។

តាមរយៈការសារលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ទីវ តារារិទ្ធ បានរៀបរាប់ថា រឿងដែលលោកចាប់អារម្មណ៍បំផុត គឺការផលិតមាតិកា ឬខ្លឹមសារបែបឌីជីថលជាលក្ខណៈលេងសើចច្រើន ហើយប្រាស់ចាកពីក្រមសីលធម៌ និងគ្មានវិជ្ជាជីវៈ ហើយរឿងដែលមិនគួរឲ្យជឿនោះ គឺក្រុមហ៊ុនធំជាច្រើននៅកម្ពុជា កំពុងសហការ និងឧបត្ថម្ភសកម្មភាពទាំងអស់នោះ ។
លោកបានសម្តែងការសោកស្តាយជាខ្លាំង ពិសេសគឺនៅពេលក្រុមហ៊ុនធំៗជាច្រើនកំពុងចំណាយថវិកាឧបត្ថម្ភលើមាតិកាបែបនេះ ស្របពេលសង្គមកម្ពុជានៅមានបញ្ហាជាច្រើនដែលត្រូវការការយកចិត្តទុកដាក់។ ប៉ុន្តែបើក្រឡេកមើលសកម្មភាពជាក់ស្តែង បែរជាផុសផុលផលិតមាតិកាដែលគ្មានគុណតម្លៃដល់សង្គម និងសាធារណជនទៅវិញ។ ហើយអ្វីដែលកាន់តែមិនគួរឱ្យជឿសម្រាប់លោក ការលេងសើចមិនសមរម្យទាំងនោះ មានក្រុមហ៊ុនធំៗជាច្រើនចំណាយថវិកាឧបត្ថម្ភថែមទៀត។
លោកជឿថា ការគាំទ្របែបនេះ នឹងអាចធ្វើឱ្យអ្នកផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ និងអ្នកដែលខិតខំបង្កើតខ្លឹមសារដែលមានប្រយោជន៍ដល់សង្គម ប្រឈមនឹងការបាត់បង់ឱកាសកាន់តែច្រើន។

ក្រោយការលើកឡើងនេះ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិគាំទ្រ និងយល់ស្របថា មាតិកាដែលមានគុណភាព និងផ្តល់ចំណេះដឹង គួរតែទទួលបានការលើកទឹកចិត្ត និងការគាំទ្របន្ថែមពីស្ថាប័ន និងក្រុមហ៊ុនឯកជន។
ជាមួយគ្នានេះ លោក ទីវ តារារិទ្ធ បានសម្តែងក្តីសង្ឃឹមថា និន្នាការនៃការផលិត និងការគាំទ្រមាតិកាឌីជីថលនៅកម្ពុជា នឹងអាចផ្លាស់ប្តូរទៅក្នុងទិសដៅវិជ្ជមាន ដោយផ្តល់តម្លៃកាន់តែច្រើនដល់ខ្លឹមសារដែលរួមចំណែកអភិវឌ្ឍសង្គម អប់រំ និងលើកកម្ពស់ប្រយោជន៍សាធារណៈ ជាជាងផ្តោតលើមាតិកាកម្សាន្តដែលគ្មានតម្លៃជាសារសំខាន់៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


