ព័ត៌មានជាតិ
ក្រសួង ក្រើនរំលឹកឲ្យគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ជ្រើសរើសសិស្សពូកែ ដើម្បីត្រៀមប្រឡងថ្នាក់ជាតិ នៅខែមិថុនាខាងមុខ
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ និងក្រើនរំលឹកដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងឯកជនប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត របស់ខ្លួន ដើម្បីត្រៀមចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស ដែលនឹងប្រព្រឹត្តិទៅនៅខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។

ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍ទី ១ ខែមេសា ដើម្បីដណ្ដើមជ័យលាភីថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ ក្នុងតារាងបែងចែកជូនភ្ជាប់មកជាមួយនេះ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។

ជាមួយគ្នានេះដែរ មន្ទីរអប់រំ រាជធានី ខេត្ត ត្រូវបែងចែកចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត ទៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាត្រចំនួនសិស្សជាក់ស្ដែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។ ចំពោះគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជនដែលមាន សិស្សតិចជាង ១០០ នាក់ ត្រូវផ្ដល់ចំនួនបេក្ខជនយ៉ាងតិច ០១ នាក់ ក្នុងមួយមុខវិជ្ជា ក្នុងមួយកម្រិតថ្នាក់ ប៉ុន្តែករណីនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជននោះ ត្រូវបង់ថវិកាចំនួន ៤ ម៉ឺនរៀល ក្នុងបេក្ខជន ០១ នាក់ ជូនមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដើម្បីរៀបចំការប្រឡង។

ក្រសួង បានបន្តថា ប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ជាសមត្ថកិច្ចរបស់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្តសាមី គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ត្រូវផ្ញើសំណេរប្រធានវិញ្ញាសា និងអត្រាកំណែ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ដែលមានរយៈពេល ៣ ម៉ោង និងវប្បធម៌ទូទៅ មានរយៈពេល ២ ម៉ោង ថ្នាក់ទី ៩ និងថ្នាក់ទី ១២ មកមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំប្រធានវិញ្ញាសា។

គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ