ព័ត៌មានជាតិ
ពលរដ្ឋឃុំថ្មស ខេត្តកោះកុង ខ្វះខាតទឹកស្អាតប្រើប្រាស់ជិត ២ខែ
ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់ជិត ២ខែ ខណៈប្រភពអាងទឹករីងស្ងួតហែង។ គិតចាប់តាំងថ្ងៃដើមខែមេសា រហូតដល់ដើមខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋភូមិថ្មស រងគ្រោះគ្មានទឹកប្រើប្រាស់ដូចសព្វដង ទោះបីជាជិតដល់ខែរដូវវស្សាយ៉ាងណាក្តី ក៏ផលលំបាកពុំមានទឹកគ្រប់គ្រាន់បានជិះឥទ្ធិពលដល់ការរស់នៅ និងការប្រកបអាជីវកម្ម ដោយតម្រូវអ្នកខ្វះខាត រត់ទៅត្រងទឹកនៅតាមខ្នងផ្ទះដែលមានទឹកទៅវិញ។

អ្នកស្រី អូច ចាន់ថន និងលោក ធារ៉ា ជាពលរដ្ឋភូមិថ្មស បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ថា នៅពេលគ្មានទឹកប្រើប្រាស់ដូច្នេះ តម្រូវឱ្យពលរដ្ឋចំណាយថវិកាពី ៣០០០រៀល ទៅ ៥០០០រៀល ទិញទឹកសុទ្ធយកមកដាំស្ល ឬងូត រីខ្លះទៀត ធ្វើដំណើរឆ្ងាយពីផ្ទះទៅត្រងទឹកនៅផ្ទះពលរដ្ឋដែលមានទឹកជាដើម។

តំណាងពលរដ្ឋ ស្នើសុំឱ្យដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញ មេត្តាពន្លឿនការដោះស្រាយឱ្យទឹកប្រើប្រាស់ឡើងវិញឆាប់រហ័ស ពុំនោះជីវភាពរស់នៅរបស់ពួកគាត់កាន់តែលំបាកធ្ងន់ធ្ងរ គ្រាទើបងើបវិបត្តិជំងឺកូវីដ-១៩។

លោក ខ្លឹម គគីរ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបំភ្លឺថា លោកបានដឹងរឿងខ្វះខាតទឹកស្អាតនេះហើយ ដោយលោកបានចុះពិនិត្យដល់ទីតាំងអាងទឹករបស់អាជីវករ ឈ្មោះ ហុង មុំ ទៀតផង។ ជាក់ស្តែងឆ្នាំ២០២៣ មានអាកាសធាតុប្រែប្រួលខ្លាំង ធ្វើឱ្យប្រភពទឹកដែលធ្លាប់មាន ប្រែជារីងហួតហែងអស់ ទោះបីជាដាក់ម៉ាស៊ីនបូមពីក្នុងដីក៏ដោយ។

លោក ខ្លឹម គគីរ អះអាងថា លោកបានណែនាំដល់ លោកស្រី ហុង មុំ អាជីវករទឹកស្អាតនៅឃុំថ្មស ត្រូវជីកពង្រីកអាងទឹកឱ្យធំជាងបច្ចុប្បន្ន ដើម្បីពេលមានភ្លៀងធ្លាក់មកអាចស្តុកទឹកបានច្រើន ចែកចាយទៅកាន់ប្រជាពលរដ្ឋខ្វះខាត។ ទន្ទឹមនោះ លោកក៏ជំរុញឱ្យ អ្នកស្រី ហុង មុំ ចេញលិខិតជូនដំណឹង អំពី ការខ្វះខាតទឹកប្រើប្រាស់ទៅកាន់ប្រជាពលរដ្ឋ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋប្រើប្រាស់សំន្សំសំចៃ ពេលកំពុងរងគ្រោះធម្មជាតិ។

លោកស្រី ហុង មុំ ជាអាជីវករចែកចាយទឹកស្អាតនៅឃុំថ្មស មិនអាចសុំការពន្យល់បន្ថែមបានទេពីវិធានការដោះស្រាយវិបត្តិគ្មានទឹកស្អាតប្រើប្រាស់នៅពេលនេះ ដោយមិនមានអ្នកទទួលការហៅចូលទូរសព្ទ ទោះបីអ្នកយកព័ត៌មានព្យាយាម ហៅទូរសព្ទច្រើនដងក្តី។

ចំណែក លោក ក្រួច បូរី សីហា អភិបាលស្រុកបូទុមសាគរ ធ្លាប់លើកឡើងថា លោកបានណែនាំដល់អាជ្ញាធរឃុំថ្មស ធ្វើយ៉ាងណាជួយស្វែងរកប្រភពទឹកជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ឡើងវិញ ដោះស្រាយគ្រាមានអាសន្នបែបនេះ ទំរាំរដូវវស្សាចូលមកដល់។ លោកបន្ថែមថា អាជ្ញាធរភូមិ និងឃុំថ្មស បានប្រកាសឱ្យប្រជាពលរដ្ឋគ្មានទឹកប្រើអាចមកទទួលនៅតាមមណ្ឌលសុខភាព ឬតាមខ្នងផ្ទះដែលមានប្រើជំនួសសិន ហើយសុំការយោគយល់ទំរាំមានដំណោះស្រាយថ្មី៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា