ព័ត៌មានជាតិ
ការដ្ឋានផ្លូវជាតិលេខ ៤៨ កោះកុង សម្រេចបានជាង ២៥ ភាគរយហើយ
គម្រោងស្ថាបនាផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង សម្រេចបានជាង ២៥ ភាគរយហើយ បើគិតត្រឹមបំណាច់ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងក្រុមការងារសាងសង់ បានពិនិត្យ និងបង្ហាញពីលទ្ធផលសម្រេចបានពីគម្រោងស្ថាបនាផ្លូវជាតិលេខ ៤៨។

ថ្លែងក្រោយបញ្ចប់ទស្សនកិច្ចពិនិត្យស្ថានភាពជាក់ស្ដែងទីតាំងសំខាន់ នៃកំណាត់ផ្លូវជាតិលេខ ៤៨ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឲ្យដឹងកាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ថា ផ្លូវជាតិលេខ ៤៨ នេះ បានចាប់ផ្ដើមដំណើរការសាងសង់តាំងពីខែមករា ឆ្នាំ ២០២២ ម្ល៉េះ ដូច្នេះចង់ដឹងពីវឌ្ឍនៈរបស់គម្រោង លោកស្រី មិថុនា ភូថង ក៏ចុះពិនិត្យទីតាំងធំចំនួន ៥ កន្លែង ចាប់ពីស្រុកស្រែអំបិល រហូតដល់ចំណុចអូរស្រណោះ ក្រុងខេមរភូមិន្ទ។

លោកស្រីអភិបាលរងខេត្ត បន្ថែមទៀតថា គិតត្រឹមខែមេសា កន្លងទៅ ក្រុមការងារស្ថាបនាសម្រេចបាន ២៥.៥៧ ភាគរយហើយ លើការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយបច្ចុប្បន្នកំពុងពន្លឿនការងារបន្ថែមតំបន់ផ្លូវកោង ឬចុះចំណោតខ្លាំងដែលជាបញ្ហាប្រឈមដូចជា ៖ តំបន់ផ្លូវកោងហួសរង្វង់ព្រឹទ្ធាចារ្យ សាយ ភូថង និងតំបន់ចុះចំណោតតាតៃក្រោម។

រដ្ឋបាលខេត្តកោះកុង ក៏បានថ្លែងអំណរអរគុណចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារសាងសង់កំណាត់ផ្លូវជាតិលេខ ៤៨ ទោះបីជាអំឡុងពេលនេះជារដូវវស្សាចូលមកដល់ក៏ដោយ ក៏អាជ្ញាធរជឿជាក់ថា គម្រោងស្ថាបនាផ្លូវដ៏មានសារៈសំខាន់នេះ នឹងអនុវត្តជោគជ័យទៅតាមផែនការកំណត់។

កំណាត់ផ្លូវជាតិលេខ ៤៨ សព្វថ្ងៃ មានស្ថានភាពបត់បែន និងឡើងចុះចំណោតច្រើន ដោយទីតាំងខ្លះត្រូវប្រើពេលវេលាជីកកាយជ្រលងថ្មធំៗ ទីតាំងខ្លះតម្រូវឲ្យមានការវាងចំណោតកោងខ្លាំង និងជាពិសេសរដូវវស្សាពិបាកសាងសង់ ទើបធ្វើឲ្យដំណើរការហាក់យឺតយ៉ាវបន្តិច។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ពីចំណុចប្រសព្វផ្លូវជាតិលេខ ៤ អូរជ្រៅ-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំណាយអស់ ៧៨ លានដុល្លារអាមេរិក ត្រូវបានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២។

ផ្លូវជាតិលេខ ៤៨ នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទីពីរ រួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។

តាមរយៈផ្លូវជាតិលេខ ៤៨ ដ៏មានសក្ដានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ ស្ថិតនៅតាមបណ្ដោយផ្លូវនេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


