ព័ត៌មានជាតិ
មកស្គាល់ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសាន នៃប្រទេសកម្ពុជា
ស្ថានភាពទូទៅ
ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេស មានចម្ងាយ ៤៥៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពីនៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ខាងលិចជាប់នឹងខេត្ត ព្រះវិហារ និងខេត្តកំពង់ធំ។
ខេត្តមានផ្ទៃដី ១២.០១៦គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ ឃុំ សង្កាត់ ១៣៧ភូមិ មានស្រុក ០២ ជាប់ព្រំដែនឡាវ គឺស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយ សែនជ័យ។ បច្ចុប្បន្នខេត្តមានប្រជាជន ១៧១.២០៧ នាក់ ស្មើនឹង ៤០.៨៨២គ្រួសារ ក្នុងនោះប្រជាពលរដ្ឋមានអាយុ ១៨ ឆ្នាំឡើង ៩៨.៥៣៨នាក់ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ ៤% មានដង់ស៊ីតេប្រជាជន ១៤នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាពលរដ្ឋប្រមាណ ៨០ ភាគរយ ប្រកបរបរចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម ដែលមានស្រែចម្ការ ដំណាំកសិឧស្សាហកម្ម ដំណាំសាវប្បកម្ម និងការនេសាទជាដើម។ ក្រៅពីនេះ មានវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម- សិប្បកម្ម សេវាកម្ម និងមន្ត្រីរាជការសាធារណៈ ដែលជាមូលដ្ឋានក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។
ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់គិតត្រឹមចុងឆ្នាំ២០២០ ស្មើនឹង ១.៥៣០ ដុល្លារ អត្រាភាពក្រីក្រថយចុះមកត្រឹម ២៤ ភាគរយ។

សក្តានុពលរបស់ខេត្ត
ផ្ទៃដីខេត្តធំទូលាយ អនុគ្រោះលើការវិនិយោគលើវិស័យកសិកម្ម-កសិឧស្សាហកម្ម និងការពង្រីកផលិតកម្មកសិកម្ម។ ទន្លេទាំងបួនក្នុងខេត្តជាប្រភពធនធានធម្មជាតិ ជីវចម្រុះ ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ ជាតំបន់ផ្ដល់ជីវិតនៃប្រព័ន្ធជីវចម្រុះ-ធនធានមច្ឆាជាតិដ៏សំខាន់។

ប្រភពអគ្គិសនី
ខេត្តមានទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលមានអនុភាព ៤០០ មេហ្កាវ៉ាត់។ វារីអគ្គិសនីសេសានក្រោម ២ បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៨ ដែលជាប្រភពវារីអគ្គីសនីដ៏ធំបំផុតនៅក្នុងកម្ពុជា ដែលសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ហើយដែលធានាបានសន្តិសុខថាមពលសម្រាប់ដល់ប្រទេសកម្ពុជា។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
មានស្ពានឆ្លងកាត់ទន្លេចំនួន ៤ កន្លែង ដែលស្ថិតនៅក្នុងទីរួមខេត្ត ២ កន្លែង និងនៅផ្នែកខាងលើនៃទន្លេកុង ២ កន្លែង។ មានផ្លូវជាតិសំខាន់ៗឆ្លងកាត់ចំនួន៣ គឺផ្លូវជាតិលេខ ៩ លេខ ៧៨ និងលេខ ៧៦ សម្រាប់បម្រើដល់ការធ្វើចរាចរណ៍ភ្ជាប់មកកាន់រាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត តំបន់មាត់សមុទ្រ និងទៅកាន់បណ្ដាខេត្តផ្សេងៗទៀត។
ផ្លូវជាតិឆ្លងកាត់ខេត្តចំនួន ៣ ខ្សែ គឺផ្លូវជាតិលេខ៧ ពីព្រំប្រទល់ខេត្តក្រចេះដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ៨៦,៦គីឡូម៉ែត្រ ផ្លូវជាតិលេខ ៩ ពីព្រំប្រទល់ខេត្តព្រះវិហារ ដល់ក្រុងស្ទឹងត្រែង ៧២,៩គីឡូម៉ែត្រ ផ្លូវជាតិលេខ ៧៨ ចាប់ពីអូរពង់មាន់ ក្រុងស្ទឹងត្រែង ដល់ស្ពានស្រែពកខេត្តរនគិរី ៦៥គីឡូម៉ែត្រ។
ស្ពានឆ្លងកាត់ទន្លេធំៗ ៤ កន្លែង មានស្ពានឆ្លងទន្លេសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានឆ្លងទន្លេមេគង្គ ប្រវែង ១.៧៣១ ម៉ែត្រ ស្ពានទន្លេកុងសែនជ័យ ប្រវែង ២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យឆ្លងកាត់ទន្លេ កុងផ្នែកខាងលើ ប្រវែង ២៤០ម៉ែត្រ។
ក្នុងក្រុងស្ទឹងត្រែង ឆ្នាំ ២០២៥ រដ្ឋបាលខេត្តបានស្ថាបនាផ្លូវបេតុងចំនួន ៥ ខ្សែ (ប្រវែង ២៥៧ ម៉ែត្រ ទទឹង ៩ ម៉ែត្រ) និងផ្លូវកៅស៊ូប្រវែង ១៣៣០ ម៉ែត្រ (ទទឹង ១៨ ម៉ែត្រ)។


វិស័យកសិកម្ម
វិស័យកសិកម្មជាវិស័យអាទិភាពមួយក្នុងខេត្ត ដែលដើរតួយ៉ាងសំខាន់ក្នុងការធានាបាននូវសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ខេត្តមានផ្ទៃដីដាំដុះដំណាំកសិកម្មប្រមាណជាង ១០០.០០០ហិកតា ក្នុងនោះ ដំណាំស្រូវ ២៧.០០០ហិកតា ស្វាយចន្ទី ៤៤.៥២៧ហិកតា កៅស៊ូ ១៣.៣៤១ហិកតា ដំឡូងមី ២៥.០៦៧ហិកតា ស្វាយ ៣.៩៨០ ហិកតា និងដំណាំរួមផ្សំផ្សេងៗ ៤.០០០ហិកតា។
ក្នុងមួយឆ្នាំៗ ចំណូលជាមធ្យមដែលទទួលបានពីទិន្នផលកសិកម្មក្នុងរង្វង់ ១៤០ ទៅ ១៦០ លានដុល្លាអាមរិក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានខិតខំពង្រឹងនិងពង្រីកប្រព័ន្ធធារាសាស្ត្រក្នុងមូលដ្ឋាន ក្នុងន័យទ្រទ្រង់ការស្រោចស្រព ផ្ទៃដីកសិកម្ម ព្រមទាំងបម្រើដល់ការប្រើប្រាស់ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
ចេកអំបូងលឿងទទួលបានជោគជ័យក្នុងការនាំចេញទៅកាន់ទីផ្សារពិភពលោក រួមទាំងម្នាស់ទឹកឃ្មុំដែលមានរសជាតិឆ្ងាញ់។ រដ្ឋបាលខេត្តក៏គ្រោងនឹងកសាងរូបសំណាកម្នាស់ដ៏ធំមួយទុកជានិមិត្តសញ្ញាខេត្តផងដែរ។
ធនធានធម្មជាតិ
ខេត្តមានទន្លេចំនួន ៤ (មេគង្គ សេកុង សេសាន និងស្រែពក) និងមានវារីអគ្គិសនីសេសានក្រោម ២ ដែលជួយផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស។
វិស័យទេសចរណ៍
ធនធានធម្មជាតិ ព្រៃភ្នំ ទន្លេ ដីកោះ តំបន់ជីវៈចម្រុះជាសក្តានុពលមួយក្នុងការទាក់ទាញភ្ញៀវទេសចររបស់ខេត្តស្ទឹងត្រែង។ ខេត្តមានមូលដ្ឋាន និងសហគមន៍អេកូទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗចំនួន ១២ កន្លែង អាចទាក់ទាញភ្ញៀវទេសចរជាមធ្យមប្រមាណ ១២០.០០០ ទៅ ១៦០.០០០នាក់ ក្នុងមួយឆ្នាំៗ។
សេវាសុខាភិបាល
ក្នុងខេត្តមានមន្ទីរពេទ្យបង្អែកខេត្ត ១ កន្លែង មណ្ឌលសុខភាព ១៩ កន្លែង ប៉ុស្តិ៍សុខភាព ៤ កន្លែង ដែលអាចផ្តល់សេវាសុខាភិបាលនិងការងារសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋប្រមាណ ៧.៥០០នាក់ ទៅ ៩.០០០នាក់ ក្នុង១ឆ្នាំៗ។
ខេត្តមានសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ១ កន្លែង ដែលបានជួយបណ្តុះបណ្តាលសិស្សនិស្សិតផ្នែកជំនាញវិជ្ជាជីវៈសុខាភិបាលកម្រិតបឋម និងមធ្យម សម្រាប់ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
ក្រៅពីមន្ទីរពេទ្យ និងមណ្ឌលសុខភាព ខេត្តមានទូកសង្គ្រោះ (Ambulance boats) សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬស្ត្រីសម្រាលកូនដែលរស់នៅតាមតំបន់ទឹក។
ការអភិវឌ្ឍក្នុងក្រុងស្ទឹងត្រែង
ក្នុងក្រុង អាជ្ញាធរបានរៀបចំសាងសង់វេទិកានាគជ័យ ទីលានតេជោធិបតី និងកំពុងអភិវឌ្ឍសួនច្បារសុវណ្ណភូមិ។ ក្រៅពីនេះ ក៏មានការរៀបចំផ្លូវដើរថ្មើរជើងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព៕
សូមចុចអាន៖ ជួសជុលជណ្តើរឡើងភ្នំត្បែង កម្ពស់ជាង ២០០ ម៉ែត្រ នាំអ្នកទស្សនា ចម្ការចេកដាច់កន្ទុយភ្នែក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


