ព័ត៌មានជាតិ
អត្រាសិស្សងាយបោះបង់ចោលការសិក្សានៅខេត្តកោះកុង មានរហូតដល់ ១៧ ភាគរយ
មន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា នៅឆ្នាំ ២០២២ កន្លងទៅ អត្រាសិស្សបោះបង់ចោលការសិក្សារៀនសូត្ររហូតដល់ ១៧ ភាគរយ ដោយយោងតាមទិន្នន័យផ្ដល់ដល់គ្រឹះស្ថានអប់រំតាមមូលដ្ឋាន។

សន្ទុះចំនួនសិស្សឡើងថ្នាក់មិនចោទជាបញ្ហានោះទេ អ្វីដែលបារម្ភគឺចំនួនសិស្សងាយបោះបង់ចោលការសិក្សារបស់ខ្លួន ព្រោះតែការបាក់ទឹកចិត្ត អវត្តមានច្រើនដង គ្មានទីកន្លែងស្នាក់នៅសមរម្យដើម្បីសិក្សា ក៏ដូចជាមានបញ្ហាជីវភាពក្រីក្រ។

លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ថ្លែងថា ២ ឆ្នាំចុងក្រោយនេះ ឆ្នាំ ២០២១ និងឆ្នាំ ២០២២ ចំនួនសិស្សបោះបង់ចោលការសិក្សា មានរហូតដល់ ១៧ ភាគរយ ដែលសញ្ញាមួយគួរឲ្យបារម្ភ។ បែបនេះក្តី រដ្ឋបាលខេត្ត និងមន្ទីរអប់រំខេត្តកោះកុង បាននិងកំពុងសិក្សាពីមូលហេតុបន្ថែម មុននឹងលើកចិត្តគាំទ្រ ឬដោះស្រាយជាកន្លែងស្នាក់នៅជូនសិស្សនៅស្រុកឆ្ងាយដាច់ស្រយាល ក្នុងគោលបំណងផ្ដល់ឱកាសដល់ពួកគេបានរៀនសូត្ររហូតដល់បញ្ចប់ថ្នាក់មធ្យមសិក្សា។

លោកស្រីអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បច្ចុប្បន្នខ្វះខាតអន្តេវាសិកដ្ឋាន និងគ្រូបង្រៀននៅតាមសាលារៀន ប៉ុន្តែបញ្ហានេះបានដាក់សំណើទៅសុំរាជរដ្ឋាភិបាល និងក្រសួងអប់រំ បន្តជួយដោះស្រាយបន្ថែម។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រជំរុញសិស្សរៀនយឺត ត្រួតថ្នាក់ និងបោះបង់ចោលការសិក្សានៅតាមគ្រឹះស្ថានសិក្សាអប់រំក្នុងខេត្ត លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ថ្លែងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ថា អត្រាបោះបង់ការសិក្សារបស់សិស្ស បានជះឥទ្ធិពលមិនល្អមួយដល់ដំណើរការកសាងធនធានមនុស្ស ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយលើកកម្ពស់ និងកំណែទម្រង់លើវិស័យអប់រំជំនួសមកវិញនៅការទទួលបានគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្ស។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញ និងបណ្ដាសហគមន៍ពាក់ព័ន្ធ ក៏ស្វែងរកការគាំទ្រគ្រប់លទ្ធភាពទាំងអស់ ដើម្បីធ្វើយ៉ាងណាលើកទឹកចិត្តពួកគេបានចូលសិក្សាឡើងវិញ។

លោកស្រីអភិបាលរងខេត្ត បន្តថា រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យប្រកបដោយគុណភាព មានភាពរីកចម្រើនគ្រប់ផ្នែក មានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ ដោយបន្តលើកកម្ពស់គុណភាព នៃការអប់រំនៅគ្រប់កម្រិត និងបង្កើនឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា លើកកម្ពស់តម្លៃវិជ្ជាជីវៈ និងកិត្តិយសគ្រូបង្រៀន បន្តកសាងសាលាបឋមសិក្សាឲ្យបានដល់ភូមិ អនុវិទ្យាល័យឲ្យបានគ្រប់ឃុំ និងវិទ្យាល័យឲ្យបានគ្រប់ស្រុក។
លោកស្រី ឈី វ៉ា បានយល់ដែរថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាពទៅបាន ខ្ញុំយល់ថា មានកត្តាផ្គួបផ្សំជាច្រើនដូចជា កត្តាគោលនយោបាយអប់រំ កម្មវិធីសិក្សា សមត្ថភាពគ្រូ បរិស្ថានសាលា និងកត្តាសិស្សខ្លួនឯង។ ទោះជាគ្រូល្អយ៉ាងណា កម្មវិធីល្អយ៉ាងណា តែបើសិស្សមិនមករៀន សិស្សមិនយកចិត្តទុកដាក់ សិស្សអវត្តមានដោយមូលហេតុជីវភាពគ្រួសារ អាណាព្យាបាលខ្វះកិច្ចសហការ និងជំរុញកូនឲ្យមកសាលារៀន ឬកត្តាកាយសម្បទា និងជីវសាស្ត្រមិនអំណោយផលទេនោះ នឹងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពអប់រំជាក់ជាមិនខាន។
សម្រាប់ លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យចំណេះទូទៅតេជោសែនកោះកុង បង្ហាញថា សាលារៀនរបស់លោកជាគ្រឹះស្ថានសិក្សាមួយធំនៅក្នុងទីរួមខេត្ត ដូច្នេះគ្រប់សិស្សតាមបណ្ដាស្រុកឆ្ងាយ ត្រូវបានបញ្ជូនមកចូលរៀន។ ប្រសិនបើពួកគេយកចិត្តទុកដាក់រៀនសូត្រ នឹងទទួលលទ្ធផលល្អ ប៉ុន្តែពួកគេរងសម្ពាធ ណាមួយអត្រាឈប់រៀនក៏ទៅតាមនោះដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ លោក ផូ ប៊ុនធឿន វាយតម្លៃសន្និដ្ឋានថា សិស្សខ្លះមកនៅបន្ទប់ជួល ខ្លះមកតាមឪពុកម្ដាយធ្វើការចំណាកស្រុករកការងារធ្វើ និងជាពិសេសកត្តាជីវភាពក្រីក្រគ្មានលទ្ធភាពឲ្យកូនរៀនសូត្របន្ត។ ទើបម្តាយឪពុកសម្រេចបង្ខំចិត្តឲ្យឈប់រៀនទៅធ្វើការរោងចក្រដែលធ្វើប៉ះពាល់ដល់គោលនយោបាយលើវិស័យអប់រំ ខណៈរដ្ឋាភិបាល និងក្រសួង កំពុងផ្ដោតការយកចិត្តទុកដាក់លើកកម្ពស់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


