Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ បដិសេធបណ្ដឹងតវ៉ារបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ចំពោះការចុះបញ្ជីគណបក្ស

បានផុស

នៅ

ទីបំផុតទៅគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានក្រុមប្រឹក្សាធម្មនុញសម្រេចបដិសេធបណ្ដឹងតវ៉ា ជុំវិញការមិនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនចូលរួមការបោះ​ឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចបែបនេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣នេះ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ ដើម្បីពិនិត្យ និងសម្រេចលើ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ  សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥ មណ្ឌល រាជធានី-ខេត្ត។

២. បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ប្តឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចពីលទ្ធភាព ស្តីពី ការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖

១- ទទួលពាក្យបណ្ដឹងចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ របស់ឈ្មោះ ទាវ វណ្ណល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គីមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

២- ទទួលពាក្យបណ្តឹងចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ របស់ឈ្មោះ ហ៊ាង គឹមសឿន ប្រធាន ស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានចេញសេចក្ដីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត ដោយមូលហេតុគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិ​យាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ក្នុងមាត្រា ២៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។

ចំណែកកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្ដីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន ៧មណ្ឌលរាជធានី-ខេត្ត ដោយមូលហេតុគណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ក្នុងមាត្រា ២៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។

ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹង ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ គឺសាមីគណបក្សនយោបាយ ឬតំណាងអាចប្តឹងតវ៉ាជាលា​យលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចបដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់ខ្លួន។ គណបក្សនយោបាយអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី។

មាត្រា ៣៤ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បានបញ្ជាក់ថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមលើបណ្ដឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវចេញសេចក្ដីសម្រេចយល់ព្រម និងជូនដំណឹងទៅសាមីគណបក្សនយោបាយ ឬតំណាង ហើយបង្គាប់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះឈ្មោះសាមីគណបក្សនយោបាយទៅក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដជាបន្ទាន់។ បន្ទាប់ពីទទួលសេចក្ដីសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចេញលិខិតបញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជូនសាមីគណបក្សនយោបាយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្ញើលិខិតនេះមួយច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។

ចំណែកមាត្រា ៣៥ បានបញ្ជាក់ដែរថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធបណ្ដឹងតវ៉ា សេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្ដល់សេចក្ដីសម្រេចបដិសេធនេះមួយច្បាប់ ទៅសាមីគណបក្សនយោបាយ ឬតំណាង និងផ្ញើសេចក្ដីសម្រេចបដិសេធមួយច្បាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម