Connect with us

ព័ត៌មានជាតិ

លោក ផុស សុវណ្ណ ៖ ក្រុមការងារក្រសួងព័ត៌មាន នឹងតាមដានត្រួតពិនិត្យព័ត៌មានក្លែងក្លាយអំឡុងពេលបោះឆ្នោត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអះអាងថា ក្រុមការងារ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន នឹងតាមដានត្រួតពិនិត្យទៅលើព័ត៌មានក្លែងក្លាយ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ​មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា សម្រាប់អំឡុងពេលបោះឆ្នោតខាងមុខនេះ​ ក្រុមការងាររបស់លោក នឹងតាមដានត្រួតពិនិត្យទៅលើព័ត៌មានក្លែងក្លាយ។ លោកថា ប្រសិនបើមានព័ត៌មានមិនពិត ព័ត៌មានគ្មានប្រភពច្បាស់លាស់ ក្រុមការងារនឹងត្រូវណែនាំឲ្យកែតម្រូវ ឬលុបចេញឡើងវិញ។

លោក ផុស សុវណ្ណ មានប្រសាសន៍បែបនេះថា «អញ្ចឹងយើងមានក្រុមការងារតាមដាន ក្រុមស្ដាប់តាមវិទ្យុ ក្រុមមើលតាមទូរទស្សន៍ ពីដើមយើងមានសារព័ត៌មានបោះពុម្ព ប៉ុន្តែឥឡូវសារព័ត៌មានបោះពុម្ពវាថយ ប៉ុន្តែយើងមានសារព័ត៌មានអនឡាញច្រើន ចឹងគោលការណ៍ដែលយើងមានអនឡាញហ្នឹងថា ប្រសិនថា គាត់ផ្សាយខុសយើងឲ្យគាត់កែតម្រូវ ឬក៏គាត់ Remove ចេញឥឡូវនេះ បើពីដើមក្នុងកាសែតយើងសុំឲ្យកែតម្រូវលេខបន្ទាប់ ប៉ុន្តែឥឡូវនៅក្នុងអនឡាញយើងសុំឲ្យគាត់ Remove តែម្ដងបើព័ត៌មានវាខុស កុំឲ្យលោតដដែលៗមានការយល់ច្រំឡំ»។

អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងបន្តថា ក្រុមការងាររបស់លោក នឹងតាមដានត្រួតពិនិត្យព័ត៌មានក្លែងក្លាយ ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោត។ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានវិញ លោក ផុស សុវណ្ណ បានលើកឡើងថា ត្រូវចេះស្វែងរកប្រភពឲ្យបានច្បាស់លាស់ជាមុនសិន ​មុននឹងចេញផ្សាយអត្ថបទ សំឡេង ឬវីដេអូព័ត៌មានរបស់ខ្លួន ចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។  

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយចំនួន ១៨ គណបក្ស ចូលរួមប្រកួតប្រជែង៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម