ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ៖ ប្រទេសជាង ៣០ បានប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះពីក្រុមហ៊ុនមួយនៅឥណ្ឌា ក្នុងនោះក៏មានកម្ពុជាដែរ
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ប្រទេសជាង ៣០ នៅលើពិភពលោក បានប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ ពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ហើយ គ.ជ.ប កម្ពុជា ក៏បានទិញពីក្រុមហ៊ុននេះដូចគ្នាដែរ។

ការឲ្យដឹងនេះ បានធ្វើឡើងគ្រាដែល គ.ជ.ប កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការបង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ និងការសាកល្បងគុណភាពទឹកខ្មៅ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមតំណាងមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម រួមទាំងអ្នកសារព័ត៌មានជាតិ-អន្តជាតិ ជាច្រើនរូបទៀត។ នៅក្នុងកិច្ចប្រជុំមួយនេះ គ្រប់តំណាងភាគីពាក់ព័ន្ធទាំងអស់បានលើកជាសំណួរ និងបានសាកល្បងគុណទឹកខ្មៅ ដែលដោយរៀបចំ គ.ជ.ប។ ជាលទ្ធផល គឺទឹកខ្មៅសម្រាប់ជ្រលក់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ ពិតជាមានគុណភាពល្អ ជ្រលក់ហើយលុបមិនជ្រះយ៉ាងពិតប្រាកដមែន។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ផ្អែកតាមច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ ត្រូវបានដាក់បញ្ញត្តិឲ្យប្រើក្នុងការបោះឆ្នោត សម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង ពីព្រោះថាគោលការណ៍នៃការបោះឆ្នោតនៅកម្ពុជាគឺដោយ ស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ។

លោកបន្តថា ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព និងសុវត្ថិភាពជូនដល់អ្នកបោះឆ្នោត ហើយក៏មានប្រទេសជាង ៣០នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា៖ ឥណ្ឌា (ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វិកខាងត្បូង ប៉ាគីស្ថាន និងអាហ្កានីស្ថាន ជាដើម។

សូមជម្រាបថា គ.ជ.ប បានទិញទឹកខ្មៅលុបមិនជ្រះពីក្រុមហ៊ុនប្រទេសចំនួន ៥២,០០០ដប ដោយក្នុង ១ដបមានតម្លៃ ១៧.៦៣ដុល្លារ។ គ.ជ.ប បានចំណាយថវិកាចំនួន ៩១៦,៧៦០ដុល្លារ លើតម្លៃទឹកថ្នាំ និងចំណាយថវិកាចំនួន ៤៦,៥៥០ ដុល្លារ លើថ្លៃដឹក៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


