ព័ត៌មានជាតិ
គន្លឹះ៥ យ៉ាង ដើម្បីជួយឲ្យមានសុវត្ថិភាពនៅលើ អ៊ីនធឺណិត
ការប្រើអ៊ីនធឺណិត និងមើលគណនីបណ្តាញសង្គម បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងមនុស្សជាច្រើនទៀតនៅលើពិភពលោក។ មានមូលហេតុរាប់មិនអស់ ដែលនាំឲ្យមានការភ្ជាប់អ៊ីនធឺណេត ដែលមិនអាចផ្តាច់បាន ដូចជា ការកម្សាន្ត ស្វែងរកឱកាសការងារ រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្កិ ទទួលបានព័ត៌មានផ្សេងៗ ជាដើម។

យ៉ាងណាមិញ បើទោះបីជាការប្រើអ៊ីនធឺណិតបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនក៏ពិតមែន ប៉ុន្តែ ក៏អាចប្រឈមនឹង ហានិភ័យមួយចំនួនផងដែរ។ ដើម្បីប្រាកដថា ការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកមានសុវត្ថិភាព អង្គការយូនីសេហ្វ បានប្រាប់ពីគន្លឹះចំនួន៥ ក្នុងការប្រើប្រាស់អ៊ីនធឺណិត៖
១. គិតមុនពេលបង្ហោះអ្វីមួយ
មុនពេលចុចប៊ូតុង “បង្ហោះផ្សាយ” ត្រូវចំណាយពេលមួយនាទី ហើយគិតពីមនុស្សដែលអាចឃើញព័ត៌មានដែលអ្នកបានចែកចាយ។ មុនពេលបង្ហោះអ្វីមួយ ចូរសួរខ្លួនឯងថា តើមានអារម្មណ៍បែបណា ក្នុងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ជាមួយមនុស្សមិនដែលស្គាល់ទាល់តែសោះ។ នៅពេលបង្ហោះអ្វីមួយ អ្នកមានលទ្ធភាពតិចតួចបំផុតក្នុងការគ្រប់គ្រងលើអ្វីដែលអ្នកផ្សេងយកព័ត៌មាននោះទៅប្រើប្រាស់។

២. រក្សាភាពឯកជន
ការបញ្ចូលទន្នន័យផ្ទាល់ខ្លួន គឺជាភាពចាំបាច់មួយក្នុងការចុះឈ្មោះគណនីអនឡាញ ប៉ុន្តែ ក៏ត្រូវបដិសេធមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជា អាស័យដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកប្រើប្រាស់អ៊ីនធឺណិត ដទៃទៀត។ ត្រូវកំណត់ឯកជនភាព ដោយដំណើរការមុខងារឯកជនភាព នៅលើគណនីទាំងអស់។ តាមរយៈវិធីនេះ គឺអាចកំណត់ថាអ្នកណាខ្លះអាចមើលឃើញប្រវត្តិរូប និងខ្លឹមសារដែលអ្នកបង្ហោះ។

៣. គ្រោះថ្នាក់បង្កដោយមនុស្សមិនស្គាល់
មុនពេលយល់ព្រមទទួលយកនរណាម្នាក់ជាមិត្ត ឬឆ្លើយតបសាររបស់គេ ត្រូវគិតម្តងហើយម្តងទៀតថា ពិតជាចង់អនុញ្ញាតឱ្យមនុស្សនេះដឹងពីជីវិតរបស់ខ្លួនមែនឬ។ ត្រូវចាំថា គេនឹងអាចមើលឃើញអ្វីៗទាំងអស់ដែលអ្នកបង្ហោះ និងព័ត៌មានលម្អិតជាច្រើនអំពីជីវិតអ្នក។ នៅលើប្រព័ន្ធអ៊ីនធឺណិត មនុស្សតែងតែមិនបង្ហាញពីការពិតរបស់គេនោះទេ។ ប្រសិនបើនរណាម្នាក់ដែលមិនស្គាល់នៅសាលារៀន ឬសហគមន៍របស់អ្នក សុំជួបដោយផ្ទាល់ ត្រូវប្រាប់ទៅឪពុកម្តាយ ឬមនុស្សពេញវ័យដែលខ្លួនទុកចិត្តបំផុត។ ការជួបមនុស្សដែលអ្នកស្គាល់លើប្រព័ន្ធអ៊ីនធឺណិតក្នុងជីវិតពិត អាចមានគ្រោះថ្នាក់ខ្លាំងណាស់។

៤. បញ្ឈប់ការរករឿងឈ្លោះ
ការរករឿងឈ្លោះ ឬធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) សម្តៅលើការបង្ហោះ ឬផ្ញើសារ រូបភាព ឬវីដេអូដោយមានបំណងធ្វើឲ្យអ្នកណាម្នាក់ខ្មាសអៀន គំរាមកំហែង ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីមនុស្សម្នាក់ តាមរយៈវេទិកាឌីជីថលផ្សេងៗដូចជាបណ្តាញសង្គម កម្មវិធីជជែក (chatroom) ប្លុក ការផ្ញើសារខ្លីៗ និងការផ្ញើសារជាអក្សរ។ ជនរងគ្រោះដោយសារការរករឿងឈ្លោះ ឬធ្វើបាបលើប្រព័ន្ធអ៊ីនធឺណិត តែងតែមិនឲ្យតម្លៃខ្លួនឯង មានបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពនាំទៅរកការធ្វើអត្តឃាត។

កុំរិះគន់នរណាម្នាក់ចំពោះទស្សនៈ ឬការយល់ឃើញរបស់គេ ព្យាយាមយល់ពីអារម្មណ៍អ្នកដទៃ ដោយសួរខ្លួនឯងថាមានអារម្មណ៍បែបណា ប្រសិនបើមានគេជេរប្រមាថនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្នុងករណីមិនយល់ស្របខ្លាំងជាមួយអ្នកណាម្នាក់ ត្រូវផ្តល់មតិត្រលប់បែបស្ថាបនាក្នុងលក្ខណៈគួរឱ្យគោរព ជំនួសឱ្យការប្រាប់ពីអ្វីដែលខ្លួនមិនពេញចិត្ត។
៥. រាយការណ៍សកម្មភាពដែលគួរឱ្យសង្ស័យ
ប្រសិនបើអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព នៅពេលប្រើអ៊ិនធឺណិត ត្រូវបិទគេហទំព័រនោះភ្លាម ហើយនិយាយជាមួយមនុស្សពេញវ័យដែលអាចទុកចិត្តបាន។ រួមគ្នាចាត់វិធានការដើម្បីការពារអ្នកដទៃកុំឲ្យជួបរឿងទាំងនេះ ដោយរាយការណ៍អំពីមនុស្សនោះ ឬគេហទំព័រនោះ។ ប្រសិនបើមានមនុស្សណាម្នាក់គំរាមកំហែងអ្នក អាចប្លក់ (block) ម្នាក់នោះបាន។ ការធ្វើបែបនេះ គឺមិនអាចឲ្យគេមើលព័ត៌មានផ្ទាល់ខ្លួន ឬផ្ញើសារជាលក្ខណៈឯកជនមកបានទៀតឡើយ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


