Connect with us

ព័ត៌មានជាតិ

កូរ៉េផ្តល់ជំនួយ ៥សែនដុល្លារ ជួយដល់កុមារ និងគ្រួសាររងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ 

បានផុស

នៅ

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០ ០០០ ដុល្លារអាមេរិក ដល់យូនីសេហ្វប្រចាំកម្ពុជា ដើម្បីជួយដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ យូនីសេហ្វ កាលពីថ្ងៃតី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកានេះនឹងផ្តល់លទ្ធភាពឲ្យយូនីសេហ្វអនុវត្តកម្មវិធីរយៈពេល ១២ខែ លើវិស័យអប់រំ ទឹកស្អាត និងអនាម័យ និងកិច្ចការពារកុមារ ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសកម្ពុជា លើកកម្ពស់ភាពធន់ និងវិនិយោគលើអនាគតរបស់ក្មេងជំនាន់ក្រោយ។

លោក គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានប្រសាសន៍ថា «សាធារណរដ្ឋកូរ៉េឈរនៅជាមួយប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកនេះ។ យើងសង្ឃឹមថា ជំនួយនេះនឹងជួយឱ្យកុមារអាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព ទទួលបានទឹកស្អាត និងអនាម័យ និងសេវាគាំពារចាំបាច់នានា ព្រមទាំងជួយសហគមន៍ក្នុងការស្តារ និងកសាងភាពធន់ឡើងវិញ»។ លោកថា ការវិនិយោគលើអនាគតរបស់ក្មេងជំនាន់ក្រោយ គឺជាអាទិភាពសម្រាប់សាធារណរដ្ឋកូរ៉េ ហើយលោកមានមោទកភាពដែលបានចាប់ដៃគូជាមួយយូនីសេហ្វ ដើម្បីធានាបាននូវការផ្តល់ជំនួយទាន់ពេលវេលា និងមានអត្ថន័យសម្រាប់ប្រជាពលរដ្ឋដែលត្រូវការបំផុត។

បើតាមយូនីសេហ្វ ជំនួយនេះនឹងជួយគាំទ្រដល់ការបើកដំណើរការឡើងវិញយ៉ាងឆាប់រហ័សនូវទីកន្លែងសិក្សាប្រកបដោយសុវត្ថិភាព តាមរយៈការបង្កើតថ្នាក់រៀនបណ្តោះអាសន្ន ការផ្តល់ឧបករណ៍សិក្សាបែបឌីជីថល និងការគាំទ្រដល់ការបង្រៀនបំប៉ន ដែលអនុញ្ញាតឱ្យ កុមារជាង ២៤ ០០០នាក់ អាចត្រឡប់មករៀនវិញបន្ទាប់ពីមានការខកខានជាច្រើនខែ។ គម្រោងនេះក៏នឹងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅក្នុងសាលារៀនដែលរងការខូចខាត និងផ្តល់សម្ភារអនាម័យចាំបាច់នានា ដែលជួយឲ្យសិស្ស និងគ្រូបង្រៀនយ៉ាងតិច ២០ ០០០នាក់ អាចរៀន និងបង្រៀនក្នុងលក្ខខណ្ឌដែលមានសុខភាពល្អ និងសុវត្ថិភាពជាងមុន។

ទន្ទឹមនឹងនេះ ថវិកានេះនឹងប្រើប្រាស់សម្រាប់ពង្រឹងសេវាការពារកុមារតាមសហគមន៍ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលបុគ្គលិកជួរមុខចំនួន ១០០នាក់ ការកែលម្អកន្លែងកុមារមេត្រី និងការលើកកម្ពស់ស្តង់ដារកិច្ចការពារកុមារក្នុងគ្រាមានគ្រោះអាសន្ន ដើម្បីធានាថាកុមារដែលរងផលប៉ះពាល់ អាចទទួលបានការការពារ និងការថែទាំទាន់ពេលវេលា។

ចំណែក លោកបណ្ឌិត វីល​​ ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា៖ «ការគាំទ្រដ៏សប្បុរសពីសាធារណរដ្ឋកូរ៉េនេះ គឺចំពេលដ៏ចាំបាច់បំផុតសម្រាប់កុមារ និងគ្រួសារដែលបានជួបប្រទះការលំបាកយ៉ាងខ្លាំង។ តាមរយៈការវិនិយោគលើវិស័យអប់រំ ទឹកស្អាត និងអនាម័យ និងកិច្ចការពារកុមារ ជំនួយនេះនឹងជួយកុមារឱ្យទទួលបានស្ថិរភាពឡើងវិញ ត្រឡប់ទៅរៀនដោយសុវត្ថិភាព និងទទួលបានសេវាសំខាន់ ដែលពួកគេត្រូវការដើម្បីការលូតលាស់ និងការស្តារឡើងវិញ។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងយូនីសេហ្វ សង្ឃឹមថាការគាំទ្រនេះនឹងជំរុញការស្តារឡើងវិញ និងភាពធន់របស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះដើម្បីឱ្យកុមារគ្រប់រូបនៅកម្ពុជាអាចរៀនសូត្រ មានសុវត្ថិភាព និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម