ព័ត៌មានជាតិ
UNICEF បន្តជួយពង្រឹងសុខភាពមាតា ទារក និងកុមារ ពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានទទួលជួប លោកស្រី June Kunugi នាយិកា ការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ។ ក្នុងជំនួបនេះ UNICEF នឹងបន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។

លោកស្រី June Kunugi បានបញ្ជាក់ថា «អង្គការ UNICEF តែងតែបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ»។
លោកស្រី June បានលើកឡើងថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល អង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានពិភាក្សាបញ្ហាគោលនយោបាយ/កម្មវិធីសំខាន់ៗ រួមមាន ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដែលនៅទ្រឹង ការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងការពន្លឿនផ្លូវឆ្ពោះទៅរកសមធម៌ និងការគ្របដណ្តប់សុខភាពជាសកល ព្រមទាំងការរៀបចំផែនការរយៈពេល ៥ឆ្នាំ (Country Program) ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនេះ លោកស្រី បានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រ ពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែល សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៦-២០៣០។
ចំណែកលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិ ដែលបានចូលរួមសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនាពេលកន្លងមក និងបានជួយដល់ការសម្រេចបាននូវគោលដៅសុខាភិបាលមួយចំនួន តាមរយៈកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពមាតា និងកុមារជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ អង្គការ UNICEF ដែលជាដៃគូដែលគួរឱ្យទុកចិត្តចាប់តាំងពីឆ្នាំ១៩៥២ រួមទាំងក្នុងអំឡុងពេលដ៏លំបាកបំផុតមួយចំនួន នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការស្តារឡើងវិញ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


