ព័ត៌មានជាតិ
ម្ចាស់កសិដ្ឋានមួយ កៀរគរពលរដ្ឋឱ្យចិញ្ចឹមខ្យងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារចិន
ម្ចាស់កសិដ្ឋាន ៤០០ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រោងចងក្រងពលរដ្ឋចិញ្ចឹមខ្យងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅចិន បន្ទាប់ពីទទួលបានដំណឹងថា ចិនទទួលទិញផលិតផលជលផលរបស់កម្ពុជា ចំនួន ៤ប្រភេទ រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

លោក ហាច ឆន ស្ថាបនិក និងអគ្គនាយកកសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានលើកឡើងថា បច្ចុប្បន្ននេះ កសិដ្ឋានបានចិញ្ចឹមខ្យងប្រហែលជាង ៣០០ អាង ហើយផ្គត់ផ្គង់ទូទាំង ២៥ រាជធានីខេត្ត ដោយមានបរិមាណចន្លោះពី ២០០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយខែ។ ជាងនេះទៅទៀត លោកបន្តថា ការប្រកបរបរចិញ្ចឹមខ្យងនេះ ហាក់មានភាពទូលំទូលាយច្រើន នៅក្នុងប្រទេសកម្ពុជា តាមរយៈការទិញពូជខ្យងពីកសិដ្ឋាន យកទៅចិញ្ចឹមបន្តប្រមាណជាង ១ពាន់គ្រួសារទៅហើយ។

លោក ឆន បាននិងកំពុងជំរុញបន្ថែមទៀត ដល់ប្រជាកសិករនៅក្នុងមូលដ្ឋាន ឱ្យចិញ្ចឹមទៅតាមស្តង់ដារភូតគាមអនាម័យ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេស។ លោករំពឹងថា ក្រោយបើកទីផ្សារនាំចេញទៅចិន នឹងរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមទៀត ដល់ពលរដ្ឋប្រកបរបរចិញ្ចឹមខ្យងនេះ។
ប្រធានគណៈកម្មការប្រតិបត្ដិសមាគមវារីវប្បកម្មនៅកម្ពុជា លោក ឡែមផូរ សុថាវរិទ្ធិ ថ្លែងប្រាប់កម្ពុជាថ្មីថា លោកពិតជាត្រេកអរ និងចូលរួមលើកចិត្តដល់ប្រជាកសិករឱ្យខិតខំផលិត ផលិតផលជលផល ឱ្យស្របតាមស្ដងដារបច្ចេកទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ជាងនេះទៅទៀត លោកបន្តថា ដើម្បីផលិតផលិតផលឱ្យស្របតាមតម្រូវទីផ្សារប្រទេសចិននោះ លុះត្រាតែមានការចូលរួមពីបណ្ដាភាគីចិន ក្នុងការផ្ដល់បច្ចេកទេស ក៏ដូចជាទុនសហវិនិយោគរួមគ្នា សម្រាប់ការចិញ្ចឹមទៅតាមស្តង់ដារ គុណភាព។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទាក់ទងនឹងការនាំចេញផលិតផលជលផលរបស់កម្ពុជា ទៅកាន់ប្រទេសចិននេះ រដ្ឋបាលគយចិន ផ្តល់ការអនុញ្ញាតចំពោះក្រុមហ៊ុននៅកម្ពុជា ដែលធ្វើការស្នើសុំនាំចេញ។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ដូច្នេះថា« សម្រាប់ការនាំចេញនេះ គឺអាស្រ័យទៅលើក្រុមហ៊ុនទាំងស្រុង ថាតើក្រុមហ៊ុនជ្រើសយកការចិញ្ចឹមដោយខ្លួនឯង ឬចុះកុងត្រាជាមួយកសិដ្ឋានផ្សេងៗ ក្នុងការចិញ្ចឹមប្រកបដោយអនាម័យ គុណភាពស្ដង់ដារខ្ពស់ និងភូតគាមអនាម័យ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន»៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


