ព័ត៌មានជាតិ
តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
លោក ហេង សួរ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន (JDS) ទាំងអស់ គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលលោក ហេង សួរ បានអញ្ជើញជាអធិបតីតំណាង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបជុំសំណេះសំណាលជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

នាឱកាសនោះ លោក ហេង សួរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសេចក្តីអបអរសាទររបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះជ័យលាភីអាហារូបករណ៍ទាំង២៦រូប និងបានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយសារកត្តាសុខភាព គឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។

លោក ហេង សួរ ក៏បានលើកឡើងថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើតចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាពដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរេលក្ខខណ្ឌ។ លោក ហេង សួរ បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទងក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសជប៉ុន។

លោក ហេង សួរ ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភីទាំងអស់នឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះដើម្បីពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍វិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន១៤៨០នាក់ហើយ ដែលបានទៅសិក្សានៅប្រទេសជប៉ុន។ ដោយឡែកចំពោះអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource
Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០
ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាពដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨នាក់ បានទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប (ស្រី១២រូប) ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


