ព័ត៌មានជាតិ
ទូតខ្មែរប្រចាំជប៉ុន អំពាវនាវឱ្យ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ឈប់បង្កបញ្ហា ត្រូវគោរពច្បាប់របស់ជប៉ុន
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវឱ្យកម្មសិក្សាការី កម្មករ ដែលកំពុងរស់នៅប្រទេសជប៉ុន សូមឈប់បង្កបញ្ហាផ្សេងដូចជា ប្រព្រឹត្តអំពើលួចឆក់ប្លន់ បង្កបញ្ហាផ្សេងៗដែលខុសច្បាប់ នាំឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍របស់ប្រទេសជាតិ។ ទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ចេញមកអំពាវនាវបែបនេះ បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំនៅជប៉ុនទទួលបានព័ត៌មានតាមរយៈអង្គភាពប៉ូលីសជប៉ុន ថាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសជប៉ុនបាន និងកំពុងប្រព្រឹត្តទង្វើខុសច្បាប់របស់ជប៉ុន។

សេចក្ដីប្រកាសរបស់ស្ថានទូតកម្ពុជានៅប្រទេសជប៉ុន បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុនទទួលបានព័ត៌មាន តាមរយៈអង្គភាពប៉ូលីសជប៉ុន និងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីករណីប្រព្រឹត្តខុសច្បាប់របស់បងប្អូនខ្មែរមួយចំនួន មានដូចជា ចោរកម្ម អសុពលភាពនៃទិដ្ឋាការស្នាក់នៅ បើកបររថយន្តដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការដែលខ្លួនបានចុះកុងត្រាជាមួយដោយសារការជឿតាមមេខ្យល់។
ឆ្លើយតបនឹងបញ្ហាដែលពលរដ្ឋកម្ពុជាកំពុងបង្កនៅក្នុងប្រទេសជប៉ុន ស្ថានទូតកម្ពុជាប្រចាំជប៉ុនបានលើកទឹកចិត្តដល់ពលរដ្ឋខ្មែររស់នៅជប៉ុន ពិចារណាឱ្យបានហ្មត់ចត់ មុនប្រព្រឹត្តនូវអំពើខុសច្បាប់ដែលនាំឱ្យមានការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាសការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងកិត្តិយសប្រទេសជាតិ។ ជាមួយគ្នានេះ ទូតខ្មែរប្រចាំនៅជប៉ុនបានប្រកាសជំហរដាច់ណាត់មិនគាំទ្រចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់ បើទោះបីកន្លងមក ស្ថានទូត ធ្លាប់បានជួយប្រជាពលរដ្ឋដែលមានបញ្ហាខុសច្បាប់ក្នុងប្រទេសជប៉ុនក្ដី។
ទូតជប៉ុនបានបញ្ជាក់ថា កន្លងមក ស្ថានទូតខ្មែរនៅជប៉ុនក៏បានពិភាក្សាជាមួយក្រសួង ស្ថាប័នជប៉ុន ស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ ចំពោះមេខ្យល់បោកបញ្ឆោតកម្មសិក្សាការី ទៅធ្វើការខុសច្បាប់ និងចំពោះនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន។
លើសពីនេះ ស្ថានទូតក៏បានស្នើសុំពលរដ្ឋខ្មែរសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពី “សៀវភៅសម្រាប់កម្មសិក្សាការី ហ្វឹកហ្វឺនជំនាញ” រៀបចំដោយអង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេស (OTIT) ដែលបានសង្ខេបលម្អិតអំពីសិទ្ធិ កាតព្វកិច្ច បែបបទការងារ នីតិវិធីដោះស្រាយការងារ អាស័យដ្ឋាន និងព័ត៌មានទំនាក់ទំនងក្នុងករណីដែលមានបញ្ហាការងារ ឬការរស់នៅជាយថាហេតុ។
បន្ថែមពីនេះ ស្ថានទូត ស្នើសុំកម្មសិក្សាការី និងពលករជំនាញខ្មែរដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនទាំងអស់ មេត្តាចូលរួមគោរពច្បាប់ឱ្យបានហ្មត់ចត់ ខិតខំធ្វើការ និងអភិវឌ្ឍសមត្ថភាពជំនាញ ជាពិសេស កុំជឿតាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់ ដែលនាំឱ្យបាត់បង់ប្រយោជន៍ការងាររបស់ខ្លួន។
ជាចុងក្រោយ ទូតខ្មែរប្រចាំប្រទេសជប៉ុនគូសបញ្ជាក់ថា ការខិតខំបំពេញការងារ និងចូលរួមអនុវត្តច្បាប់របស់ពលករខ្មែរ គឺជាការចូលរួមថែរក្សាកិត្តិយសប្រទេសជាតិ និងជាកត្តាជម្រុញលើកទឹកចិត្តដល់និយោជកជប៉ុនឱ្យធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរមកធ្វើការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួនឱ្យកាន់តែច្រើន៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


