ព័ត៌មានជាតិ
ផ្តើមការងារថ្មីមិនដល់មួយខែផង រដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថានដាក់គោលដៅធំ ៣ សម្រេចឲ្យបានក្នុងអាណត្តិដឹកនាំ
លោក អ៊ាង សុផល្លែត បានបង្ហាញសកម្មភាពកាន់តែមមាញឹកក្នុងតួនាទីថ្មីជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។
មិនដល់មួយខែស្រួលបួលផង រដ្ឋមន្រ្តីថ្មីរូបនេះផ្តើមចុះតាមមូលដ្ឋាន ដើម្បីពិនិត្យពីភាពជាក់ស្តែងក្នុងការអនុវត្តការងារពាក់ព័ន្ធបរិស្ថាន។ ភ្លាមៗលោករដ្ឋមន្រ្តីក៏បានលើកពីការងារអាទិភាពចំនួន ៣ នៅក្នុងកិច្ចការពារបរិស្ថានដើម្បីនាំជាប្រយោជន៍ដល់ជាតិនិងប្រជាជន។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ លោកអ៊ាង សុផល្លែត បានផ្តើមប្រកាសបើកយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀនក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
លោកអ៊ាង សុផល្លែត បានបញ្ជាក់ថា យុទ្ធនាការមិនប្រើប្រាស់ថង់ប្លាស្ទិកឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរជាមួយប្រជាជាតិលើសកលលោក។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ នឹងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានរាប់លានថង់។

លោកអះអាងថា យុទ្ធនាការនេះនឹងចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ គុណភាពបរិស្ថាន សោភ័ណភាពទីក្រុង និងភូមិឋានឲ្យល្អស្រស់បំព្រងជានិច្ចនិងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍដោយចីរភាព។
ដោយឡែកទាក់ទងការបង្កើតរបៀងទេសចរណ៍ធម្មជាតិ គឺជាទិសដៅបន្តមួយជំហានទៀតរបស់រដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន។
លោកអ៊ាង សុផល្លែត បានបញ្ជាក់ថា របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅមួយទៀត ដែលមានសក្តានុពលនិងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន។ គោលការណ៍បង្កើតរបៀងទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដែលធានានិងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែមពីសេវាអេកូទេសចរណ៍ធម្មជាតិ។

លោករដ្ឋមន្រ្តីក៏បានលើកឡើងគោលដៅដ៏ធំមួយទៀតគឺពង្រីកវិសាលភាពព្រៃឈើ តាមរយៈការដាំស្តារព្រៃឈើឡើងវិញ។
ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តីបានណែនាំឲ្យមន្ទីរបរិស្ថានត្រូវបង្កើនការបណ្តុះកូនឈើយ៉ាងហោចណាស់ឲ្យបាន ១០ ម៉ឺនដើម ក្នុង ១ ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដាំដុះពង្រីកវិសាលភាពព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ តាមសហគមន៍ តាមភូមិដ្ឋាន ក៏ដូចជានៅតាមផ្ទះប្រជាពលរដ្ឋ។

បើតាមលោករដ្ឋមន្រ្តី ការដាំឈើមិនត្រឹមចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សហគមន៍អាចរកចំណូលមកអភិវឌ្ឍន៍មូលដ្ឋានបានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាពតាមរយៈទេសចរណ៍ធម្មជាតិ។
គួរបញ្ជាក់ថា នៅក្នុងជំនួបដំបូងក្នុងតំណែងរដ្ឋមន្រ្តីជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានឲ្យថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ត្រូវតែមូរដៃអាវចុះអនុវត្តការងារដោយមិនមើលបំណាំគ្នា។
អាណត្តិនេះផ្តោតលើលទ្ធផលដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិ។ លោកថា ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់តំណាងឱ្យប្រជាពលរដ្ឋជាង ១៧ លាននាក់។ លោកក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទឱ្យសិក្សាស្វែងយល់បន្ថែមពីយុទ្ធសាស្ត្រស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទី១ ត្រូវដឹង ទី២ ត្រូវចេះ និងអនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុជួយជាតិមាតុភូមិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


