ព័ត៌មានជាតិ
ម្ចាស់ក្រុមហ៊ុន អាជីវកម្ម និងសិប្បកម្ម នៅខេត្តកោះកុង ទទួលបានការយល់ដឹងពីវិធីសាស្ត្របែបសាមញ្ញៗ នាំទៅរកជោគជ័យ
ក្រុមម្ចាស់អាជីវកម្ម ក្រុមហ៊ុនសហគ្រាស និងសិប្បកម្មតូច-ធំ នៅក្នុងមូលដ្ឋានខេត្តកោះកុង បានទទួលការយល់ដឹងពីវិធីសាស្ត្របែបសាមញ្ញៗ បង្កើតផលិតផលមានគុណភាពដែលនាំទៅរកជោគជ័យ និងផលចំណេញ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំធ្វើបទបង្ហាញពីវិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាពប្រកបដោយគុណភាពស្តង់ដារការងារ និងអាជីវកម្មដល់មន្ត្រីរាជការ ដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹងអាជីវកម្មដល់ម្ចាស់ក្រុមហ៊ុនសហគ្រាស និងសិប្បកម្មនៅក្នុងខេត្តកោះកុង រយៈពេល ១ ថ្ងៃពេញ។

លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះថា គោលដៅរបស់ក្រសួង គឺចង់ផ្សព្វផ្សាយការយល់ដឹងពីវិធីសាស្ត្របែបសាមញ្ញៗ ដែលមានទ្រឹស្ដី(ស ៣)។ ស៣ មានដូចជា ការសម្រិតសម្រាំង សណ្ដាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ ឈានទៅរកឧត្ដមភាពទៅអនាគត។

លោក ភោគ សុវណ្ណរិទ្ធ មើលឃើញថា ក្រុមហ៊ុនសហគ្រាស អាជីវកម្ម និងសិប្បកម្មនៅក្នុងប្រទេសកម្ពុជា អាចផលិតផលិតផលនានាបាន ខណៈមួយចំនួនធំមិនទាន់មានស្តង់ដារគុណភាពល្អនៅឡើយទេ ទាមទារឲ្យមានការពង្រឹងគុណភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងក្រៅប្រទេសបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងជំនាញ ដដែល អះអាងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី ៧ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលនឹងផ្តោតការយកចិត្តទុកដាក់លើចំណុចជាអាទិភាពមួយ គឺ ៖ ការអភិវឌ្ឍធនធានមនុស្ស (ឌីជីថល)។ ក្នុងនោះមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើបរិវត្តកម្ម ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ (Reskilling and Upskilling) ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជំនាញ ការដោះស្រាយបញ្ហាមិនស៊ីសង្វាក់គ្នា រវាងការបណ្ដុះបណ្ដាល និងតម្រូវការជំនាញ។

លោក ភោគ សុវណ្ណរិទ្ធ លើកឡើងបន្តថា ការពង្រឹងការតាមដានត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រដែលបានដាក់ចេញស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ប្រកបដោយទស្សនវិស័យ ក្នុងការលើកកម្ពស់ផលិតភាពដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ព្រមទាំងលើកទឹកចិត្ត ក្នុងការបង្កើនផលិតភាពសម្រាប់អាជីវកម្ម សេវាកម្មរបស់ពួកគាត់ឲ្យមានការរីកចម្រើន ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា នៅក្នុងតំបន់ និងពិភពលោក។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ក៏បានចាត់ទុកវគ្គសិក្សាពីវិធីសាស្ត្រផលិតភាព និងគុណភាពលក្ខណៈសាមញ្ញនេះជាមូលដ្ឋានគន្លឹះចាំបាច់សម្រាប់ភាពជោគជ័យដល់មន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម។

លោកអភិបាលរងខេត្ត បន្ថែមថា «រដ្ឋបាលខេត្តកោះកុងក៏ជាកន្លែងមានសក្ដានុពលវិស័យឧស្សាហកម្មមួយផងដែរ។ ខេត្តបានឆ្លើយតបនឹងបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។ ដូចនេះ ខ្ញុំសូមជំរុញឲ្យមានកម្មវិធីដ៏មានសារប្រយោជន៍នេះជាបន្តបន្ទាប់ទៀតនៅក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់ផលិតភាពនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ក្រោមពាក្យស្លោក«វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព» គឺជាវិធីសាស្ត្រជួយកាត់បន្ថយចំណាយលើថ្លៃដើមផលិត។ ហេតុនេះសូមអង្គសិក្ខាសាលាទាំងអស់កុំយល់ថា ៖ ការចំណាយលើ ថ្លៃដើមផលិតខ្ពស់ គឺ បណ្ដាលមកពីការឡើងថ្លៃវត្ថុធាតុដើម និងធាតុផ្សំផ្សេងៗ តែយើងមិនបានដឹងពីភាពខ្ជះខ្ជាយនៅក្នុងមូលដ្ឋានផលិតកម្ម ដែលវាកើនការចំណាយលើថ្លៃដើមផលិត ខាតបង់ប្រាក់ចំណេញដោយមិនដឹងខ្លួន»។
ដោយឡែកលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង យល់ថា សិក្ខាសាលាដ៏មានសារៈសំខាន់ នឹងផ្តល់ជាមូលដ្ឋានមួយដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងសិប្បកម្មក្នុងខេត្ត ដើម្បីបន្តអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។
លើសពីនេះ លោក ខ្លឹម គគីរ ជំរុញដល់ម្ចាស់ក្រុមហ៊ុនខាងលើបន្តរៀនសូត្របានដោយខ្លួនឯងបន្ថែមតាមរយៈការរៀនតាមប្រព័ន្ធអនឡាញ ហើយវិធីសាស្ត្រ ស ៥ នឹងបង្កើនភាពទូលំទូលាយ នៃការអនុវត្តគ្រប់ទីកន្លែង និងគ្រប់ស្ថានភាពទាំងអស់ ដែលអាចធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យ បេសកកម្ម និងគោលបំណង របស់អង្គភាពរៀងៗខ្លួន។ ខេត្តកោះកុងមានរោងចក្រ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម សរុបចំនួន ៣៤៦ មូលដ្ឋាន។ ក្នុងនោះ រោងចក្រចំនួន ០៨ សហគ្រាសធុនតូច និងមធ្យមសរុបចំនួន ១៩ មូលដ្ឋាន និងសិប្បកម្មចំនួន ៣១៩ កន្លែង។ រាល់ការបណ្តាក់ទុនវិនិយោគពីវិស័យឯកជនសរុបស្មើនឹងប្រមាណ ១៦១ លានដុល្លារសហរដ្ឋអាមេរិក និងស្រូបទាញកម្លាំងពលកម្មសរុបជាង ១ ម៉ឺន ២ ពាន់នាក់ ទូទាំងខេត្តកោះកុង គិតត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៣៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ