ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង លើកឡើងពីគុណសម្បត្តិមនុស្សវ័យចំណាស់ ដែលធ្វើឲ្យសង្គមជាតិរីកចម្រើនដូចសព្វថ្ងៃ
នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកស្រីអភិបាលរងខេត្តកោះកុង បានលើកឡើងពីគុណសម្បត្តិរបស់មនុស្សវ័យចំណាស់ នៅកម្ពុជា ថា បានចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិរីកចម្រើនមកទល់ថ្ងៃនេះ។

ការលើកឡើងពីគុណតម្លៃរបស់លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង នាពេលនេះ ធ្វើឡើងក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ក្រោមប្រធាន «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» ដែលមានការចូលរួមពីពលរដ្ឋវ័យចំណាស់ ១៥០ គ្រួសារ នៅឃុំដងពែង ស្រុកស្រែអំបិល។

លោកស្រី ឈី វ៉ា បានបន្ថែមថា លោកយាយ លោកតា អ៊ំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជន ជាអ្នកផ្តល់ និងរក្សាទំនៀមទម្លាប់ ប្រពៃណីដ៏ល្អ កេរ្តិ៍មរតក សម្បត្តិវប្បធម៌ដ៏សម្បូរបែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងច្រើន សម្រាប់មនុស្សជំនាន់ក្រោយ។

តាមរយៈការអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកស្រី ឈី វ៉ា ថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី ៧ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សវ័យចាស់ ដោយបានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ ២០១៧-២០៣០ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង ការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

ទន្ទឹមនោះ លោកស្រីអភិបាលរងខេត្តកោះកុង បានជំរុញដល់មន្ទីរសង្គមកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋាន បង្កើនការចុះពិនិត្យស្រង់កំណត់អត្តសញ្ញាណជនមានពិការភាពឲ្យជាក់លាក់ សំដៅធ្វើយ៉ាងណាផ្តល់សេវាគាំពារសង្គមបានឆាប់រហ័ស។

តបបញ្ហានេះ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានមានប្រសាសន៍ថា ក្រុមការងារជំនាញ បានចុះកំណត់អត្តសញ្ញាណជនពិការភាពដោយទទួលបានលទ្ធផលការងារសរុប ១៤០០ គ្រួសារ។ ជាក់ស្ដែងក្នុងចំណោម ១៥០០ នាក់ មានតែ ៣៦៧ នាក់ ដែលជាប់ការសម្ភាសន៍ជនមានពិការភាពក្នុងមូលដ្ឋាន។

មន្ទីរ នឹងបង្កើនការសហការជាមួយអាជ្ញាធរឃុំសង្កាត់អនុវត្តបន្ថែមទៀត ដើម្បីស្រង់ស្ថិតិបានសុក្រឹត និងផ្តល់អត្ថប្រយោជន៍ជូនក្រុមជនគោលដៅ។

ចំណែកលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងដែរថា តាមក្រឹត្យក្រមធម្មជាតិ ជនគ្រប់រូបពេលដល់វ័យចំណាស់ទៅ បញ្ញា ស្មារតី និងសុខភាព កាន់តែចុះខ្សោយ ចាំបាច់ត្រូវមានការគាំពារ ផ្ដល់ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីកូនចៅ ក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលដៅឲ្យពួកគាត់មានភាពរឹងមាំ អាយុយឺនយូរ។

លោកអភិបាលស្រុកស្រែអំបិល បានបញ្ជាក់ថា ការគិតគូរ និងលើកកម្ពស់កិច្ចគាំពារមនុស្សចាស់នៅគ្រប់ទីកន្លែង ក៏ដូចជាស្រុកស្រែអំបិល ជាយន្តការមិនធ្វើឲ្យមនុស្សចាស់ឯកោនោះឡើយ ខណៈពួកគាត់មានតម្រូវការសេវាថែទាំសុខភាព ថវិកា លំនៅដ្ឋាន និងស្បៀងអាហារជាដើម។ កន្លងទៅ អាជ្ញាធរស្រុក ក៏បានធ្វើការងារច្រើន ដើម្បីពួកគាត់មានបណ្ណសមធម៌ ឬបណ្ណក្រីក្រ និងផ្តល់ស្បៀងអាហារទៀតផង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


