Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំចាប់ផ្តើមបើកដំណើរការប្រឡងបាក់​ឌុប​ជាផ្លូវការជាមួយបេក្ខជនជាង១៣ម៉ឺននាក់

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡាបានចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡង៦ខែវិច្ឆកា២០២៣ ដោយមានបេកជនចូលរួមប្រឡងជាង១៣ម៉ឺននាក់។

បើតាមក្រសួងអប់រំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡង៦វិច្ឆិកា២០២៣ នឹងត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤នៃការប្រឡងគឺគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាព និងលទ្ធផលទទួល យកបាន ពោលគឺ“អ្នកចេះជាប់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនក្រសួងអប់រំបន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួងស្ថាប័នចំនួន៦រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេសអង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងអប់រំសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ
ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងជាដាច់ខាត។បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់)ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១.៣៧៩នាក់(ស្រី២៤៧៨៩នាក់)
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល
មានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥.៣៩៩នាក់។

ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម