ព័ត៌មានជាតិ
អ្នកភូមិច្រកព្រំដែន ៤០០ ចូលព្រៃកាប់ស្លឹកចេកព្រៃលក់ ១ គីឡូលក់បាន ៥០០ រៀល មានម៉ូយមកទិញដល់កន្លែង
ពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិសាស្ត្រតំបន់ច្រក ៤០០ ក្នុងស្រុកសំឡូតបាននាំគ្នាចូលព្រៃដើម្បីកាត់ស្លឹកចេកព្រៃមកលក់យកកម្រៃក្រៅពីការប្រកបរបរកសិកម្មធ្វើស្រែចម្ការ ដែលបានសម្រួលដោះស្រាយជីវភាពគ្រួសារបានមួយផ្នែកធំ។

ការចូលព្រៃកាត់ស្លឹកចេកព្រៃរបស់អ្នកភូមិគឺនាំគ្នាចូលព្រៃតាំងពីព្រឹករហូតដល់ថ្ងៃរសៀល ទើបដឹកស្លឹកចេកចេញពីព្រៃតាមរយៈម៉ូតូដោយមានម៉ូយៗចាំទទួលទិញគឺអ្នកភូមិមិនចាំបាច់ដឹកយកទៅលក់ដល់ទីផ្សារដោយខ្លួនឯងនោះទេ។
បុរសម្នាក់កំពុងថ្លឹងស្លឹកចេកឲ្យម៉ូយបាននិយាយដោយអះអាងថា មុខរបរបន្ទាប់បន្សំតាមរយះចូលព្រៃកាត់ស្លឹកចេកព្រៃលក់នេះ បានផ្តល់ចំណូលបានយ៉ាងតិចក៏ជាង ៤ ម៉ឺនរៀលដែរក្នុងមួយថ្ងៃ។ លោកក៏ដូចជាអ្នកភូមិដទៃទៀតដែរគឺនាំគ្នាចូលព្រៃតាំងពីព្រលឹមរហូតដល់រសៀល ទើបដឹកស្លឹកចេកយកមកថ្លឹងឲ្យម៉ូយដែលបើករថយន្តមកចាំទទួលទិញ មិនពិបាកយកទៅចូលទីផ្សារដោយខ្លួនឯងនោះទេ។
បុរសរូបនេះបន្តថា “ថ្ងៃនេះខ្ញុំកាត់បានត្រឹម ១០០ គីឡូក្រាម។ តែបើមនុស្សស្រីគាត់កាត់បានតិចជាងខ្ញុំ ក្នុង ១ ថ្ងៃដូចគ្នា ដោយសារតែកម្លាំងពួកគាត់ខ្សោយ ហើយខ្វះជំនាញដូចខ្ញុំ តែគាត់តស៊ូដើម្បីដោះបន្ទុកគ្រួសាររៀងៗខ្លួនប៉ុណ្ណោះ ខណះតម្លៃស្លឹកចេកបាន ១ គីឡូក្រាម ៥០០រៀល។

ក្នុងវ័យ ៥៨ ឆ្នាំ អ្នកស្រី អោម ចាន់ បាននិយាយថា “ខ្ញុំកាត់បានស្លឹកចេកបានតែ ៥០ គីឡូក្រាមប៉ុណ្ណោះនៅថ្ងៃនេះ ដោយក្នុង ១ គីឡូថ្លៃ ៥០០ រៀល ខ្ញុំរកបានចំណូលបានត្រឹមតែ ២៥ ០០០ រៀលប៉ុណ្ណោះ”។
មិនខុសគ្នានេះ កញ្ញា ម៉ សុភ័ក្រ វ័យ ១៨ ឆ្នាំបាននិយាយប្រាប់ថា “ខ្ញុំបានជិះម៉ូតូចូលព្រៃជាមួយអ្នកភូមិ ដើម្បីកាត់ស្លឹកចេកចាប់ពីម៉ោង ៧ ព្រឹករហូតដល់រសៀលទើបដឹកស្លឹកចេកចេញពីព្រៃយកមកថ្លឹងលក់ តែថ្ងៃនេះបានតែ ៦០ គីឡូ”។
បើតាមស្រ្តីវ័យក្មេងរូបនេះ មុខរបរមួយនេះកញ្ញាបានធ្វើជាច្រើនឆ្នាំជាមួយបងប្អូន និងអ្នកភូមិក្រៅពីធ្វើចម្ការ “។
ចំណែកបុរសដែលកំពុងសែងស្លឹកចេកដាក់លើរថយន្តទាំងការុងគឺលោក សារ៉េន បានប្រាប់ថា “ខ្ញុំមិនមែនអ្នកទិញទេ ខ្ញុំគ្រាន់តែជាអ្នកស៊ីឈ្នូលដឹកឲ្យម៉ូយនៅបាត់ដំបង ហើយថ្លៃដឹកបានកម្រៃ ១ គីឡូក្រាម ២០០ រៀល ដោយក្នុងមួយជើងដឹកបានយ៉ាងតិចចន្លោះពី ៨០០ គីឡូ រហូតទៅដល់ ១,០០០ គីឡូក្រាម គឺដឹករៀងរាល់ថ្ងៃតែម្តង ហើយម៉ូយគេយកទៅ វេចសង្វាក់និងវេចណែម”។

អាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូតបានឲ្យដឹងថា ការប្រកបរបរបន្ទាប់បន្សំរបស់អ្នកភូមិនេះ ចាប់ផ្តើមយូរឆ្នាំដែរហើយ។ គ្រួសារដែលមានសមាជិកចេញទៅរកកាត់ស្លឹកចេកព្រៃនេះគឺមានស្ថានភាពគ្រាន់បើ តែដល់រដូវកាលដាំដុះផលដំណាំក៏ពួកគាត់បានផ្អាកផងដែរ តែសម្រាប់អ្នកដែលមិនបានធ្វើការដាំដុះក៏នៅបន្តចូលព្រៃដើម្បីរកកម្រៃប្រចាំថ្ងៃដដែល។
មន្ត្រីយោធាគឺលោក តាំង ទីន ឈរជើងការពារព្រំដែនច្រក ៤០០ ក្នុងស្រុកសំឡូត បានប្រាប់កម្ពុជាថ្មីថា ដើមចេកព្រៃនេះបានដុះច្រើននៅតាមភូមិសាស្ត្រខ្សែក្រវ៉ាត់ព្រំដែនរវាងស្រុកសំឡូតខាងកម្ពុជា និង ថៃ ហើយដើមចេកព្រៃនេះបានដុះឡើងក្រោយពីតំបន់នោះ បានកាប់ឈើរលំចោលរហូតដល់ឈើដែលរលំនោះងាប់ពុក ហើ ដើមចេកព្រៃនេះ ក៏បានដុះជំនួសយ៉ាងព្រោងព្រាត ធ្វើឲ្យអ្នកភូមិប្រកាន់យករបរនេះបានយ៉ាងប្រសើរ ក្រៅពីធ្វើចម្ការ។លោកបន្តថា តំបន់ដែលដើមចេកព្រៃដុះមានដូចជា តំបន់ភ្នំ ៤០០,តំបន់ភ្នំផេះ, តំបន់ចរិយា, តំបន់ភ្នំតាង៉ោល, តំបន់ស្រែកបន្តុំ និងតំបន់ព្រែកក្របីជាដើម។ តំបន់ខាងលើនេះស្ថិតក្នុងស្រុកសំឡូត ហើយតំបន់ខាងលើមានតំបន់ចរិយា ដុះច្រើនជាងតំបន់ផ្សេងៗ៕

អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


