Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៥រូប កំពុងសកម្មក្នុងការបំពេញតួនាទីភារកិច្ច នាដើមអាណត្តិទី ៧នេះ

បានផុស

នៅ

នាដើមរាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គេសង្កេតឃើញអ្នកនាំពាក្យចំនួន ៥រូប នៅអង្គភាព និងក្រសួងចំនួន ៥ បាននិងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម។ អ្នកនាំពាក្យទាំង ៥រូបនោះ តែងតែឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ដែល​បានសាក​សួរអំពី​បញ្ហា​អ្វី​មួយ ទាក់ទងនឹងអង្គភាព និងក្រសួងរបស់ខ្លួន ដើម្បីយកព័ត៌មាននោះ ទៅផ្សព្វផ្សាយបន្តជូនដល់សាធារ​ណជន។ អ្វីដែលជាការកត់សម្គាល់ទៀតនោះ គឺអ្នកនាំពាក្យទាំង ៥រូប ក៏បានបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មាន ដោយអនុញ្ញាតទំនាក់ទំនង តាមរយៈបណ្ដាញសង្គមតេលេក្រាម, តាមប្រព័ន្ធទូរស័ព្ទ និងអាចទៅជួបសម្ភាសន៍ផ្ទាល់ ថែមទៀត។ អ្នកនាំពាក្យទាំង ៥រូបនោះ រួមមាន៖

១. លោក ប៉ែន បូណា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា ត្រូវបានតែងតាំងជារដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ក្នុងអាណត្តិទី ៧នេះ ហើយក៏ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចចាត់តាំងជាប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ផងដែរ​។ លោកធ្លាប់មានបទពិសោធន៍ ក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ទាំងស្ថាប័នព័ត៌មានក្នុងស្រុក និងក្រៅស្រុក។ មុនទទួលបានការតែងតាំងជារដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិ​បាល​នោះ លោក ប៉ែន បូណា ធ្លាប់ជាអតីត​ប្រធានក្លិប​អ្នកកាសែត​កម្ពុជា ២អាណត្តិជាប់គ្នា ហើយក្រោយមកនៅចុងអាណត្តិទី ៦ អ្នកសារព័ត៌មានចាស់វស្សារូបនេះ ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន។

ក្នុងរយៈពេលជិត ៣ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ លោក ប៉ែន បូណា ត្រូវបានគេមើលឃើញថា បានបំពេញតួនាទីភារកិច្ចយ៉ាងល្អ ដោយបានឆ្លើយតបនូវរាល់សំណួរ របស់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ លើកលែងតែអង្គភាពសារព័ត៌មាន ដែលនៅក្រៅច្បាប់តែប៉ុណ្ណោះ។ លោកតែងតែឆ្លើយតបសំណូររបស់អ្នកសារព័ត៌​មាន ទាំងតាមបណ្ដាញសង្គមតេលេក្រាម, តាមប្រព័ន្ធទូរស័ព្ទ និងដោយសម្ភាសន៍ផ្ទាល់។

គេក៏សង្កេតឃើញផងដែរ នៅពេលដែលមានដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ទៅក្រៅប្រទេសម្ដងៗ ក៏លោក ប៉ែន បូណា ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល​ ក៏តែងតែសង្ខេបខ្លឹមសារនៃលទ្ធផល ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនទូទៅ។ ម្យ៉ាងទៀត នៅពេលមានកម្មវិធីថ្នាក់ជាតិសំខាន់ៗ លោក ប៉ែន បូណា ក៏តែងតែសង្ខេបនូវប្រវត្តិ ខ្លឹមសារ និងសមិទ្ធផល បង្ហោះនៅលើបណ្ដាញ​សង្គមហ្វេសប៊ុក និងតេលេក្រាមរបស់លោក ដែលនេះជាចំណុចល្អដ៏មួយទៀត សម្រាប់អ្នកសារព័ត៌មាន អាចស្រង់ខ្លឹមសារ យកទៅចុះផ្សាយបន្ត។ ចំណែកឯសាធារណជន ក៏អាចស្វែងយល់ និងទទួលបានចំណេះដឹងមួយចំនួន ដែរ។

២. លោក កត្តា អ៊​ន

លោក កត្តា អ៊​ន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។ លោក កត្តា អ៊​ន ក៏ត្រូវបានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចចាត់តាំងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ។ មុនក្លាយជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកធ្លាប់ជាអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។ លោក កត្តា អ៊​ន ក៏ជាគ្រូបង្រៀនមួយរូប នៅសាកលវិទ្យាល័យអស់រយៈពេលជាច្រើនឆ្នាំមកដល់ពេលបច្ចុប្បន្ន ដោយទទួលបានការកោតសរសើរពីសំណាក់សិស្ស-និស្សិត អំពីទេពកោសល្យ ចំណេះដឹង និងសមត្ថភាព នៃការបង្រៀនរបស់លោក។

តាមពិតទៅលោក កត្តា អ៊​ន បានបំពេញតួនាទីភារកិច្ចយ៉ាងសកម្មរួចទៅហើយ តាំងពីលោកនៅជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្រោយពីទទួលបានការតែងតាំង ជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរយៈពេលជិត ៣ខែមកនេះ លោកកាន់តែសកម្មថែមទៀត នៅក្នុងការឆ្លើយតបសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន និងចម្ងល់របស់សាធារណជន ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសកម្មវិធីនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ទោះបីជាវិស័យថ្មីសម្រាប់មែន តែលោក កត្តា អ៊​ន តែងតែឆ្លើយតបនូវសំណួររបស់អ្នកសារព័ត៌មាន ទាំងតាមបណ្ដាញសង្គមតេលេក្រាម, តាមប្រព័ន្ធទូរស័ព្ទ និងដោយសម្ភាសន៍ផ្ទាល់ ហើយពេលខ្លះលោក ក៏បានសង្ខេបខ្លឹមសារ និងផ្ដល់របាយការណ៍ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកសារព័ត៌​មាន ផងដែរ។

៣. លោក ជិន ម៉ាលីន

លោក ជិន ម៉ាលីន ត្រូវបានបន្តតែងតាំង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។ លោកក៏ត្រូវបានលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចចាត់តាំងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្តទៀត។ តាមពិតទៅលោក ជិន ម៉ាលីន ត្រូវបានតាំងជាអ្នកនាំពាក្យតាំងពីអាណត្តិមុនមកម្លេះ ហើយលោកក៏ធ្លាប់ជាអនុប្រធាន និងជាអ្នកនាំពាក្យ​គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា ផងដែរ។ គេក៏បានដឹងដែរថា លោក ជិន ម៉ាលីន ក៏ជាគ្រូបង្រៀននៅសាកលវិទ្យាល័យ ជាច្រើនឆ្នាំមកហើយដែរ ហើយក៏ទទួលបាននូវការកោតសរសើរពីសំណាក់សិស្ស-និស្សិត អំពីទេពកោសល្យ ចំណេះដឹង និងសមត្ថភាព នៃការបង្រៀនរបស់លោក។

តាំងពីអាណត្តិមុន និងបន្តដល់ដើមអាណត្តិទី ៧នេះ លោក ជិន ម៉ាលីន ក្នុងនាមជាអ្នកនាំពាក្យក្រសួ​ងយុត្តិធម៌ តែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មាន ទាំងតាមបណ្ដាញសង្គមតេលេក្រាម, តាមប្រព័ន្ធទូរស័ព្ទ និងដោយសម្ភាសន៍ផ្ទាល់ ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌។ លើសពីនេះទៀត លោកក៏តែងតែចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ទាំងនៅក្នុងការបំពេញការងារ និងការសិក្សារបស់លោក តាមរយៈប្រពន្ធផ្សព្វផ្សាយ និងតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម ជាដើម។

៤. លោក ទូច សុខៈ

លោក ទូច សុខៈ ត្រូវបានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចចាត់តាំងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ មុនទទួលបានការតែងតាំងនេះ លោកក៏ជាមន្ត្រីនគរបាលក្របខណ្ឌ​ក្រសួងមហាផ្ទៃរួចហើយ និងធ្លាប់មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង ១០ឆ្នាំមកហើយដែរ។ លោក ទូច សុខៈ ធ្លាប់ជាពិធីករព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ និងជាអ្នកដែលតែងតែចែករំលែកនូវចំណេះដឹងច្បាប់ និងសង្គមដល់សាធារណជន តាមរយៈបណ្ដាញសង្គម របស់លោក។

ទោះបីជាទើបទទួលបានការតែងតាំង ជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្មីថ្មោងក៏ពិតមែន តែលោក ទូច សុខៈ ត្រូវបានគេមើលឃើញថា បានបំពេញតួនាទីភារកិច្ចយ៉ាងល្អ។ លោក ទូច សុខៈ តែងតែឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ទាំងតាមបណ្ដាញសង្គមតេលេក្រាម និងតាមប្រព័ន្ធទូរស័ព្ទ ទោះ​បីជាសំណួរ ឬរឿងនោះ មានភាពរសើបយ៉ាងណាក៏​ដោយ។ មិនតែប៉ុណ្ណោះ លោកក៏តែងតែផ្ដល់ខ្លឹមសារព័ត៌មាន ដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ទាំងខ្លឹមសារជាអក្សរ និងខ្លឹមសារជាសំឡេង ដែលបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនទូទៅ ដើម្បីយកទៅចុះផ្សាយបន្ត និងទទួលបានដំណឹង និងព័ត៌មានមួយចំនួន។  

៥. លោក ឯម ច័ន្ទមករា

លោក ឯម ច័ន្ទមករា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។ លោកក៏ត្រូវបានលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចចាត់តាំងជាអ្នកនាំពាក្យរបស់ក្រសួង ហើយបច្ចុប្បន្នលោក ឯម ច័ន្ទមករា ក៏ជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ផងដែរ។

ក្នុងរយៈពេលជិត ៣ខែមកនេះ លោកបានបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ទាំងក្នុងនាមជាតំណា​ងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅចូលរួមក្នុងកម្មវិធីនានា ទាំងក្នុងប្រទេ​ស និងក្រៅប្រទេស ព្រមទាំងការផ្ដល់ព័ត៌មាននានា ពាក់ព័ន្ធសកម្មភាពរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅក្នុងនាមជាអ្នកនាំពាក្យវិញ លោក ឯម ច័ន្ទមករា ក៏តែងតែផ្ដល់ខ្លឹមសារល្អៗ និងរូបភាពដល់អ្នកសារព័ត៌មាន ហើយក៏បានផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ ជាមួយអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម