ព័ត៌មានជាតិ
មន្ត្រីការទូតកម្ពុជា-អារ៉ាប៊ីសាអូឌីត ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដោយផ្អែកលើលទ្ធផលដ៏ផ្លែផ្កានៃជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ នាពេលថ្មីៗនេះ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងលោក MOHAMMED ISMAEIL A. DAHLWY ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្ដើមជំនួប លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានអបអរសាទរអារ៉ាប៊ីសាអូឌីត ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលបានប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ លោករដ្ឋលេខាធិការ ក៏បានរំលឹកឡើងវិញនូវជំនួបទ្វេភាគីប្រកបដោយផ្លែផ្ការវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងរីយ៉ាដ កន្លងទៅនេះ។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀតរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្អែកលើសន្ទុះដ៏ល្អដែលកើតចេញពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ នាពេលថ្មីៗនេះ។
ជារួម ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត។ ទន្ទឹមនេះ លោក ឃួន ផុនរតនៈ និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេស និងគណៈកម្មការសេដ្ឋកិច្ចចម្រុះនៃប្រទេសទាំងពីរ ដែលនេះជាវេទិកាសំខាន់មួយសម្រាប់ស្វែងរកមធ្យោបាយថ្មីនៃសកម្មភាពជាក់ស្តែង ដើម្បីជួយសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ភាគីទាំងពីរ សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។

តាមរយៈជំនួបនេះ លោករដ្ឋលេខាធិការ ឃួន ផុនរតនៈ ក៏បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់កម្ពុជាក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានាសម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


