Connect with us

ព័ត៌មានជាតិ

លោក ឌិន សុមេធារិទ្ឋ លើកទឹកចិត្តយុវជនចូលរួមហាត់ការ ដើម្បីទទួលបានបទពិសោធន៍ការងារ

បានផុស

នៅ

លោក ឌិន សុមេធារិទ្ឋ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​លើក​ទឹកចិត្ត​ដល់​យុវជន​ចូលរួម​ហាត់​ការ​តាម​បណ្ដា​ក្រុមហ៊ុន សហគ្រាស ក្នុង​គោលបំណង​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ជាក់ស្ដែង ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ មុន​នឹង​ឈាន​ឆ្ពោះ​ទទួល​បាន​ការងារ​ធ្វើ​នា​ពេល​អនាគត។

ការ​លើក​ទឹកចិត្ត​របស់​លោក​យ៉ាង​ដូច្នេះ ស្រប​ពេល​រាជរដ្ឋាភិបាល​កំពុង​ដាក់​អនុវត្ត​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​ក្រុម​គោលដៅ យុវជន មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំង​ប្រទេស ចំនួន ១,៥ លាន នាក់ ហើយ​ក្រសួង​ការងារ និង បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ក៏បាន​ជំរុញ​ក្រុមហ៊ុន សហគ្រាស សមាគម ក្នុង​ការ​ផ្តល់​ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស​ដែល​នឹង​ចូលរៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ផង​ដែរ។

លោក ឌិន សុមេធារិទ្ឋ បាន​លើក​ឡើង​ថា ការ​ហាត់​ការ​គឺ​មាន​សារៈសំខាន់​ណាស់​ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ ដើម្បី​ឈាន​ទៅ​រក​ការងារ​ជាក់ស្ដែង​ឲ្យ​ពួកគាត់​យល់​ចំពោះ​ការ​អនុវត្ត​ការងារ​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​នេះ លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា សមាគម​ដែល​បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ( MoU) ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺជា​ការ​ផ្តល់​ឱកាស​ដល់​ប្អូនៗ ដែល​បាន​រៀន​សូត្រ​ក្នុង​កម្មវិធី​នេះ ដើម្បី​បញ្ចេញ​សមត្ថភាព​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះ​បាន​ស្គាល់​សមត្ថភាព ចំណេះ​ជំនាញ​ពួកគេ។

លោក​មាន​ប្រសាសន៍​ថា «ការ​ផ្តល់​ឱកាស​ឲ្យ​គាត់​ហាត់​ការ​ហ្នឹង ជា​ពេលវេលា​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​ភាគី​ទាំងពីរ​បាន​យល់ចិត្ត​គ្នា បាន​ស្គាល់​គ្នា ពិសេស​បាន​ផ្តល់​ឱកាស​ការងារ​ឲ្យ​អ្នក​ហាត់​ការ​ហ្នឹង​ទទួល​បាន​ចំណេះដឹង ចំណេះ​ធ្វើ ឲ្យ​ពួកគាត់​អនុវត្ត​ផ្ទាល់ តើ​ការងារ​ក្តៅ ត្រជាក់​យ៉ាងណា​ចំពោះ​ការ​អនុវត្ត​ជាក់ស្ដែង»។

បន្ថែម​លើស​នេះ លោក សុមេធារិទ្ឋ ក៏បាន​គាំទ្រ​ប្រសាសន៍ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលដៅ នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ ដោយ​ផ្តោត​សំខាន់​លើ​គោលការណ៍ «​ឲ្យ​ចប់ ឲ្យ​ចេះ និង​ឲ្យ​មាន​ការងារ​» ក្នុង​គោលបំណង​ដើម្បី​ឲ្យ​កម្មវិធី​នេះ​ទទួល​បាន​ប្រសិទ្ធភាព។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​និយោជក ចំនួន ១៧ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ហាត់​ការ និង​កម្មសិក្សា ដើម្បី​គាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស។

ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ចាត់ទុកថា នេះ​ជា​កិច្ច​សហប្រតិបត្តិការ​បើក​ផ្លូវ ដើម្បី​ផ្សារភ្ជាប់​ទ្រឹស្ដី​ជាមួយ​នឹង​ការ​អនុវត្ត​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​កសាង អភិវឌ្ឍន៍ និង​ពង្រឹង​ធនធាន​មនុស្ស​នៅ​កម្ពុជា និង​អាច​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា​ជ្រើស​រើស​ក្នុង​ចំណោម​អ្នក​ហាត់​ការ​ដែល​ស្គាល់ និង​យល់ដឹង​អំពី​កន្លែង​ការងារ​ស្រាប់ ធ្វើជា​កម្មករ-និយោជិត និង​បុគ្គលិក​របស់​ខ្លួន​តែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម