រកឃើញយុទ្ធភណ្ឌ​ជាង​៥​តោន និង​នៅ​សល់​ច្រើន​ទៀត ក្នុង​នាវាចម្បាំង​ ខេត្ត​កំពង់ចាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រកឃើញយុទ្ធភណ្ឌ​ជាង​៥​តោន និង​នៅ​សល់​ច្រើន​ទៀត ក្នុង​នាវាចម្បាំង​ ខេត្ត​កំពង់ចាម

Published

on

អាជ្ញាធរខេត្ត​កំពង់ចាម​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ នៅ​ក្នុង​នាវាចម្បាំង​បាន​លិច​នា​សម័យ​សង្គ្រាម​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ត្រូវ​បាន​កម្លាំង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ បាន​បើក​ប្រតិបត្តិការ ស្រង់​បាន​ពី​នាវាចម្បាំង ដែល​លិច​ជាមួយ​នាវា​ចំណាស់ នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។

ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ធ្លាប់បាន​បញ្ជាក់ប្រាប់​អង្គភាព​ព័ត៌មាន កន្លងមក​ថា​៖ «​ឥឡូវនេះ​ក្រុមការងារ​កំពុងតែ​សម្រុក​ដោយហេតុថា ​ក្រុម​របស់​យើង​បាន​ចូល​ទៅដល់​ក្នុង​ទីតាំង​នាវា​ ដែល​បាន​លិច​នោះ​ហើយ ហើយ​បើ​គិត​មកដល់ពេលនេះ​ ក្រុមការងារ​យើង​ប្រមូល និង​ស្រង់​បាន​សរុប​ជាង៥​តោន​ ហើយ​គ្រាប់​កប់​ក្នុង​នាវាចម្បាំង​នេះ​ មាន​ច្រើន​ណាស់​»​។ លោក​មេបញ្ជាការ​ឲ្យ​ដឹង​ទៀតថា គ្រាប់​យុទ្ធភណ្ឌ​ដែល​កម្លាំង​ជំនាញ​ប្រមូល​បាន​ជាង ៥​តោន រួមមាន​៖ គ្រាប់​ត្បាល់ ៨២​មី​លី​ម៉ែត្រ​, គ្រាប់​ត្បាល់ ៦០​មី​លី​ម៉ែត្រ និង​គ្រាប់​កាំភ្លើងយន្ត ១២,៧​មី​លី​ម៉ែត្រ​សរុប​ជាង ៣០០​កេស​ធំ​។

ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា បាន​បន្ថែមថា «​បើតាម​គោលការណ៍​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ខែ ឧសភា ឆ្នាំ២០២១ ឲ្យ​បាន​មុន​រដូវវស្សា​ចូល​មក​ដល់ ប៉ុន្តែ​ចំណុច​នេះ​ គឺជា​ផែនការ​របស់​ក្រុមការងារ​ជំនាញ តែ​ដោយឡែក​សម្រាប់​ស្ថានភាព​ជាក់ស្តែង​ក្រុមការងារ​ជំនាញ​មិន​អាច​សន្និដ្ឋាន​បាន​ទាំងស្រុង​នោះ​ទេ ព្រោះ​ទំហំ​នាវាចម្បាំង​មួយ​នេះ​មាន​ទំហំ​ធំ ហើយ​យើង​ក៏​មិនអាច​ប៉ាន់ប្រមាណ នៃ​ទម្ងន់​គ្រាប់​សរុប​នៅ​ក្នុង​នាវា​នោះ​ទេ។ យើង​នឹង​ចាប់ផ្តើម​សម្រុក​យក​នៅក្នុង​សប្តាហ៍​នេះ គឺ​នៅ​ក្នុង​គ្លុប​ទី​១ សម្រាប់​នាវាចម្បាំង​មួយ​នេះ មាន​ចំនួន​៤ គ្លុប​។

លោក​មេបញ្ជាការ បាន​គូសបញ្ជាក់​ដែរ​ថា សម្រាប់​គ្រាប់​យុទ្ធភណ្ឌ​ដែល​បាន​រក​ឃើញ​នៅក្នុង​គ្លុប​ទី​១ ខាងលើ​អាច​មាន​គ្រាប់​យុទ្ធភណ្ឌ​ចាប់ពី ១០​តោន ទៅ ២០​តោន​ឯណោះ ដូច្នេះ​គ្រាប់​យុទ្ធភណ្ឌ​ទាំងនេះ គឺ​មាន​ចំនួន​ច្រើន ប៉ុន្តែ​បើ​ទោះ​បីជា​ចំនួន​គ្រាប់​ច្រើនយ៉ាង​ណា​ក៏ដោយ កម្លាំង​ជំនាញ នឹង​ខិតខំ​ប្រឹង​សម្រេច​កិច្ចការងារ​នេះ ឲ្យ​រួចរាល់​តាម​គោលការណ៍ នៅ​ក្នុង​កិច្ច ប្រតិបត្តិការ ដែល​មាន​ភាព​ស្មុគស្មាញ និង​ប្រឈម​ចំពោះ​ការ​គ្រោះថ្នាក់​ ក្នុង​កិច្ចការ​ប្រតិបត្តិ​រុករក និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​ នៅ​ក្នុង​នាវាចម្បាំង​មួយ​នេះ​យ៉ាងណាក៏ដោយ​ក្រុមការងារ​យើង​បាន​បែងចែក​យ៉ាង​យកចិត្តទុកដាក់​បំផុត ទៅតាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ។

ក្នុងឱកាស​ចុះ​ជួប​ក្រុមការងារ​បច្ចេកទេស​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម បាន​សម្តែង​នូវ​ការ​អរគុណ រីករាយ ហើយ​បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​នេះ​ដោយ​ប្រុងប្រយ័ត្ន និង​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​៕

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​អាជ្ញាធរខេត្ត​កំពង់ចាម​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services