ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ បច្ចុប្បន្នម្ចាស់ដីកាយថ្មចេញវិញបាន ៧០% ហេីយ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ដោយកាយយកថ្មចេញពីទន្លេបានលទ្ធផល ៧០% ហើយ ដោយម្ចាស់ដីកំពុងបន្តការយកថ្មចេញឱ្យរួចរាល់ក្នុងរយៈពេល ១០ថ្ងៃទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះ នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ ខណៈពេលដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាលនូវសកម្មភាព ការកាយយកថ្មចេញពីទន្លេ ស្ថិតនៅទីតាំងខាងលើ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ក្រោយអនុវត្តតាមវិធានការរបស់អាជ្ញាធរខេត្ត ម្ចាស់ដីបានប្រើគ្រឿងចក្រដើម្បីកាយថ្មចេញពីទន្លេវិញ រហូតមកដល់ពេលនេះ បើពិនិត្យមើលតាមស្ថានភាពជាក់ស្ដែង ផ្នែកនៅលើផ្ទៃទឹកគឺបានយកចេញអស់ហើយ។ ទន្ទឹមនឹងនេះអ្វីដែលជាការងារបន្ត ពួកគាត់ត្រូវបំពេញទៅតាមការកំណត់របស់រដ្ឋបាលខេត្ត គឺត្រូវយកថ្មឱ្យអស់ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមទឹក។

លោកអភិបាលខេត្ត បានបន្ថែមថា ចំពោះមុខ ម្ចាស់ដីបានកាយថ្មចេញសម្រេចបាន ៧០% ហើយពួកគាត់កំពុងបន្ត កាយយកថ្មចេញធ្វើយ៉ាងណាឱ្យអស់ពីទន្លេ ដើម្បីចៀសវាងការប៉ះពាល់ នៃការធ្វើដំណើររបស់នាវាចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីនេះ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ដែលបានកំណត់ឱ្យពួកគាត់យកថ្មចេញឱ្យអស់ ធ្វើយ៉ាងណារក្សាស្ថានភាពដើម នៃទន្លេវិញ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រី នៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពោងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឱ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេ។

លោក អ៊ុន ចាន់ដា យកឱកាសនេះ សូមបញ្ជាក់ជូនសាធារណៈជនដែលបានតែងតែគាំទ្រនូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត នូវអ្វ្វីដែលបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្ត ទទួលបាននូវការរស់នៅប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


