ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង យល់ថា រាល់ការអភិវឌ្ឍសង្គមពិតជាមិនអាចខ្វះបាន ការរួមចំណែកអង្គការសង្គមស៊ីវិល
អាជ្ញាធរខេត្តកោះកុង លើកឡើងថា រាល់កិច្ចការងារអភិវឌ្ឍន៍សង្គមមានប្រសិទ្ធភាព គឺពិតជាមិនអាចខ្វះបាននូវការចូលរួមចំណែកដៃគូអង្គការ សមាគមនានា ក្រៅរាជរដ្ឋាភិបាល ជួយលើកស្ទួយចំគោលដៅបម្រើដល់ប្រជាពលរដ្ឋ។

លោក ហាក់ ឡេង ថ្លែងចំៗ ថា រដ្ឋបាលខេត្តកោះកុង ពិតជាមិនអាចខ្វះបាននូវការចូលរួមពីគ្រប់មជ្ឈដ្ឋាននានា ជាពិសេសភាពជាដៃគូអភិវឌ្ឍន៍ជាមួយអង្គការសង្គមស៊ីវិល ដែលបានធ្វើសកម្មភាព រួមចំណែកស្ទើរគ្រប់វិស័យ ដូចជាការកសាងធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាល និងឧបត្ថម្ភដល់សិស្ស និស្សិត នៃគ្រួសារក្រីក្រ រួមចំណែកលើវិស័យ កសិកម្ម ដោយផ្តល់នូវពូជសត្វចិញ្ចឹម លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមសហគមន៍។

ការថ្លែងលើកសរសើររបស់លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង យ៉ាងដូច្នេះ ធ្វើឡើងក្នុងវេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានតំណាងមន្ទីរអង្គភាព អង្គការ សមាគម អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជាច្រើន។

លោកអភិបាលរងខេត្ត បន្ថែមទៀតថា គោលបំណងពង្រឹងកិច្ចសហការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការ សមាគម និងសហគមន៍នានា ក្នុងដែនសមត្ថកិច្ច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែរីកចម្រើន និងស្របទៅនឹងគោលការណ៍ច្បាប់ ជាប្រទេសមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពេញលេញ។ ស្ថិតក្នុងបរិយាកាសសុខសន្តិភាព និងក្រោមដំបូល នៃលទ្ធិប្រជាធិបតេយ្យ ថ្ងៃនេះ បានរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកោះកុង ក្រោមប្រធានបទ “ការពង្រឹងសហការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការ សមាគម និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តកោះកុង”។

លោក ហាក់ ឡេង សង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បីបន្តចីរភាពឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដោយមានគន្លឹះអាទិភាពចំនួន ០៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

រដ្ឋបាលខេត្តកោះកុង សូមស្នើឱ្យអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពលើទឹកដី នៃខេត្តកោះកុង បន្តស្មារតីក្នុងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ដោយឈរលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ ដើម្បីបន្តរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់សមភាពយេនឌ័រ អភិរក្សធនធានធម្មជាតិ បរិស្ថាន ពង្រឹងវិស័យអប់រំជនបទ ពង្រឹងសេវាសាធារណៈ និងជួយជនងាយរងគ្រោះស្របតាមក្របខ័ណ្ឌ នៃគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។
ចំណែកឯ លោក ម៉េងហាក់ វិច្ឆ័យ ប្រធានបណ្ដាញសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ប្រចាំខេត្តកោះកុង អះអាងថា អង្គការសង្គមស៊ីវិល ជាតួអង្គបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសមានការរីកចម្រើនគ្រប់វិស័យ តាមរយៈការពង្រឹងអភិបាលកិច្ចមូលដ្ឋាន កសាងសមត្ថភាព ការផ្តល់សេវាសាធារណៈ ដូចជា ៖ សុខភាព អប់រំ ការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិជាដើម។
តំណាងប្រធានបណ្ដាញសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ប្រចាំខេត្តកោះកុង យល់ថា លោកចង់ឃើញវេទិកានេះបន្តមាន ព្រោះវាមិនគ្រាន់តែសម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈមពីក្តីកង្វល់ពលរដ្ឋកើតឡើងក្នុងខេត្តប៉ុណ្ណោះទេ តែវាជាកន្លែងសម្រាប់យើងគ្រប់ផ្លាស់ប្ដូរបទពិសោធន៍ និងរៀនពីគ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនង ជឿទុកចិត្ត និងសាមគ្គីភាពដែលអាចដោះស្រាយបញ្ហាអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាពល្អ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


