ព័ត៌មានជាតិ
ខេត្តកែប នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅបុណ្យឆ្លងឆ្នាំសកល ខាងមុខ
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ប្រាប់ឲ្យដឹងថា នៅពេលឆ្លងឆ្នាំសកល ២០២៣ ឈានចូលឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកែប នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ធ្វើឲ្យអធិកអធម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាដើរលេងកម្សាន្តនៅខេត្តកែបកាន់តែច្រើន។

លោក សោម ចិន្ដា បានបញ្ជាក់ប្រាប់ឲ្យដឹងថា ខេត្តកែប ជាគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាទីបំផុត។ នៅក្រោមការដឹកនាំរបស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប តែងតែបានយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ ពិសេសវិស័យទេសចរណ៍ ដែលមកដល់ពេលនេះ កែប មានគោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន ៤២ កន្លែង។

លោក សោម ចិន្តា បញ្ជាក់ទៀតថា គ្រាន់តែព្រឹត្តិការណ៍បុណ្យអុំទូក និងបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ដែលទើបនឹងបញ្ចប់ទៅថ្មីៗ នេះ ខេត្តកែប បានទទួលភ្ញៀវមកលេងកម្សាន្តជាង ៣០ ម៉ឺននាក់។ ហើយសម្រាប់ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តកែប ក៏មានគម្រោងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកែប បញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរ នៅផ្សារក្តាម និងតំបន់ឆ្នេរសមុទ្រ មានការយល់ដឹងច្រើន និងអនុវត្តតាមការណែនាំបានល្អ ដោយឆ្លងតាមព្រឹត្តិការណ៍ធំៗ ដែលទើបបញ្ចប់ទៅ ខេត្តកែប មិនមានលេចឮបាតុភាព ឬ បញ្ហាមិនប្រក្រតីណាមួយកើតឡើងទៀតឡើយ។

ដោយឡែក លោក ហឹន ស្រ៊ាង ម្ចាស់រំដួលក្រុងកែបរីស៊ត បានប្រាប់ឲ្យដឹងដែរថា កន្លែងលោក បានបើកដំណើរការជាង ១ ឆ្នាំ ហើយ គឺមាន ១៧ បន្ទប់ តម្លៃចាប់ពី ៣០ ទៅ ៥០ ដុល្លារ ក្នុង ១ យប់(មិនដំឡើងថ្លៃនោះទេ)។ បន្ថែមនោះ កន្លែងលោក ក៏មានអាងហែលទឹក អាចយកចំណីអាហារពីខាងក្រៅចូល ឬ ធ្វើម្ហូបអាហារនៅខាងក្នុងបាន ដោយខាង រីស៊ត នឹងផ្តល់ជូនចង្ក្រានអាំងសាច់ឥតគិតថ្លៃថែមទៀតផងដែរ។ ហើយសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ខាងមុខ បន្ទប់របស់លោក ត្រូវបានភ្ញៀវកក់ជិតពេញអស់ហើយ។

លោក ហឹន ស្រ៊ាង ក៏បានថ្លែងអំណរគុណដល់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលតែងតែខិតខំអភិវឌ្ឍន៍ និងរៀបចំជាព្រឹត្តិការណ៍ធំៗ ដើម្បីទាក់ទាញទេសចរ បង្កើនចំណូល និងបង្កើតមុខរបរជូនដល់ពលរដ្ឋ៕
អត្ថបទ ៖ សឹង រ៉ាត់







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


