ព័ត៌មានជាតិ
សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៨ ចំនួន ២,១១២នាក់ ទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៨ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២,១១២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា (២៦សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨,៩៣៥នាក់ (ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់) ក្នុងនោះ ជាប់ ១៦,៥១២នាក់ (ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់) ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,១១២នាក់ នាពេលនោះផងដែរ៕
អត្ថបទ ៖ សុខា







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


