ព័ត៌មានជាតិ
កម្ពុជា អាចនឹងមានរោងចក្រផលិតរថយន្តក្នុងស្រុកនៅត្រឹមឆ្នាំ ២០៤០
កម្ពុជា ប្រហែលជាត្រូវការពេល២ទសវត្សថែមទៀត ដើម្បីក្លាយជាប្រទេសផលិតរថយន្តក្នុងស្រុក ពោលគឺអាចចាប់ពីឆ្នាំ ២០៤០ ឬ២០៤៥ ដែលស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាល កំណត់យកឆ្នាំ ២០៥០ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់។ នេះបើតាមការបញ្ជាក់របស់លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

បើតាមលោក សឿន ដារ៉ា សន្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការផ្លាស់ប្តូរទាំងស្រុង ដោយគិតត្រឹមឆ្នាំ ២០១៣ រថយន្តជជុះគ្របដណ្តប់ទីផ្សារប្រមាណ ៩០ភាគរយ ហើយរថយន្តថ្មីមានត្រឹម ១០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែ១ទសវត្សក្រោយមក នៅឆ្នាំ ២០២៣ ការប្រើប្រាស់រថយន្តថ្មីបានកើនឡើងរហូតដល់ ៤៥ភាគរយ ខណៈរថយន្តជជុះរក្សាបានទីផ្សារនៅត្រឹម ៥៥ភាគរយ។

លោកបានពន្យល់បន្ថែមដូច្នេះថា«ទាក់ទងរថយន្តថ្មី យើងឃើញថា ទីផ្សារឡើងដល់ ៤៥%ពិតមែន ប៉ុន្តែរថយន្តចំនួន ៤៥%នេះ មិនមែនលក់ដោយក្រុមហ៊ុនទាំងអស់នោះទេ មានន័យថា ប្រហែល ១០% លក់ដោយអាជីវករ ដែលនាំចូលរថយន្តថ្មីពីបរទេសមកលក់ចែកចាយ(ហៅថាជជុះខ្លាញ់គោ) ដូច្នេះទីផ្សារដែលនាំចូលដោយក្រុមហ៊ុនពិតប្រាកដមានចំនួនតែ ៣៥% នៅសល់ ៦៥%ទៀត ដែលត្រូវអភិវឌ្ឍឱ្យរីកចម្រើនលើវិស័យយានយន្តនេះ»។
ថ្វីត្បិតកម្ពុជា មិនទាន់មានរោងចក្រផលិតរថយន្តនៅក្នុងស្រុក ប៉ុន្តែបច្ចុប្បន្នមានក្រុមហ៊ុនរថយន្តជាច្រើន បាននិងកំពុងដំឡើងរថយន្តនៅកម្ពុជា មានដូចជា ក្រុមហ៊ុន Ford នៅខេត្តពោធិ៍សាត់ ក្រុមហ៊ុន Kia Cambodia នៅប៉ោយប៉ែត ក្រុមហ៊ុន ISUZU Cambodia នៅកំពង់ស្ពឺ និងថ្មីៗនេះ ក្រុមហ៊ុន GTV ជាដើម ហើយនៅពាក់កណ្តាលឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota នឹងបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួននៅជាយរាជធានីភ្នំពេញផងដែរ។ លោក សឿន ដារ៉ា បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតឡើងដោយសារ កម្ពុជា បានអនុម័តច្បាប់វិនិយោគថ្មីនៅក្នុងខែ កញ្ញា ឆ្នាំ ២០២១ និងផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រនិកនៅចុងឆ្នាំ ២០២២។ បន្ទាប់ពីគោលការណ៍ទាំងពីរនេះ ត្រូវបានអនុម័ត កម្ពុជា ទទួលបានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនបរទេសលើវិស័យយានយន្ត។

លោកឧកញ៉ា ឃុន ចាន់ថា ប្រធានអគ្គនាយកប្រតិបត្តិ GTV Motor បានលើកឡើងថា ការផលិតឬដំឡើងរថយន្តនៅក្នុងស្រុក ជួយដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសតម្លៃរថយន្តធូរថ្លៃជាងការនាំចូល ព្រោះត្រូវបានសម្រួលទៅលើបញ្ហាពន្ធ។ ជាក់ស្តែងក្រុមហ៊ុន GTV Motor បានដាក់បង្ហាញរថយន្តដែលដំឡើងនៅកម្ពុជា កាលពីថ្ងៃទី ០៣-០៤ ខែកុម្ភៈ ដើម្បីឱ្យប្រជាពលរដ្ឋបើកសាកល្បងគុណភាព។ ក្រុមហ៊ុនបានអះអាងថា នឹងដំឡើងក្នុងមួយឆ្នាំជាង ៣ម៉ឺនគ្រឿង ដើម្បីបំពេញតម្រូវការក្នុងស្រុក។

លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងលោកថា កម្ពុជា បាននាំចេញគ្រឿងបង្គុំរថយន្តបានប្រមាណជាង ២០០លានដុល្លារ និងគ្រឿងអេឡិចត្រូនិកមានតម្លៃជាង ៩០០លានដុល្លារអាមេរិក នៅឆ្នាំ ២០២៣។

យោងតាមផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួន២០ ដែលនៅក្នុងនោះ គំនិតផ្តូចផ្តើមជាអាទិភាពចំនួន៤ មានភាពបន្ទាន់ បាននិងកំពុងអនុវត្ត រួមមាន ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការកំណត់ទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ចង្កោមយានយន្ត និងអេឡិចត្រូនិក, សហការជាមួយវិស័យឯកជន ដើម្បីបង្កើនជំនាញដល់កម្មករនិយោជិត និងធ្វើឱ្យប្រសើរឡើងនូវនិតិវិធីឡូជីស្ទិក ជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


