Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា ត្រូវបានចាត់តាំងជាប្រធាន អនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងជាប្រធានអនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ក្រោមចំណុះគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចបង្កើតនូវគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលដឹកនាំដោយឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធាន។

គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានតួនាទី និងភារកិច្ចដឹកនាំ បញ្ជា និងចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ហើយគណៈបញ្ជាការនេះមានគណៈកម្មការចំនួន៥ ជាសេនាធិការ។ គណៈកម្មការចំនួន៥ នេះ គឺ ១. គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ២. គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ៣. គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ៤. គណៈកម្មការទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ និង៥. គណៈកម្មការផ្គត់ផ្គង់។

បើតាមសេចក្ដីសម្រេចដដែលនេះ ចំពោះគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន គឺត្រូវបានបង្កើតឱ្យមានអនុគណៈកម្មការចំណុះចំនួន៣ថែមទៀត ដែលក្នុងនោះ អនុ គណៈកម្មការមួយ គឺអនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ត្រូវបានដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកមួយចំនួន។  

អនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺមានភារកិច្ចប្រមូលព័ត៌មាន ដើម្បីវិភាគ និងវាយតម្លៃអំពីឧបាយកល បែបផែនសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន សំដៅដាក់ចេញផែនការ វិធានការបង្ការ ទប់ស្កាត់ ការចរាចរឆ្លងកាត់គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រប់ប្រភេទតាមបញ្ញើប្រៃសណីយ៍។ បន្ថែមពីនេះ ត្រូវសហការជាមួយអង្គការអន្តរជាតិ និងភ្នាក់ងារអនុវត្តច្បាប់នៃបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរព័ត៌មាន និងមានវិធានការស្រាវជ្រាវបង្ក្រាបមុខសញ្ញាពាក់ព័ន្ធការចរាចរគ្រឿងញៀនខុសច្បាប់តាមបញ្ញើប្រៃសណីយ៍ ម្ចាស់ការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម