ព័ត៌មានជាតិ
ក្រសួងអប់រំ បើកថ្នាក់អក្ខរកម្មជាង ៩០០ ថ្នាក់ នៅទូទាំងប្រទេស ដើម្បីលុបបំបាត់អនក្ខរភាព
ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់អក្ខរកម្មប្រមាណជាង ៩០០ ថ្នាក់ នៅទូទាំងប្រទេស ដើម្បីលុបបំបាត់អនក្ខរភាពនៅកម្ពុជាឱ្យកាន់តែធ្លាក់ចុះបន្ថែមទៀត។

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ នៅព្រឹកថ្ងៃទី៥ ខែមីនា នេះថា ក្រសួងមានថ្នាក់អក្ខរកម្មចំនួន ៩៣០ ថ្នាក់ គ្របដណ្តប់ ៨៣៨ ភូមិ ៥៤៨ ឃុំ/សង្កាត់ ១៨៥ ក្រុង/ស្រុក/ខណ្ឌ នៅទូទាំងប្រទេស។ ក្នុងនោះក្រសួងគ្រប់គ្រងថ្នាក់អក្ខរកម្ម ៨៧០ ថយ ៥ ស្មើ ០,៥៧ ភាគរយ និងដៃគូអភិវឌ្ឍគ្រប់គ្រងថ្នាក់អក្ខរកម្ម ៦០ កើន ២ ស្មើ ៣,៤៥ ភាគរយ។

អ្នកស្រី បានបន្តថា ក្រសួងសហការជាមួយ អង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការអាយឡូ វិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា សមាគមអភិវឌ្ឍន៍ស្ត្រីកម្ពុជា និងរោងចក្រ បានអនុវត្តកម្មវិធី អក្ខរកម្មនៅតាមរោងចក្រមាន ២៤ ថ្នាក់ នៅតាមពន្ធនាគារមាន ៣៤ ថ្នាក់ និងនៅមណ្ឌលអប់រំកែប្រែមាន ៧ ថ្នាក់ ដោយ ដំណើរការនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កោះកុង ព្រៃវែង កំពត មណ្ឌលគិរី រតនគិរី សៀមរាប ត្បូងឃ្មុំ កណ្តាល ស្វាយរៀង ព្រះសីហនុ តាកែវ ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
អ្នកស្រី ឃួន វិច្ឆិកា បានបន្តទៀតថា ជាមួយគ្នានេះ ក្រសួងមានគ្រូអក្ខរកម្មចំនួន ៩៦១ នាក់ ស្រី ៤៩,២២ ភាគរយ ក្នុងនោះគ្រប់គ្រងដោយក្រសួងចំនួន ៨៧០ នាក់ ស្រី ៤៨,៥១ ភាគរយ និងគ្រប់គ្រងដោយដៃគូអភិវឌ្ឍ ៩១ នាក់ ស្រី ៥៧,១៤ ភាគរយ។ គ្រូអក្ខរកម្មបានទទួលការបំប៉ន ៨៨២ នាក់ ស្រី ៤៨,៥៣ ភាគរយ ក្នុងនោះបំប៉នដោយក្រសួង ៧៩៦ នាក់ ស្រី ៤៧,៤៩ ភាគរយ រួមទាំងគ្រូអក្ខរកម្មសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ ២៤ នាក់ ស្រី ៥០ ភាគរយ បានបំប៉ន ២៤ នាក់ ស្រី ៥០ ភាគរយ ពន្ធនាគារបានបំប៉ន ៣៣ នាក់ ស្រី ៣៣,៣៣ ភាគរយ និងមណ្ឌលអប់រំកែប្រែបានបំប៉ន ៧ នាក់ ស្រី ១៤,២៩ ភាគរយ។ គ្រូអក្ខរកម្មបំប៉នដោយដៃគូអភិវឌ្ឍ ៨៦ នាក់ ស្រី ៥៨,១៤ ភាគរយ។

លោកស្រី បានបន្ថែមថា ក្នុងចំណោមថ្នាក់អក្ខរកម្ម ៩៣០ ថ្នាក់ មានអ្នកសិក្សាចំនួន ១៧ ៨៦១ នាក់ ស្រី ៦២,២០ ភាគរយ ក្នុងនោះអ្នកសិក្សានៅតាមរោងចក្រមាន ៤៨៦ នាក់ ស្រី ៩០,៧៤ ភាគរយ នៅពន្ធនាគារ ៧០០ នាក់ ស្រី ៨១,៤ ភាគរយ នៅមណ្ឌលអប់រំកែប្រែ ១៦៥ នាក់ ស្រី ២៤,២៤ ភាគរយ។ អ្នកសិក្សាបានបញ្ចប់វគ្គ ១៥ ៦០០ នាក់ ស្រី ៦៣,៤៤ ភាគរយ ក្នុងនោះបានឆ្លងកាត់តេស្តស្តង់ដាបញ្ចប់ជាប់ ១៤ ៤៦៧ នាក់ ស្មើ ៩២,៧៤ ភាគរយ ស្រី ៦៣,៧៤ ភាគរយ ដោយមានបំណិនផ្នែកអក្សរ ១២ ៩២៥ នាក់ ស្មើ ៨២,៨៥ ភាគរយ ស្រី ៦៤,០១ ភាគរយ និងបំណិនផ្នែកលេខ ១២ ២៧០ នាក់ ស្មើ ៧៨,៦៥ ភាគរយ ស្រី ៦៣,៨៤ ភាគរយ។ ឆ្នាំ២០២៣ កន្លងទៅមាន អនក្ខរជនអាយុ ១៥ ឆ្នាំឡើងមាន ៥៥៩ ៣៥២ នាក់ ស្រី ៥១,២០ ភាគរយ ហើយកម្មវិធីអក្ខរកម្មបានរំដោះអក្ខរជន ១៤ ៤៦៧ នាក់ ស្មើ ២,៥៩ ភាគរយ ស្រី ៦៣,៧៤ ភាគរយ។

អ្នកស្រី ឃួន វិច្ឆិកា បានឱ្យដឹងទៀតថា ប្រការនេះបញ្ជាក់ឱ្យឃើញថា កម្មវិធីអក្ខរកម្មមានការយកចិត្តទុកដាក់ពីអ្នកសិក្សា ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងការសិក្សាពេញមួយជីវិត និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ជាទិសដៅក្រសួងនឹងពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីអក្ខរកម្មសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ កម្មវិធីសមមូលមធ្យម សិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ុនធឺណិត ឱ្យបានទូលំទូលាយ កៀរគរធនធានសម្រាប់ជំរុញដំណើរការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញ មួយជីវិត ឱ្យបានពេញលេញ។
យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជា ឆ្នាំ២០២១ ចេញផ្សាយដោយវិទ្យាស្ថានស្តិតិ នៃក្រសួងផែនការឆ្នាំ២០២២កន្លងទៅបង្ហាញថា អត្រាអក្ខរកម្មជនពេញវ័យអាយុ ១៥ ឆ្នាំឡើង បានកើនឡើងពី ៨១,៩ ភាគរយនៅឆ្នាំ២០២០ ដល់ ៨៤,៧ ភាគរយ នៅឆ្នាំ២០២១ ក្នុងនោះមានបុរសចំនួន ៨៩,៥ ភាគរយ និងស្រី ៨០,៣ ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


