ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ មកដល់ពេលនេះអ្នកទទួលវ៉ាក់សាំងកូវីដ១៩ មានសុខភាពធម្មតាទាំងអស់
ក្រសួងសុខាភិបាលបានបញ្ជាក់ថា មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មិនមានបុគ្គលណាម្នាក់ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមនៅកម្ពុជារួចហើយនោះ បានស្លាប់បាត់បង់ជីវិតដោយសារចាក់វ៉ាក់សាំងនោះឡើយ ពោលគឺមានសុខភាពធម្មតាទាំងអស់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលនេះថា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទាំងអស់មានសុខភាពជាប្រក្រតី និងច្រានចោលមានព័ត៌មានបំពុងសង្គមថាមានពលរដ្ឋម្នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដ១៩។
លោកជំទាវ មានប្រសាសន៍ថា៖ “មិនមានអ្នកណាបាត់បង់ជីវិតដោយសារការចាក់វ៉ាក់សាំងទេ។ ហើយចំនួនប្រជាពលរដ្ឋកម្ពុជាដែលបានចាក់វ៉ាក់សាំង៣០០០ ជិត៤០០០នាក់នោះ មានស្ថានភាពសុខភាពធម្មតា គឺមិនមានអ្នកណាមានបញ្ហា ឬស្លាប់បាត់បង់ជីវិតទេ”។
លោកស្រី បានបកស្រាយបន្តថា៖ “ធម្មតាការចាក់វ៉ាក់សាំង [កូវីដ១៩] គឺដូចជាវ៉ាក់សាំងដទៃទៀតអ៊ីចឹង អ្នកដែលធ្លាប់យកកូនចៅទៅចាក់វ៉ាក់សាំង [បង្ការជំងឺផ្សេង] គាត់ដឹងហើយ ចំពោះការប្រតិកម្មដែលខ្លួនយើងឆ្លើយតបវ៉ាក់សាំងហ្នឹង មានដូចជាក្ដៅខ្លួន អ្នកខ្លះចង់ក្អួត ឈឺពោះ រាគរូសអ៊ីចឺងទៅ ប៉ុន្តែវានឹងបាត់ទៅវិញនៅរយៈពេល២៤ម៉ោង គឺតែ១ថ្ងៃ ២ថ្ងៃវានឹងបាត់ទៅវិញហើយ។ ឬអ្នកខ្លះមានចេញរមាស់ តែវានឹងបាត់ទៅវិញផងដែរ ឬបើចេញរមាស់ខ្លាំងអាចទៅជួបគ្រូពេទ្យ គ្រូពេទ្យឱ្យថ្នាំ នោះនឹងបាត់វិញហើយ… វាអត់មានបញ្ហាអ្វីដល់ថ្នាក់បាត់បង់ជីវិតទេ”។

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ចំណែកករណីថាគ្រូបង្រៀនស្លាប់នោះ ជារឿងបុគ្គលសុទ្ធសាទ ដោយសារមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន គឺមិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងទេ តែត្រូវជនបំពុលសង្គមយករូបថតគាត់មកបំផុសបំផុលថា មានគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះស្លាប់បាត់បង់ជីវិតដោយសារវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន។
លោកជំទាវបញ្ជាក់ទៀតថា ក្រសួងសុខាភិបាលសូមចូលរួមចែករំលែកមរណៈទុក្ខចំពោះគ្រួសារសព ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់ទៅលើការផ្សាយបំផុសប្រឌិតនូវព័ត៌មាននេះ។ ថាមកទល់ពេលនេះក្រសួងនៅមិនទាន់មានការចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្រុមគ្រូបង្រៀននៅឡើយទេ។ មានន័យថារហូតមកដល់ពេលនេះនៅមិនទាន់មានគ្រូបង្រៀនណាម្នាក់ទទួលបានចាក់វ៉ាក់សាំងនេះទេ។
គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) មានចំនួនសរុប ៤៦៦៩នាក់ (ស្រី ១៧២២នាក់) ក្នុងនោះមាន អ្នកបានចាក់វ៉ាក់សាំងរួចចំនួន ៣៨០៣នាក់ (ស្រី ១២៥៩នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់មានចំនួន ៨៦៦នាក់ (ស្រី ៤៦៣នាក់)៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ អនុក្រឹត្យថ្មី ពិន័យអ្នកគេចវេះចត្តាឡីស័កមួយគុណជាប្រាំ មេខ្យល់ឡើងដល់ ៥០លានរៀល
អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដាក់ចេញវិធានការតឹងរឹង ទប់ស្កាត់ការឆ្លងកូវីដ១៩
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


