សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ស្នើ​ហ្វីលីពីន​ជួយ​ជំរុញ​លើកទឹកចិត្ត​អ្នកទេសចរនិង​អ្នក​វិនិយោគិន​ហ្វីលីពីន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ស្នើ​ហ្វីលីពីន​ជួយ​ជំរុញ​លើកទឹកចិត្ត​អ្នកទេសចរនិង​អ្នក​វិនិយោគិន​ហ្វីលីពីន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា

Published

on

ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ដល់​ហ្វីលីពីន​ឱ្យជួយ​ជំរុញ​លើកទឹកចិត្ត​អ្នកទេសចរ និង​អ្នក​វិនិយោគិន​ហ្វីលីពីន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ ម៉ា​រៀ អ៊ែ​មើ​លី​តា ស៊ី​.​អាគី​ណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ថ្មី ប្រចាំ​កម្ពុជា ចូលជួប​ធ្វើ​សវនាការ និង​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។

ការស្នើ​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោកជំទាវ ម៉ា​រៀ អ៊ែ​មើ​លី​តា ស៊ី​.​អាគី​ណូ ដែល​ត្រូវបាន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​កម្ពុជា​។ ក្នុងជំនួប​នោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​នឹង​បន្ត​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ហ្វីលីពីន​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត ដើម្បី​ជា​គុណប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ទាំង​ពេលបច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ​។ ការរីកចម្រើន និង​ទំនាក់ទំនង​ដ៏​ល្អ​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន​នានា​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​វិបុល​សេនា​ភក្តី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន ចំពោះ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ឱ្យបាន​ទៅ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅតាម​សកល​វិទ្យាល័យ​នានា​នៅ​ប្រទេស​ហ្វីលីពីន​។

សម្តេច​ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​ការបង្កើត​សភាពាណិជ្ជកម្ម​ហ្វីលីពីន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ សម្តេច​សង្ឃឹមថា បន្ទាប់ពី​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ យន្តការ​នេះ​នឹង​បន្ត​ដំណើរការ ដែល​នឹង​ជួយ​ជំរុញ និង​លើកកម្ពស់​បន្ថែមទៀត​ដល់​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រ​ទស​ទាំងពីរ​។ ជាមួយគ្នានេះ សម្តេច​ប្រធានព្រឹទ្ធសភា​ក៏បាន​ស្នើ​ដល់​លោកជំទាវ​ឯកអគ្គរដ្ឋទូត ជួយ​ចលនា និង​លើកទឹកចិត្ត​អ្នកទេសចរ និង​អ្នក​វិនិយោគិន​ហ្វីលីពីន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា និង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ។

សម្តេច​វិបុល​សេនា​ភក្តី​បាន​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា តាមរយៈ​ការផ្តល់​គ្រូបង្រៀន​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ក្នុងពេល​កន្លងទៅនេះ​។ សម្តេច​សង្ឃឹមថា​ស្ថានទូត​ហ្វីលីពីន​នឹង​បន្ត​គាំទ្រ​លើ​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស និង​ជំនាញ​នានាៗ ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នាពេលខាងមុខ​បន្ថែមទៀត​។ សម្តេច​វិបុល​សេនា​ភក្តី​បាន​ជំរាបជូន​ថា សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) លើក​ទី​១១ នា​ខែតុលា ឆ្នាំ​២០២១ និង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ នៅ​ឆ្នាំ​២០២២​។ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ស្នើសុំ​ការគាំទ្រ និង​អញ្ជើញ​សភា​ហ្វីលីពីន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងអស់នេះ​។

ក្នុង​ឱកាស​នោះ​ដែរ លោកជំទាវ ម៉ា​រៀ អ៊ែ​មើ​លី​តា ស៊ី​. អាគី​ណូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បានអនុញ្ញាត​ឱ្យចូល​ជួប​សម្តែង​ការគួរសម​នាពេលនេះ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ជ្រាបថា ក្នុង​បេសកកម្ម​ការទូត​របស់​លោកជំទាវ គឺ​ផ្តោត​សំខាន់​លើ​ការជួយ​ជំរុញឱ្យមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បា​នស​ន្យា​ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​វិនិយោគ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ លោកជំទាវ​បន្តថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់​ទង​ការទូត​តាំងពី​យូរលង់​ណាស់​មកហើយ​។ តាមរយៈ​ទំនាក់ទំនង​នេះ ប្រទេស​ហ្វីលីពីន​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​សំខាន់ សម្រាប់​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​។ ក្រៅពីនេះ ប្រទេស​ហ្វីលីពីន​បានផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​វិស័យ​វិទ្យាសាស្ត្រ និង​វិស័យ​ផ្សេងៗ​ទៀត នៅ​ប្រទេស​ហ្វីលីពីន​។ លោកជំទាវ​សន្យាថា ក្នុង​អាណត្តិ​ការទូត​នេះ​លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អាហារូបករណ៍​បន្ថែមទៀត​សម្រាប់​និស្សិត​កម្ពុជា ព្រមទាំង​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​តាម​រយៈ​ស្ថាប័ន​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទាក់ទង​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) លើក​ទី​១១ នៅ​ឆ្នាំ​២០២១ និង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ នៅ​ឆ្នាំ​២០២២ ព្រមទាំង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ លោកជំទាវ​សូម​គាំទ្រ និង​អញ្ជើញ​ភាគី​ហ្វីលីពីន​ចូលរួម​ក្នុង​ព្រឹ​តិ្ត​ការណ៍​សំខាន់ៗ​ទាំងអស់នេះ​។

ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សន្យា​ដែរ​ថា​នឹង​ត្រៀមខ្លួន​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​៕

ដោយ ៖ ប៉ាល់​សុង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services