Connect with us

ព័ត៌មានជាតិ

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

បានផុស

នៅ

វិស័យកសិកម្មនៅកម្ពុជារក្សាបានកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេច​បានកំណើន​ជាមធ្យមប្រមាណ ០,៧៦% ក្នុងមួយឆ្នាំ និងរួមចំណែកប្រមាណ ២០,៨% នៃ​ផលិតផល​ក្នុងស្រុកសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃបន្ថែមសរុប​នៃវិស័យកសិកម្មមានការកើនឡើងជាលំដាប់ពី ៤,៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៥ រហូតដល់ប្រមាណ ៥,៦ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០១៩ ការនាំចេញផលិតផលកសិកម្មសរុប​សម្រេចបាន ចំនួន ៦,៩លានតោន ស្មើនឹងទឹកប្រាក់​ប្រមាណ​ជាង ១,៩៥ ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះអង្ករមានចំនួន ៦២០ ១០៦ តោន ចំណិត​ដំឡូងមីក្រៀម​ចំនួន ១ ៦២៦ ១៦៥តោន ដំឡូងមីស្រស់ចំនួន ១ ៦០៨ ៤៥០ តោន គ្រាប់ស្វាយ​ចន្ទី​ចំនួន ២០២ ៣១៨តោន និងគ្រាប់ពោតចំនួន ១១៩ ៩៩៣ តោន។

បើយោង​តាម​ឯកសារ​​ផែនការ​មេ​គ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង​ភស្តុភារកម្ម​កម្ពុជា (២០២៣-២០៣៣) វឌ្ឍនភាពនេះ​បានបង្ហាញឱ្យឃើញថា វិស័យកសិកម្មបានបង្កើតឱ្យមាននូវតម្រូវការដឹកជញ្ជូនក្នុងចំណែក​មួយដ៏ធំដែលក្នុងនោះមានទាំងការដឹកជញ្ចូនចែកចាយធាតុចូលកសិកម្ម ការបែងចែក​ផលិតផល កសិកម្មក្នុងស្រុក និងការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ។

តម្រូវការការដឹក​ជញ្ជូនសម្រាប់វិស័យកសិកម្មនៅកម្ពុជាផ្ដោត​លើអនុវិស័យ​ដំណាំ​សំខាន់ៗ រួមមានស្រូវនិងអង្ករ ដំឡូងមី ពោតក្រហម អំពៅ ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំ​ផ្សេង​ទៀត។

ដំណាំស្រូវមាន​ផ្ទៃដីដាំដុះសរុបសម្រេច​បាន ៣,៣២ លានហិកតា និងទទួលបានបរិមាណផលសរុបចំ​នួន ១០,៨៨ លានតោន ក្នុងឆ្នាំ២០១៩។ ផលិតកម្មស្រូវ​ដែលសម្រេចបាននេះ​ ជំរុញឱ្យកម្ពុជាអាចនាំចេញអង្ករបានចំនួន ៦២០ ១០៦ តោន និងស្រូវចំនួន ២ ១៥៥ ១០២តោន ក្នុងឆ្នាំ២០១៩។ ជាទូទៅ ផលិតកម្មស្រូវភាគច្រើនមាននៅខេត្តជុំវិញដីសណ្ដទន្លេមេគង្គ ជាពិសេស​ប្រមូលផ្តុំនៅក្នុងខេត្ត ព្រៃវែង តាកែវ កំពង់ធំ កណ្តាល បាត់ដំបង និង​បន្ទាយមានជ័យជាដើម។

ដោយឡែក​សម្រាប់ដំណាំពោត សម្រេចបានផ្ទៃដីដាំដុះចំនួន ២០០ ០៣៦ហិកតា និង​ទទួលបានបរិមាណ​ផលសរុប ៨៩៥ ៤៣៦ តោន ក្នុងឆ្នាំ២០១៩។ ការណ៍នេះ​ជំរុញឱ្យការនាំចេញ​គ្រាប់ពោត សម្រេចបានចំនួន ១១៩ ៩៩៣តោន ក្នុងឆ្នាំ២០១៩។ ដំណាំពោតភាគច្រើនត្រូវបានដាំដុះនៅខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និងកណ្តាល។

ចំពោះផលិតកម្មអំពៅផ្ទៃដីដាំដុះសរុបសម្រេចបាន ១៧ ០១៦ ហិកតា និងទទួលបានបរិមាណផល​សរុបចំនួន ៦១៨ ៣១៣ តោន ក្នុងឆ្នាំ២០១៩។ ផ្អែកលើបរិមាណផលក្នុងឆ្នាំ២០១៩ បាន​ជំរុញឱ្យ​កម្ពុជាអាចនាំចេញផលិតផលស្ករសដែលផលិតពីអំពៅបានចំនួន ២៨១ ៤០៤ តោន។

ផលិតកម្មអំពៅមានច្រើននៅក្នុងខេត្តកំពង់ឆ្នាំង ស្វាយរៀង និងកំពង់ស្ពឺ និងរោងចក្រស្ករស​ដ៏ធំមួយនៅក្នុង​ស្រុកឱរ៉ាល់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

សម្រាប់ដំឡូងមីផ្ទៃដីដាំដុះសរុបសម្រេចបាន ៦៥៦ ៨៦៨ហិកតា និង​ទទួលបានបរិមាណផលសរុប​ចំនួន ១៣,៥១លាន តោន ក្នុងឆ្នាំ២០១៩។ ការនាំចេញផលិតផលដំឡូង​មីសម្រេចបាន​គួរឱ្យកត់សម្គាល់រួមមាន៖ ដំឡូងមីស្រស់ចំនួន ១ ៦០៨ ៤៥០តោន ចំណិតដំឡូងមីក្រៀមចំនួន ១ ៦២៦ ១៦៥ តោន និងម្សៅដំឡូងមីចំនួន ៥៦ ៨៧៤តោន ក្នុងឆ្នាំ​២០១៩។

ជាទូទៅ ដំណាំដំឡូងមីត្រូវបានដាំដុះច្រើននៅតាមបណ្តាខេត្តភាគពាយព្យ​ជាប់ព្រំប្រទល់​ជាមួយប្រទេសថៃ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ និងភាគច្រើនត្រូវបាននាំចេញតាមច្រកប្រទេស​ថៃ។ តំបន់ភាគឦសាន និងបូព៌ា រួមមាន៖ ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ចាម រតនគិរី និងព្រះវិហារមានចម្ការដំឡូងមីជាច្រើនផងដែរ ដែលនឹងក្លាយ​ទៅជាផលិតផលនាំចេញដ៏សំខាន់ជាពិសេសទៅកាន់ប្រទេសចិន។

មកទល់នឹងឆ្នាំ ២០២២ កំណើនផ្ទៃដីដាំដុះស្វាយចន្ទីមាន ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផល​មាន ២៧៥ ៦៧៩ ហិកតា ដែលទិន្នផលជាមធ្យមទទួលបាន ១,៧៤តោន ក្នុងមួយ​ហិកតា និងទទួលបាន​បរិមាណផលសរុបប្រមាណ ៤៧២ ៦៣៦តោន ក្នុងមួយឆ្នាំ។

ខេត្តចំនួន ១០ ដែលមានផ្ទៃដីដាំដំណាំស្វាយចន្ទីច្រើនជាងគេ មានខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តសៀមរាប។

ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧ ៩៧៤,២៦តោន (កើនឡើង​ចំនួន ៣២៨,៣៤ ភាគរយ ធៀបនឹងឆ្នាំ២០២០)។ ទោះបីកម្ពុជាបាន ផលិតគ្រាប់ស្វាយចន្ទីច្រើន​យ៉ាងណាក្តី បច្ចុប្បន្នកម្ពុជា​បានកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ៥%​ ប៉ុណ្ណោះ ហើយគ្រាប់​ស្វាយចន្ទី​ស្រស់មួយភាគធំ​ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ដែលជាហេតុធ្វើ ឱ្យកម្ពុជាបាត់បង់តម្លៃបន្ថែម។

សម្រាប់ដំណាំកៅស៊ូ ផ្ទៃដីដាំដុះសរុបសម្រេចបាន ៤០៥ ៦៧១ ហិកតា និងទទួលបានផលិតផលកៅស៊ូ​សរុបចំនួន ២៨៧ ៦២៨ តោន ដែលជំរុញឱ្យការនាំចេញកៅស៊ូសម្រេចបានដល់ ២៨២ ០៧១​តោន ក្នុងឆ្នាំ២០១៩។ ដំណាំកៅស៊ូភាគច្រើនត្រូវបានដាំដុះក្នុងខេត្តកំពង់ចាម ក្រចេះ កំពង់ធំ និង​រតនគិរី។ ក្រៅពីនេះក៏ត្រូវបានដាំដុះនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ ដូចជាខេត្តកំពត ព្រះសីហនុ មណ្ឌលគិរី សៀមរាប ប៉ៃលិន និងព្រះវិហារ។

ផលិតផលកៅស៊ូភាគច្រើនត្រូវបានលក់ក្នុងទម្រង់ជាជ័រឆៅ (latex) និង កៅស៊ូបង្កក (coagulum) ពីកសិករ​ទៅរោងចក្រកែច្នៃក្នុងស្រុកដោយផ្ទាល់ ឬពីកសិករដោយឆ្លងកាត់អ្នកប្រមូល​ទិញ ​ទើបបន្តលក់ឱ្យ​រោងចក្រកែច្នៃក្នុងស្រុក​ឬពីអ្នកប្រមូលទិញទៅប្រទេសវៀតណាម (ក្រៅផ្លូវការ) តាមច្រក​ព្រំដែនខេត្តដែលនៅជាប់ប្រទេសវៀតណាម។

រោងចក្រកែច្នៃក្នុងស្រុកធ្វើការផលិតជ័រកៅស៊ូដុំនិង​បន្ទះ​ដែល​ហៅ​ថា TSR​ (technical specified rubber) និង RSS (ribbed smoked sheet) ដោយ​ប្រើប្រាស់ជ័រឆៅ និង​កៅស៊ូ​បង្កក ដែលបាន​ទិញ​នៅក្នុង​ស្រុក​បូករួមជាមួយកៅស៊ូដែលទទួលបានពីចម្ការកៅស៊ូ​ផ្ទាល់ខ្លួន ដើម្បីធ្វើការនាំចេញទៅ​ប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក៏ប៉ុន្តែដោយសារ​ទីតាំងរោងចក្រកែច្នៃនៅឆ្ងាយ​ពីកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ដូច្នេះការនាំចេញកៅស៊ូមួយភាគធំត្រូវពឹងផ្អែកលើច្រកនៃប្រទេសវៀតណាមនិងថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម