ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌
ក្នុងជំនួបជាមួយ ប្រតិភូអ៊ុយក្រែន, លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចែករំលែកបទពិសោធន៍ល្អៗរបស់កម្ពុជា ក្នុងសកម្មភាពមីន ដែលក្នុងនោះរួមទាំងកិច្ចសង្រ្គោះជនរងគ្រោះ និងបានបញ្ជាក់ទៅកាន់គណៈប្រតិភូប្រទេសអ៊ុយក្រែនថា កម្ពុជានឹងបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យគណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយ លោក Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង និងលោក Ihor Bezkaravainyi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន ជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។ ក្នុងជំនួបនេះ មានការចូលរួមពី លោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និងមន្រ្តីជំនាញមកពីអង្គភាពផ្តល់សេវារដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)។
ក្នុងជំនួបនោះ លោក Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ុយក្រែន បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបានផ្តល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញរបស់ប្រទេសអ៊ុយក្រែន ដោយទទូលបានលទ្ធផលប្រកបដោយជោគជ័យ។ លោក Bogdan Drapiaty ក៏បានលើកឡើងដែរថា ក្នុងជំនួបនេះ គណៈប្រតិភូអ៊ុយក្រែន មានគោលបំណងស្វែងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសកិច្ចការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា។ លោក រំពឹងថានឹងអាចបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីកម្ពុជា ក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។

លោកបណ្ឌិត លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងមន្រ្តីជំនាញរបស់ប្រទេសអ៊ុយក្រែនដែលអញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានសម្តែងការស្តោកស្តាយចំពោះសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះរួមទាំងការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស និងសំណល់ជាតិផ្ទុះផ្សេងៗផងដែរ។ លោកបណ្ឌិត បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងបានអញ្ជើញរដ្ឋាភិបាលអ៊ុយក្រែន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្ម ដល់ប្រជាជន និងប្រទេសកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាច្រើន ក៏ប៉ុន្តែ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានឯកភាពជាតិ សុខសន្តិភាពពេញលេញ ជាធ្លុងមួយដ៏រឹងមាំ ដែលជាបុរេលក្ខណសំខាន់សម្រាប់សកម្មភាពមីន និងការអភិវឌ្ឍជាតិ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀត កត្តាជោគជ័យរបស់កម្ពុជាលើវិស័យសកម្មភាពមីន គឺបានមកការគាំទ្រ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ប្រកបដោយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការ និងភាពជាដៃគូពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នអាជ្ញាធរមីនជាសេនាធិការ ក្នុងការដឹកនាំសម្របសម្រួលការងារប្រចាំថ្ងៃ និងកសាងនូវគោលនយោបាយជាតិសម្រាប់វិស័យមីនទាំងមូល៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


