Connect with us

ព័ត៌មានជាតិ

ក្រុម​មន្ត្រី​ថ្នាក់ក្រោម​ប្ដឹង​ទៅ​ថ្នាក់លើ សុំ​ដក​អភិបាលស្រុក​ឆែប ដោយ​អះអាង​ថា ​គ្មាន​សមត្ថភាព​ដឹកនាំ ប្រកាន់​បក្ខពួក​បង្កជម្លោះ​ផ្ទៃក្នុង និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ

បានផុស

នៅ

ព្រះវិហារ ៖ យោង​តាម​ឯកសារ​ដែល​ផ្តល់​មក​អ្នកសារព័ត៌មាន​បាន​នៅ​រសៀល​ថ្ងៃទី​៦​ ខែមេសា​ ឆ្នាំ២០២៤​នេះ​ថា មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់​ចាប់ពី​ថ្នាក់ភូមិ​ឃុំ​ស្រុក បានដាក់​ពាក្យ​ប្ដឹង​លោក​ឡង់ សុបិន អភិបាលស្រុក​ឆែប ទៅ​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លោក អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សុំ​ដកចេញ​ពីមុខ​តំណែង ដោយ​អះអាង​ថា ​គ្មាន​សមត្ថភាព​ដឹកនាំ ប្រកាន់​បក្ខពួក​បង្កជម្លោះ​ផ្ទៃក្នុង និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​លិខិត​នោះ​បាន​ឲ្យ​ដឹង​ថា លោក​អភិបាលស្រុក​រូប​នេះ ​«​ដឹកនាំ​ប្រកាន់​បក្ខពួក បង្កជម្លោះ​ផ្ទៃក្នុង តែងតែ​ធ្វើទុក្ខបុកម្នេញ​មន្ត្រីក្រោមឱវាទ គ្មាន​ចំណេះដឹង​ផ្នែក​រដ្ឋបាល គ្មាន​សមត្ថ​ភាពជា​អ្នកដឹកនាំ ដោយ​ថែមទាំង​សហការ​ជាមួយ​(​មន្ត្រី​ចូលនិវត្តន៍​)​និង​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន​។​ ដើម្បី​យក​ដី​សប្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន មក​ជួល​ឲ្យ​ពលរដ្ឋ ដាំដំឡូង​មី ក្នុង​១​ហិកតាៗ​ជិត​១​លាន​រៀល​»​។​ នេះ​បើ​យោង​តាម លិខិត​បណ្ដឹង​ដោយ​បើកចំហ​.​របស់​មន្ត្រីក្រោមឱវាទ ដែល​បាន​គោរព​ជូន​ថ្នាក់ដឹកនាំ​។

នៅ​ក្នុង​លិខិត​នោះ​បាន​អះអាង​ថា ​«​យើងខ្ញុំ​ជា​មន្ត្រីរាជការ​នៅ​ចំណុះ​រដ្ឋបាល​ស្រុក​ឆែប ក្រុមប្រឹក្សាឃុំ​ទាំង​៨ និង ក្រុមប្រឹក្សា​ស្រុក​ឆែប ខេត្តព្រះវិហារ ពុំដែល​ទទួលបាន​នូវ​ភាព​កក់ក្តៅ សប្បាយរីករាយ ក្នុងការ​បំពេញ​កិច្ចការងារ សោះឡើយ។ ​ដោយសារតែ​លោក​អភិបាលស្រុក​រូបនេះ គឺ​តែងតែ​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​យើងខ្ញុំ​ទាំងអស់​គ្នា តាម​គ្រប់​រូបភាព​ដែល​មិន​សមជា​អ្នកដឹកនាំ គ្រប់គ្រង មាន​ពេល​ខ្លះ​ស្រែក​សំឡុត គំរាមកំហែង ស្តី​បន្ទោស​ថា​ស្រេច​តែ​ចិត្ត​គាត់ ហើយ​មិនមាន​ភាពច្បាស់លាស់ ទៅលើ​ការងាររដ្ឋបាល បញ្ជា​ឲ្យ​ធ្វើ​ការងារ តាមតែ​អារម្មណ៍​របស់គាត់​។

មន្ត្រីក្រោម​ឱវាទ​បញ្ជាក់​ថា សកម្មភាព​របស់​លោក ឡង់ សុបិន កន្លងមក​មាន​ដូច​ជា ពុំ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​មន្ត្រីក្រោមឱវាទ ក្រុម​ប្រឹក្សាឃុំ និង​ក្រុមប្រឹក្សា​ស្រុក​។ ប្រើប្រាស់​ថវិកាជាតិ​របស់​រដ្ឋបាល​ស្រុក​មិន​ត្រឹមត្រូវ កេង​ចំណេញ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ​(​ពិសេស​កញ្ចប់​លទ្ធកម្ម​)​។​មាន​អត្តចរិត​ឆេវឆាវ គ្រប់គ្រង​កំហឹង​ពុំបាន បញ្ចេញ​សម្តី​មិនល្អ​ជាមួយ​មន្ត្រី និង​ក្រុមប្រឹក្សា​។ ​សម្ដី​គ្មាន​សុជីវធម៌ សីលធម៌​ក្នុង​ភាពជា​អ្នកដឹកនាំ ពុំ​ខ្វល់ខ្វាយ​ពី​សាមគ្គីភាព​ផ្ទៃក្នុង​។ មិន​មាន​ភក្ដី​ភាពជា​អ្នកដឹកនាំ គ្មាន​ក្រមសីលធម៌ ដឹកនាំ​តាម​អារម្មណ៍​របស់ខ្លួន​។​ ធ្វើការ​អត្តនោម័ត ពុំ​ដែល​ស្តាប់​យោបល់​អ្នកណា ពិសេស​គណៈ​អភិបាលស្រុក និង​ក្រុមប្រឹក្សា​ស្រុក​។ គ្មាន​ចំណេះដឹង​ផ្នែក​រដ្ឋបាល ដឹកនាំ គ្រប់គ្រង ពុំ​សូវ​នៅ​អង្គភាព​ដោយ​ធ្វើការ​ផ្ទេរសិទ្ធិ​ជា​ញឹកញាប់ តែ​ពេល​នៅ​សាលាស្រុក​តែងតែ​តាមដាន និង ដាក់​អវត្តមាន​មន្ត្រី​កំពុងធ្វើការ ដែល​ពុំទាន់​ចុះហត្ថលេខា លើ​បញ្ជី​វត្តមាន​។​ មិន​ចេះ​លើកទឹកចិត្ត និង​យកចិត្តទុកដាក់​ពី​សុខទុក្ខរ​របស់​មន្ត្រីក្រោមឱវាទ ចេះតែ​ចាប់កំហុស រាល់​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព និង​ប្រជុំ​ប្រចាំខែ គឺ​ពុំ​មាន​របៀបវារៈ​ត្រឹមត្រូវ ច្បាស់លាស់​ក្នុង កិច្ចប្រជុំ ហើយ​តែងតែ​ស្តី​បន្ទោស​មន្ត្រី និង​បណ្តេញ​មន្ត្រី​ចេញពី​អង្គប្រជុំ​ជារឿយៗ។ មិនដែល​ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ស្រុក រយៈពេល​ជាង​មួយឆ្នាំ ហើយ​គេច​វេស​មិន​ចូលរួម វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក និង វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​។ ហើយ​មិនដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​កើត មាន​ឡើង​ក្នុងស្រុក​ឡើយ​។ បង្កើត​បក្ស​ក្នុង​បក្ស បង្ក​ទំនាស់​ផ្ទៃក្នុង បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​រវាង​ថ្នាក់លើ ថ្នាក់ក្រោម​។ បង្ក​ឱ្យមាន​ទំនាស់​ដី​ធ្លី​ជា​ញឹកញាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប ហើយ​មិន​ចូលរួម​ដោះស្រាយ​។​ បង្កើត​ចលនា​ដីធ្លី ដោយបាន​សហការ​ជាមួយ​លោក ម៉ី សោភា (​មន្ត្រី​ចូលនិវត្តន៍​) និង​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន​។

ដោយ​យក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន មិន​វិនិយោគ​លើ​ដំណាំ អំពៅ បែរ​ជា​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដំឡូង​មី​វិញ​(​នៅ​ឆ្នាំ​២០២៣ ក្នុង​១​ហិកតា​ជួល​ក្នុង​តម្លៃ ៤៥០,០០០៛ ទៅ​៦០០,០០០៛​ក្នុង​១​ហិច​តា។ ​លុះដល់​ឆ្នាំ​២០២៤​លោក ម៉ី សោភា បាន​បង្កើន​ថ្លៃ​ជួល​ដី​រហូត ដល់ ៨០០,០០០៛ ទៅ​១,០០០,០០០៛ ដើម្បី​ជួល​ឲ្យ​ប្រជាជន​ក្រៅ​ស្រុក​)​។ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ក្នុងស្រុក​ឆែប យ៉ាងធ្ងន់ធ្ងរ​បំផុត​។

លោក ម៉ី សោភា ម្ចាស់​សហគ្រាស​អឹម​ សេ​វែ​ន គឺ​បាន​រំលោភបំពាន​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ជួល​ដី ហើយ​ទាមទារ លុយ​ពី​ប្រជាពលរដ្ឋ​មុន​ការកំណត់​ជាប្រចាំ លើកខ្លួន​ជា​ស្ដេច​ក្រាញ់​ប្រចាំ​តំបន់ ដោយ​មិន​ខ្លាចរអា​ច្បាប់​ឡើយ ព្រោះ​មានការ​សហការ​ពី​អភិបាលស្រុក​។​ ជាក់​ស្តែង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ ២០២៤ បាន​ប្តឹង​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចាប់យក​ត្រាក់ទ័រ​របស់​ប្រជាពលរដ្ឋ​ចំនួន​មួយគ្រឿង ម៉ាក​គូ​បូ​តា​ពណ៌​ក្រហម​លេខ​១០៥០ ដែល​កំពុង​ភ្ជួរ​ដី​រើស​ផល​ដំឡូង​មី​ក្នុង​ដីចំការ​ដែល​បាន​ជួល​ពី​ខាង​សហគ្រាស​អឹម​សេ​វែ​ន​។

ពេល​ចុះ​ចាប់​នោះ មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចំនួន​០៣ នាក់ សន្តិសុខ​សហគ្រាស​អឹម​សេ​វែ​ន​ចំនួន​០៦​នាក់ អ្នកបកប្រែ​ចិន​ចំនួន​០១​នាក់ ដឹកនាំ​ដោយ លោក ហុង ហាំ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ចាប់យក​ត្រាក់ទ័រ​ទៅ រក្សាទុក នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​។​ ពេល​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​តែ​លោក ឡង់ សុបិន មិន​ព្រម​ចុះហត្ថលេខា លើ​ឯកសារ​សំណើ​របស់​ប្រជាពលរដ្ឋ ដោយ គ្មាន​ភាព​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន​ឡើយ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ស្រុក​។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ​កន្លងមក​(​នៅ​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ) ធ្លាប់មាន​ជន​អាណាមិក​បាន​បោះ​ត្រាក់​នៅមុខ​សាលាស្រុក​ឆែប និង​នៅមុខ​សាលាខេត្ត​ព្រះវិហារ រិះគន់ ២០២៣ អំពី​អ​សមត្ថភាព​ដឹកនាំ​របស់លោក ឡង់ សុបិន​។

បន្ទាប់មក គណៈ​ចាត់តាំង នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន កម្ពុជា​ខេត្ត​ព្រះវិហារ បាន​ចុះមក​សាកសួរ​ក្រុមប្រឹក្សា​ស្រុក និង​គណៈ​អភិបាលស្រុក ថា​តើ​អត្ថន័យ​ក្នុង​ត្រាក់​នោះ ជា​ការពិត​ដែររឺទេ​? ។​ ប៉ុន្តែ​មកទល់ពេលនេះ យើងខ្ញុំ​ពុំទាន់​បានឃើញ​ចំណាត់​ការ​ណាមួយ​ចំពោះ​បុគ្គល​នេះ​នៅឡើយ​។​

ជា​ចុងក្រោយ​មន្ត្រីក្រោមឱវាទ ស្នើ​សុំឱ្យ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មេត្តា​ដក ឬ​សម្រួល​ភារកិច្ច លោក ឡង់ សុបិន ចេញពី​អភិបាល នៃ​គណៈ​អភិបាលស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ក្ដី​អនុគ្រោះ​។

លោក ឡង់ សុបិន​អភិបាលស្រុក​ឆែប បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​០៦ ​ខែមេសា​ ឆ្នាំ​២០២៤​នេះ​ថា ការដឹកនាំ​របស់លោក គឺ​ល្អប្រសើរ ក្នុង​នោះ​រូបលោក ក៏​មិន​នឹកស្មានថា មាន​អ្នក​មិន​ពេញចិត្ត នឹង​លោក​ដែរ​។ ​លោក​បន្ត​ថា ខ្ញុំ​តែងតែ​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ជំនាញ ឬ​ការិយាល័យ​នានា ឱ្យ​អនុវត្ត​តួនាទី​ភារកិច្ច ល្អ​ដើម្បី​បម្រើ​ពលរដ្ឋ​។​ចំពោះ​រឿង ជួល​ដី​សប្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន លោក​បាន​បដិសេធថា ខ្ញុំ​មិន​ពាក់ព័ន្ធ​នោះទេ​។

ទោះជា​យ៉ាងនេះ​ក្តី​មហាជន​កំពុង​រង់ចាំ​មើលថា​តើ ថ្នាក់ដឹកនាំ​នឹងមាន​ចំណាត់​ការ​បែប​ណា​ទៅលើ​បណ្ដឹង​របស់​ក្រុមមន្ត្រី​ដែល​បាន​ប្ដឹង​លោក​អភិបាលស្រុក​ឆែប នាពេល​ថ្មីៗ​នេះ​៕

ដោយ​ ៖​ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រុម​មន្ត្រី​ថ្នាក់ក្រោម​ប្ដឹង​ទៅ​ថ្នាក់លើ សុំ​ដក​អភិបាលស្រុក​ឆែប ដោយ​អះអាង​ថា ​គ្មាន​សមត្ថភាព​ដឹកនាំ ប្រកាន់​បក្ខពួក​បង្កជម្លោះ​ផ្ទៃក្នុង និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ

ព័ត៌មានជាតិ៣៧ នាទី មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ព្រមទាំងផ្តល់អំណោយដល់ពលរដ្ឋចំនួន៦០០គ្រួសារ ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ជប៉ុន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ជូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃស្អែក​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ការយល់ដឹងពីសន្តិសុខសាយប័រ នាំឱ្យងាយស្រួលអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថលនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា៖ ចូលឆ្នាំថ្មី មានអត្ថន័យលើសពីការជួបជុំដ៏សប្បាយរីករាយ

Sokha Hotels

ព័ត៌មានពេញនិយម