ព័ត៌មានជាតិ
ក្រសួងការងារ សហការជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី មហាសង្ក្រាន្តខ្មែរ នៅកូរ៉េ
សាធារណរដ្ឋកូរ៉េ ៖ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយក្រុមការងារ ESEA រៀបចំកម្មវិធី “មហាសង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្ដមរដ្ឋមន្ត្រី អភិបាលរងក្រុងអានសាន អាណិកជនខ្មែរ ពលករ សិស្ស-និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។

ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មីជូនសហគមន៍ខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅសាធារណរដ្ឋកូរ៉េ នាពេលនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ បើទោះបីស្ថិតនៅក្រៅប្រទេសក្តី ក៏ពលរដ្ឋអាចជួបជុំចូលរួមរីករាយអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួនបាន។
កម្មវិធីមហាសង្ក្រាន្តខ្មែរនៅកូរ៉េ ដ៏អធិកអធម នាឆ្នាំនេះ ចាប់ផ្ដើមដោយពិធីសាសនា ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ផលិតផលខ្មែរជាច្រើន ជាពិសេសមានការប្រគំតន្ត្រីដោយមានការចូលរួមសម្តែងពីក្រុមសិល្បៈពីព្រះរាជាណាចក្រកម្ពុជារាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរ ប្រមាណជាង ១ ម៉ឺននាក់។

សូមបញ្ជាក់ជូនថា សាធារណរដ្ឋកូរ៉េ គឺជាទីផ្សារការងារល្អមួយ មានលក្ខខណ្ឌការងារប្រសើរ និងប្រាក់ខែខ្ពស់ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន។ ពលករដែលមានឱកាសមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាដែលបានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


