ព័ត៌មានជាតិ
ក្រោយផ្ទុះរឿងអាស្រូវក្នុងអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថ្នាក់ដឹកនាំសាម៉ីជ្រើសរើសអ្នកថ្មីជំនួស
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ត្រូវបានថ្នាក់ដឹកនាំសាម៉ីនៃអង្គភាពនគរបាលទេសចរណ៍ ប្រកាសឲ្យចូលកាន់មុខតំណែង បន្ទាប់ពីប្រធានអង្គភាពចាស់លោក ទី សុខឡែន ត្រូវបានដកចេញដោយសារការដឹកនាំមានរឿងអាស្រូវច្រើន។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត ក៏បានជំរុញដល់ប្រធានថ្មីនៃអង្គភាពនគរបាលទេសចរណ៍ ត្រូវខិតខំធ្វើកិច្ចសហការជាមួយអង្គរភាពនានាដើម្បីថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ជាមួយគ្នានេះក៏ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តឲ្យខានតែបាននូវរាល់បទបញ្ជា ផែនការណែនាំក៏ដូចជាផែនការការពារផ្សេងៗដែលថ្នាក់ដឹកនាំជាតិ ក៏ដូចជាថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពខេត្តបានដាក់ជូន។
លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសនេះ បានមានប្រសាសន៍ថា នេះជាលើកទី៥ ហើយដែលអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប បានធ្វើការតែងតាំងប្រធានអង្គភាពថ្មី ខណៈប្រធានអង្គភាពមុននេះ (លោក ទី សុខឡែន) កាន់តួនាទីបានត្រឹមរយៈពេល៨ខែប៉ុណ្ណោះ។ លោកថា ក្នុងពេល៨ខែ ការគ្រប់គ្រងអង្គភាពមួយ គឺក្តាប់មិនបានគ្រប់សភាពការណ៍ការងារនោះទេ ប៉ុន្តែដោយសារការដឹកនាំមានភាពមិនប្រក្រតីខ្លះទើបសម្រេចផ្លាស់ប្តូរចេញ។

លោកឧត្តមសេនីយ៍ ប៊ុន ដា រំពឹងថា ថ្នាក់ដឹកនាំអង្គភាពថ្មីនឹងពង្រឹងការងារ មានសាមគ្គីផ្ទៃក្នុងអង្គភាពល្អ ក៏ដូចជាសហការល្អជាមួយស្ថាប័នពាក់ព័ន្ធនានានៅក្នុងខេត្តសៀមរាប រក្សាបាននូវក្រមសីលធម៌ល្អ សំដៅលើកកម្ពស់តម្លៃកងកម្លាំងនគរបាលជាតិ ក៏ដូចជាលើកតម្លៃប្រជាទេសជាតិ ជាពិសេសខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ លោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ត្រូវបានមន្ត្រីក្រោមឱវាទ ធ្វើការស្នើសុំទៅអគ្គស្នងការនគរបាលជាតិ ដើម្បីសុំដកចេញពីតំណែង ដោយសារទង្វើររបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើអោយមាន ការរិះគន់ពីស្ថានប័នពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ និងមហាជន បណ្តាលអោយអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់មានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងថ្នាក់ដឹកនាំ ធ្វើអោយមន្ត្រីនៅក្នុងអង្គភាពបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងអស់សេចក្តីទុកចិត្តគ្រប់ៗគ្នា ។

បន្ទាប់ពីមានការស្នើសុំនេះ អគ្គស្នងការនគរបាលជាតិ បានសម្រេចដកតួនាទីរបស់លោក ទី សុខឡែន ពីប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដោយតែងតាំងលោក ប៊ឹក បូភក្រ ជំនួសវិញតែម្តង។
មហាជនសង្ឃឹមថា លោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ដែលជាប្រធានអង្គភាពថ្មី នឹងអាចដឹកនាំកងកម្លាំងមួយនេះឲ្យបានល្អប្រសើរឡើងវិញ ចៀសវាង ទំនាស់ផ្ទៃក្នុង, បើកល្បែងស៊ីសងក្នុងអង្គភាព,កឹបកេងរបបសាំងរបស់របស់ថ្នាក់លើផ្តល់ឲ្យមន្ត្រីសម្រាប់បំពេញការងារ ជាដើម៕
អត្ថបទ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


