ព័ត៌មានជាតិ
និស្សិតយល់ឃើញថា ពិព័រណ៍ការងារជួយឱ្យពួកគេមានឱកាសស្វែងរកការងារបានទូលំទូលាយ
និស្សិតកំពុងសិក្សា និងបញ្ចប់ការសិក្សាយល់ឃើញថា ការពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៤ នៅអគារ Kampus ពិតជាជួយនិស្សិតនិងយុវជនខ្មែរបានច្រើនមែនទែនក្នុងការស្វែងរកការងារធ្វើស្របតាមជំនាញពួកគេ។

កញ្ញា ផន សុខជាតា បានឱ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី៩ ខែឧសភាថា កញ្ញាបានបញ្ចប់ការសិក្សាឆ្នាំ២០១៩ សព្វថ្ងៃបម្រើការងារនៅក្រុមហ៊ុនមួយ បានមកចូលរួមកម្មវិធីតាំងពិព័រណ៍នេះ និងយល់ឃើញថា កម្មវិធីនេះល្អសម្រាប់និស្សិត និងមនុស្សដែលចង់ស្វែងរកការងារត្រូវតាមជំនាញពួកគេ។ មួយវិញទៀត និស្សិតអាចដឹងពីព័ត៌មានការងារកាន់តែច្រើន ព្រោះនិស្សិតមួយចំនួនអាចមិនសូវដឹងបានទូលំទួលាយនោះទេ ជាពិសេសនិស្សិតដែលទើបតែមករៀននៅភ្នំពេញ។ សម្រាប់កញ្ញាផ្ទាល់ ទោះបីខ្លួនកំពុងបម្រើការងារនៅក្រុមហ៊ុនមួយហើយមែន តែកញ្ញាក៏មានបំណងសាកល្បងដាក់ពាក្យនៅក្រុមហ៊ុនផ្សេងទៀតក្នុងពិព័រណ៍នេះ ប្រសិនជាមានចំណាប់អារម្មណ៍ ដើម្បីអភិវឌ្ឍន៍ និងផ្លាស់ប្តូរបទពិសោធការងារថែមទៀត។

ចំណែកកញ្ញា លី សុនីតា សិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ឆ្នាំទី២ ជំនាញ Business General Management បានឱ្យដឹងថា គោលបំណងដែលខ្លួនមកចូលរួមគឺដើម្បីស្វែងរកការងារធ្វើ ហើយក្នុងពិព័រណ៍នេះ ពិតជាមានក្រុមហ៊ុនធំៗជាច្រើនចូលរួម សម្រាប់ផ្តល់ជាជម្រើសតម្រូវតាមសមត្ថភាពរបស់ខ្លួន។ កញ្ញាបន្តថា កម្មវិធីនេះផ្តល់ឱកាសដល់និស្សិតដែលកំពុងស្វែងរកការងារច្រើន ហើយក៏មិនទាមទារបទពិសោធច្រើនដែរ។

នេះជាលើកទី១ដែលកញ្ញាបានចូលរួមការពិព័រណ៍ការងារ ដូច្នេះធ្វើឱ្យកញ្ញាប្លែកអារម្មណ៍ និងយល់ឃើញថា ផ្តល់អត្ថប្រយោជន៍ខ្លាំងមែនទែនដល់កញ្ញា រួមទាំងអ្នកកំពុងស្វែងរកការងារផង។ កញ្ញាក៏បានផ្តាំដល់និស្សិត និងសាធារណជនដែលមានបំណងស្វែងរកការងារធ្វើ អាចសាកល្បងមកទស្សនាពិព័រណ៍ការងារនេះបាន ដើម្បីទទួលបានព័ត៌មានផ្សេងៗចំពោះមុខតំណែងការងារនីមួយៗ។

រីឯ យុវជន វុទ្ធី មករា និស្សិតឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានឱ្យដឹងដូចគ្នាថា ការពិព័រណ៍នេះអាចមានឱកាសដឹងពីក្រុមហ៊ុនជាច្រើនដែលចូលរួម និងជ្រើសរើសថា តើក្រុមហ៊ុននីមួយៗមកពីណា ជ្រើសរើសបុគ្គលិកផ្នែកអ្វីខ្លះ។ ពិព័រណ៍ការងារនេះ ពិតជាជួយខ្លាំងមែនទែនសម្រាប់និស្សិតទើបតែរៀនចប់ពិបាករកការងារធ្វើ។ ជាពិសេស ការពិព័រណ៍នេះ ក៏មានការចែករំលែកបទពិសោធពីវាគ្មិនល្បីៗជាច្រើនរូបទៀត ជាឱកាសមួយធ្វើខ្លួន និងមិត្តភក្តិអាចទទួលបានចំណេះដឹងបន្ថែមទៀត។ មួយវិញទៀត សិក្ខាសាលាទាំងនេះប្រៀបដូចជាចំណេះដឹងមួយផ្នែកដែលមិនមែនក្នុងសាលា អាចឱ្យពួកគេដឹងពីរបៀបនៃការត្រៀមខ្លួនសម្រាប់រៀបចំប្រវត្តិរូបសង្ខេប និងសម្ភាសការងារផងដែរ។

សូមជម្រាបថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) មានរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៤ នាអគារ KAMPUS ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ កម្មវិធីនេះ មានក្រុមហ៊ុន សហគ្រាសធំៗ ចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួលពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ៕




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


