ព័ត៌មានជាតិ
ពលរដ្ឋស្រុកសន្ទុកប្រារព្វពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនជនរួមជាតិបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍
លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមនឹងប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ឧសភានេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ
ឧទ្ទិសកុសលជូនដល់លោកឪពុកអ្នកម្តាយ បងប្អូនជនរួមជាតិទាំងអស់ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញនូវមហាឧក្រិដ្ឋកម្មដែលបនប្រល័យពូជសាសន៍ប៉ុលពតបានបង្កឡើង
និងគុណូបការៈដ៏ធំធេងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលបានជួយរំដោះជាតិនិងប្រជាជនយើងឲ្យរួចផុតពីមហាឧក្រិដ្ឋកម្មនោះ។

លោក ស៊ុំ សន្និសិទ្ធ បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ប្រជាជនកម្ពុជាចងចាំជានិច្ចជាពិសេសប្រជាជនដែលមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ សុទ្ធតែជាជនរងគ្រោះ និងជាសាក្សីផ្ទាល់ នៃមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ
ដែលបានធ្វើឲ្យប្រជាជនយើងបាត់បង់ជីវិតអស់ជាង ៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃមហាឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងចំពោះមាតុភូមិ។
លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិជួបប្រទះគ្រោះអាសន្ននេះមានតែបក្សប្រជាជនបដិវត្តន៍ខ្មែរ បច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលកាលនោះ ទោះបីរបបបនប៉ុលពត បង្ក្រាបស្ទើររលំរលាយ
ក៏បក្សនៅតែបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិដ៏បរិសុទ្ធប្រមូលផ្តុំកម្លាំងដែលនៅសេសសល់ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអំពាវនាវសុំជំនួយពីបណ្តាប្រទេសជាមិត្ត វាយបណ្ដេញបនប្រល័យពូជសាសន៍ហើយរំដោះប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ប្រជាជនស្រុកសន្ទុក ក៏ដូចប្រជាជននៅទូទាំងប្រទេស បានថ្លែងនូវការដឹងគុណជានិច្ច ចំពោះគណបក្សប្រជាជនកម្ពុជា
ដែលបានរំដោះឲ្យមាតុភូមិ ឲ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍នេះ ដោយមានតែបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅតស៊ូ រួមសុខ រួមទុក្ខ ចែករំលែកការលំបាកជាមួយប្រជាជនដោយបានដឹកនាំឆ្លងកាត់នូវគ្រប់ពុះពារឧបសគ្គដោយដៃម្ខាងកាន់អាវុធប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍ ដៃម្ខាងទៀតស្តារ និងកសាងជីវភាពរបស់ប្រជាជន ស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមដែលត្រូវបនប៉ុលពតបំផ្លិចបំផ្លាញដល់ប្ញសគល់។

បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមម្លប់សន្តិភាព
បានធ្វើឲ្យកម្ពុជាកំពុងបោះជំហ៊ានទៅមុខ ប្រកបដោយភាពរីកចម្រើនឥតឈប់ឈរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


